លោក អួន ស៊ីឡុត បារម្ភថា«ភ្លៀង» អាចទាញទម្លាក់ទិន្នផលស្វាយចន្ទីឆ្នាំនេះ
- ថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១:៥៩ នាទី រសៀល

ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បារម្ភពីការថយចុះទិន្នផលស្វាយចន្ទី បន្ទាប់ពីមានភ្លៀងធ្លាក់ប៉ុន្មានមេ ធ្វើឱ្យផ្កាចន្ទីក្នុងចម្ការរបស់លោកជ្រុះច្រើន។ សមាគម កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ និងបានណែនាំឱ្យកសិករត្រៀមការពារសត្វល្អិត និងជំងឺ។

លោក អួន ស៊ីឡុត បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី១១ ខែមីនានេះថា ការអូសបន្លាយនៃអាកាសធាតុត្រជាក់ក្នុងរដូវប្រាំងឆ្នាំ ២០២៥នេះ បានធ្វើឱ្យចន្ទីគាំងក្ដឹប។ បន្ថែមពីលើនោះ បរិមាណទឹកភ្លៀង ក៏កំពុងធ្វើឱ្យផ្កាចន្ទីក្នុងចម្ការរបស់លោកនៅឯខេត្តកំពង់ធំ ជ្រុះប្រហែល៥០ភាគរយផងដែរ។
ករណីភ្លៀងគ្របដណ្ដប់ទូទាំងប្រទេស ទិន្នផលស្វាយចន្ទីនឹងអាចធ្លាក់ចុះច្រើន។ ប្រសិនបើ រដូវវស្សាចូលមកលឿនក្នុងខែឧសភា ដូចការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម ដំណាំចន្ទីនឹងបាត់ផល ៣០ភាគរយ ហើយគុណភាពគ្រាប់កាន់តែយ៉ាប់យឺន។ នេះជាការព្រួយបារម្ភរបស់ លោក អួន ស៊ីឡុត ដោយអះអាងថា សមាគមស្វាយចន្ទីកម្ពុជា កំពុងតាមដានហានិភ័យអាកាសធាតុ ជាមួយកសិករគ្រប់បណ្ដាខេត្ត និងបានណែនាំឱ្យពួកគេត្រៀមការពារសត្វល្អិត និងជំងឺ។
លោក ប្រាប់ដូច្នេះថា៖«មានការប៉ះពាល់ច្រើន សូម្បីតែចម្ការខ្ញុំ! ព្រោះថា ភ្លៀងមួយមេធំកាលពីប៉ុន្មានថ្ងៃមុនហ្នឹង បានធ្វើឱ្យជ្រុះផ្កាប្រហែល៥០ភាគរយ។ ហេតុនេះ យើងកំពុងបារម្ភចំពោះការធ្លាក់ចុះទិន្នផល។ ប៉ុន្តែ មកទល់ពេលនេះ នៅមិនទាន់ដឹងថា ភ្លៀងធ្លាក់តែតំបន់ខ្ញុំ (ខេត្តកំពង់ធំ) ឬនៅទូទាំងប្រទេសនៅឡើយទេ។ យ៉ាងណា បើសិន ភ្លៀងទូទាំងប្រទេស ផលនឹងអាចថយចុះច្រើន ដូច្នេះ យើងកំពុងតាមដាន និងសួរនាំកសិករតាមបណ្ដាខេត្តផ្សេងទៀត»។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។ រូបភាព៖ សែម វណ្ណា
