លោក ត្រាំ មិនបដិសេធលទ្ធភាពនៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់អាម៉េរិក
  • ថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៣០ នាទី ព្រឹក
លោក ត្រាំ មិនបដិសេធលទ្ធភាពនៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់អាម៉េរិក
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ។ រូបភាព ៖ AFP

លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនច្រានចោលលទ្ធភាពនៃការធ្លាក់ចុះសេដ្ឋកិច្ចអាម៉េរិក និងការកើនឡើងអតិផរណានៅឆ្នាំនេះទេ ដោយសារតែពន្ធគយរបស់លោកបានដាក់ប្រទេសនានាប៉ះពាល់ដល់ទីផ្សារ។

TTN-Free-Banner-In-Article-PC

នៅក្នុងបទសម្ភាសមួយនៅលើទូរទស្សន៍ Fox News នៅថ្ងៃទី៩ ខែមីនា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្យាករថា វានឹងត្រូវការពេលវេលាសម្រាប់គោលនយោបាយសេដ្ឋកិច្ចរបស់លោក ដើម្បីចូលជាធរមាន។ នៅ​ពេល​សួរ​ថា​តើ​លោក​គិត​ថា​នឹង​មាន​វិបត្តិ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​នេះ​ឬ​អត់​នោះ ប្រធានាធិបតីអាម៉េរិករូបនេះមិនបាន​បដិសេធនោះ​ទេ។

«ខ្ញុំស្អប់ការប៉ាន់ស្មានលើរឿងបែបនេះ។ វានឹងមានសម័យអន្តរកាលមួយ ព្រោះយើងកំពុងធ្វើរឿងដ៏អស្ចារ្យ។ យើងកំពុងនាំយកភាពរុងរឿងត្រឡប់ទៅអាម៉េរិកវិញ។ នោះជាមហិច្ចតាដ៏ធំ។ ការឈានទៅដល់ចំណុចនោះតែងតែត្រូវការរយៈពេលអន្តរកាល វានឹងចំណាយពេលបន្តិច ប៉ុន្តែខ្ញុំគិតថាវានឹងល្អសម្រាប់យើង»។ លោក ត្រាំ បានបញ្ជាក់បែបនេះ។

នៅពេលសួរថាតើលោកគិតថា ពន្ធគយដែលអាម៉េរិកកំពុងដាក់លើការនាំចូល នឹងបង្កឱ្យមានអតិផរណាឬយ៉ាងណានោះ លោក ត្រាំ បានឆ្លើយតបថា ៖« អ្នកអាចយល់បាន ក្នុងពេលនេះ អត្រាការប្រាក់កំពុងធ្លាក់ចុះ»។

ក្នុងដំណើរត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនពីកន្លែងកម្សាន្ត Mar-a-Lago នៅថ្ងៃដដែលនោះ លោក ត្រាំ បានពន្យល់ដល់អ្នកសារព័ត៌មានថា លោកមិនបានបដិសេធលទ្ធភាពនៃវិបត្តិសេដ្ឋកិច្ចរបស់អាម៉េរិកនោះទេ។ លោក​សង្កត់ធ្ងន់​ថា ៖«ពិត​ណាស់ ខ្ញុំ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ឆ្លើយ​សំណួរ​នោះ តើ​នរណា​ដឹង​ថា​វា​នឹង​កើត​ឡើង​ឬ​អត់?»។

ការទទួលស្គាល់របស់ប្រធានាធិបតី ត្រាំ ថាសេដ្ឋកិច្ចអាម៉េរិកនឹង«ត្រូវការពេលវេលា» មុនពេលគោលនយោបាយរបស់លោកចូលជាធរមាន គឺផ្ទុយនឹងសេចក្តីថ្លែងការណ៍ពីកន្លងមក ដែលលោកតែងតែងអះអាងថា គោលនយោបាយរបស់លោកកំពុងបង្កើត«អត្ថប្រយោជន៍ សម្រាប់អ្នកបោះឆ្នោត និងអាជីវកម្មអាម៉េរិក»។

វាក៏ផ្ទុយនឹងការធានារបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក លោក Howard Lutnick នៅក្នុងបទសម្ភាសកាលពីថ្ងៃទី៩ ខែមីនា លើ NBC ថា សេដ្ឋកិច្ចអាម៉េរិកមិនប្រឈមនឹងហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចនោះទេ។

ធនាគារកណ្តាល Atlanta ដែលជាធនាគារមួយក្នុងចំណោមធនាគារក្នុងតំបន់ចំនួន១២ ដែលបង្កើតជាធនាគារកណ្តាលអាម៉េរិកកាលពីសប្តាហ៍មុនបានព្យាករថា សេដ្ឋកិច្ចកំពុងស្ថិតនៅលើផ្លូវសម្រាប់ការធ្លាក់ចុះសេដ្ឋកិច្ចក្នុងត្រីមាសទី១ ដោយបង្កើនការព្រួយបារម្ភថាវិបត្តិសេដ្ឋកិច្ចអាចប៉ះពាល់ដល់សេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោក ប្រសិនបើទស្សនវិស័យបន្តធ្លាក់ចុះ និងធ្វើឱ្យទីផ្សារភាគហ៊ុនកាន់តែយ៉ាប់យ៉ឺន។

នៅឆ្នាំ២០១៨ អំឡុងអាណត្តិដំបូង លោក ត្រាំ បានប្រកាសថា «សង្រ្គាមពាណិជ្ជកម្មគឺល្អនិងងាយស្រួលក្នុងការឈ្នះ»។ 

ទោះជាយ៉ាងណា នៅថ្ងៃទី៩ ខែមីនា ប្រធានាធិបតីអាម៉េរិកបានប្រុងប្រយ័ត្ននៅពេលនិយាយអំពីអត្ថប្រយោជន៍ដែលគោលនយោបាយរបស់លោកនាំមកនូវសេដ្ឋកិច្ចអាម៉េរិក និងស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាជន។

ជាមួយនឹងគោលនយោបាយ «America First»  របស់លោក ត្រាំ ភ្លាមៗបន្ទាប់ពីចូលកាន់តំណែងបានប្រកាសថា លោកនឹងអនុវត្តពន្ធថ្មីលើទំនិញពីប្រទេសមួយចំនួន ជាពិសេសដៃគូពាណិជ្ជកម្មធំៗចំនួនបីគឺ ចិន កាណាដា និងម៉ិកស៊ិក។ យ៉ាងណាមិញ លោកក៏បានផ្លាស់ប្តូរជាបន្តបន្ទាប់នូវកាលបរិច្ឆេទដែលអត្រាពន្ធថ្មីនឹងចូលជាធរមាន និងដាក់លក្ខខណ្ឌបន្ថែមលើប្រទេសនានា៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង