- ថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:០០ នាទី ព្រឹក

ភ្នំពេញ៖ អ្នកស្រី ចក់ វ៉ាត ទទួលប្រាក់ចំណេញបានប្រមាណ៤ទៅ៥លានរៀល ពីរបរដាំឈូកយកគ្រាប់ លើផ្ទៃដី១ហិកតា នៅខេត្តកណ្ដាល។ កសិកររូបនេះ អះអាងថា ដាំឈូកគឺចំណេញជាងដាំស្រូវ។
ព័ទ្ធជុំវិញដោយស្រែ ពណ៌បៃតង តាមដងផ្លូវលំតូចៗ ក្នុងសង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ នារដូវប្រាំងនេះ មានចម្ការឈូកទំហំ១ហិកតា កំពុងដុះរីកផ្កាសុសសាយ។ ទាំងចម្ការ និងស្រែ ស្រស់ល្អបែបនេះ ក៏ព្រោះតែម្ចាស់ចម្ការតែបូបទឹកដាក់ ជាប្រចាំ។
ក្នុងសម្លៀកបំពាក់អាវយឺតដៃវែងពណ៌ក្រហម និងពាក់មួកអំបោះចាក់ពណ៌លឿង ឈរក្បែរផ្លូវលំតូច សម្លឹងទៅឈូកនោះ ជាអ្នកស្រី វ៉ាត។ ការងារដាំឈូក ត្រូវមើលថែទាំជាប្រចាំដូចទៅនឹងការដាំស្រូវផងដែរ។ ដូចជា៖ បូបទឹកដាក់នារដូវប្រាំង បាញ់ថ្នាំដង្កូវ និងប្រឈមកណ្ដុរ ស៊ីគ្រាប់ឈូក…។ ដូច្នេះ ទើបកសិកររូបនេះ តែដើរពិនិត្យមើលចម្ការជារៀងរាល់ថ្ងៃ។
ស្ត្រីសម្បុរស្រអែមរូបនេះ ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ ពីការថែទាំឈូកបែបនេះថា៖ «បើឃើញដើរមើលឃើញមានកណ្ដុរចុះស៊ីឈូក យប់ឡើងយើងនឹងមកដាក់អន្ទាក់ចាប់វា។ បើមានដង្កូវឡើង ក៏បាញ់ថ្នាំ ដូចតែស្រូវដែរហ្នឹង! គ្រាន់តែដាំឈូកស្រួលជាស្រូវ ត្រង់មួយឆ្នាំយើងដាំតែម្ដង ប្រមូលផលបានច្រើនដងពី៤ទៅ៥ដង»។
ដាំឈូកយកគ្រាប់នេះ អ្នកស្រី វ៉ាត ប្រើពេលជាង៣ខែប៉ុណ្ណោះ អាចប្រមូលផលបានហើយ ដោយក្នុងមួយលើក អាចប្រមូលផលបានប្រមាណ៣០០គីឡូក្រាម។ ចំណែក ទីផ្សារ ឈ្នួលទៅទិញដល់ផ្ទះ ក្នុងតម្លៃ៤០០០ទៅ៨០០០រៀល។ បើតាមម្ចាស់ចម្ការរូបនេះ តម្លៃគ្រាប់ឈូកទុំ ក្នុងខែមីនា ឡើងដល់ជិត៨០០០រៀល ដោយសារពុំសូវមានអ្នកដាំ។
កសិករ ដែលមានបទពិសោធដាំឈូកយកគ្រាប់ជាង៧ឆ្នាំ រូបនេះបានបញ្ជាក់បន្ថែមថា៖ «តម្លៃឡើងខ្ពស់ក៏ដោយសារ ប៉ុន្មានខែមុន ធ្លាក់ខ្យល់ខ្លាំង ធ្វើឱ្យឈូកមិនសូវបានផល ទើបឈូកឆ្នាំនេះឡើងថ្លៃខ្ពស់»។
ផ្ទៃដីមួយហិកតានេះ អ្នកស្រីពុំបានជួលកម្លាំងពលកម្មឡើយ ដោយដាំដុះ បាញ់ថ្នាំសត្វល្អិត និងប្រមូលផល តែពីរនាក់ប្ដីប្រពន្ធប៉ុណ្ណោះ។ ដីចម្ការនេះ អ្នកស្រីជួល តម្លៃ៧០ម៉ឺនរៀលក្នុងមួយឆ្នាំ។
យ៉ាងណាក៏ដោយ អ្នកស្រីនិងសា្វមី សុទ្ធតែអះអាងពីដាំឈូកបានផលជាងធ្វើស្រែ។ អ្នកស្រី វ៉ាត លើកឡើងបែបនេះ៖ «ទូទាត់ថ្លៃជួលដី ថ្នាំបាញ់ ភ្ជួរដី និងចំណាយផ្សេងៗទៀត យើងសល់បាន៤ទៅ៥លានរៀល ក្នុងមួយឆ្នាំ ឬអាចច្រើនជាងនេះ។ អ៊ីចឹង បានយើងដាំឈូក ហើយបើធ្វើស្រែវិញ! តម្លៃស្រូវថោកជាងឈូក ។ ស្រូវតម្លៃតែ៧០០ទៅជាង១០០០រៀលប៉ុណ្ណោះ»។
ទន្ទឹមនឹងនេះ ពេលមានរដូវបុណ្យទាន ម្ចាស់ចម្ការរូបនេះ អាចរកចំណូលបាន បន្ថែម ពីការលក់ផ្កាឈូក។ យ៉ាងណាក៏ដោយ ប្រភេទឈូកដែលអ្នកស្រី វ៉ាតដាំដុះនោះ គឺជាឈូកសម្រាប់យកផ្លែ រីឯឈូកសម្រាប់ដាំលក់ផ្កា គឺមានពូជផ្សេង។
អ្នកស្រី ចក់ វ៉ាត បានបញ្ជាក់ថា ដាំឈូកយកផ្លែបានផលចំណេញ ជាងដាំឈូកយកផ្កាលក់ ព្រោះទីផ្សារផ្កាឈូកពុំសូវបានតម្លៃខ្ពស់៕