ទឹកភ្លៀង អាចបង្កើតឱ្យមានសត្វល្អិតច្រៃលឿន ដ្បិតសំណើមខ្ពស់ សត្វល្អិតញាស់លឿន ជាពិសេស ពពួកមូសតែ, ទ្រីប, ដង្កូវបំផ្លាញផ្កា និងក្តឹប, ដង្កូវចោះផ្កា, ដង្កូវរុំផ្កា, ដង្កូវកាត់ផ្កា, ដង្កូវកកេរក្តឹប និងដង្កូវចោះផ្លែ ជាដើម។ លើសពីនេះ ទឹកភ្លៀង ក៏ធ្វើឱ្យកើតឡើងនូវប្រភេទជំងឺជាច្រើន ដូចជា ជំងឺកើតឡើងច្រើនលើផ្កា ក្តឹប និងគ្រាប់, អង់ត្រាក់ណូសលើទង ផ្កា ក្តឹបតូចៗ និងផ្លែ, រលាកកញ្ចុំផ្កា និងជំងឺស្រេស្ត ដែលនាំឲ្យរោយផ្កា ជ្រុះក្លឹប ផងដែរ។
បញ្ហាជំងឺ និងសត្វល្អិតនេះ អាចធ្វើឱ្យទិន្នផលស្វាយចន្ទីធ្លាក់ចុះពី ១០ទៅ៣០ភាគរយ ប្រសិនបើគ្មានវិធានការការពារ ឬទប់ស្កាត់ទាន់ពេលវេលា។ នេះបើតាមសមាគមស្វាយចន្ទី ដោយណែនាំឱ្យកសិករ ត្រួតពិនិត្យចម្ការឱ្យបានជាប់ជាប្រចាំ។ ក្នុងករណី រកឃើញសត្វល្អិត និងជំងឺ ត្រូវកម្ចាត់ និងព្យាបាលឱ្យទាន់ពេលវេលា ឬជ្រើសរើសការប្រឹក្សាយោបល់ជាមួយអ្នកជំនាញកសិកម្ម។ សមាគមស្វាយចន្ទីកម្ពុជា លើកទឹកចិត្តដល់កសិករអនុវត្តវិធានការសរីរាង្គដែលជាជម្រើសដ៏ល្អ ដើម្បីទប់ទល់ការប្រែប្រួលអាកាសធាតុ។
លោក អួន ស៊ីឡុត បន្ថែមថា៖«នៅពេលមានភ្លៀងធ្លាក់នៅរដូវផ្កា និងផ្លែនេះ គឺមានបញ្ហាច្រើនណាស់ ព្រោះវាអាចធ្វើឱ្យផ្កាខូច ហើយក្ដឹបវិញឡើងផ្សិត ដែលនាំឱ្យស្វិតជ្រុះ។ ចំពោះ ផ្លែដែលទុំ វានឹងឡើងខ្មៅ ហើយធ្វើឱ្យសាច់ក្នុងគ្រាប់ហ្នឹង មិនពេញល្អនោះទេ»។
បច្ចុប្បន្ន គ្រាប់ស្វាយចន្ទីសើម មានតម្លៃចន្លោះពី៤៤០០ទៅ៥៤០០៛ ក្នុងមួយគីឡូក្រាម។ លោក អួន ស៊ីឡុត យល់ថា តម្លៃនៅពេលនេះ មានល្អភាពប្រសើរ ប៉ុន្តែ ប្រសិនគ្រាប់ស្វាយចន្ទី ខូចគុណភាពដោយសារបញ្ហាអាកាធាតុ នឹងអាចទាញទម្លាក់តម្លៃនៅពេលខាងមុខ។
យោងតាមការព្យាកររបស់ ក្រសួងធនធានទឹក និងឧតុនិយម បរិមាណទឹកភ្លៀងក្នុងរដូវប្រាំងឆ្នាំ២០២៥ មានកម្រិតប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ ប៉ុន្តែ ភ្លៀងកក់ខែ មានកម្រិតពីមធ្យមទៅច្រើន និងច្រើនជាងឆ្នាំ២០២៤។ ចំពោះ រដូវវស្សា អាចនឹងចាប់ផ្ដើមនៅក្នុងសប្ដាហ៍ទី១ឬសប្ដាហ៍ទី២នៅខែឧសភា ដែលលឿនជាងឆ្នាំ២០២៤។ បរិមាណទឹកភ្លៀងក្នុងរដូវវស្សា មានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។
នៅឆ្នាំ២០២៤ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ប្រទេសវៀតណាមចំនួន ៧៩៣ ៤៥៣តោន ដែលគិតជាទឹកប្រាក់ ១១ ៥០លានដុល្លារ។ នេះបើតាមសមាគមស្វាយចន្ទីកម្ពុជា៕
អត្ថបទទាក់ទង
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: