លោក កែវ សារ៉េត៖ លោក Koji មានរបៀបដឹកនាំហ្មត់ចត់ ទើប FFC តែងតាំងជាគ្រូពេញសិទ្ធិ
- ថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៣:០៥ នាទី រសៀល

រូបភាព៖ FFC
លោក Koji Gyotoku ក្លាយជាគ្រូពេញសិទ្ធិក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងកិច្ចសន្យារយៈពេល ១ឆ្នាំ។ បើតាមការបញ្ជាក់របស់លោកកែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) គ្រូបង្វឹកជប៉ុន មានគុណសម្បត្តិ និងមានការដឹកនាំហ្មត់ចត់ ក្នុងចំណោមបេក្ខភាពគ្រូលំដាប់ខ្ពស់ផ្សេងទៀត សម្រាប់តំណែងគ្រូបង្គោលគោព្រៃកម្ពុជា។

FFC នៅថ្ងៃទី១០ ខែមីនា បានប្រកាសតែងតាំងលោក Koji Gyotoku ជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ជាផ្លូវការ ក្រោយដឹកនាំក្នុងនាមជាគ្រូបណ្តោះអាសន្ន ជំនួសលោក Felix G.Dalmas ពីខែកញ្ញា ឆ្នាំ ២០២៤មក។ គ្រូបង្វឹកសញ្ជាតិជប៉ុន បានផុតកិច្ចសន្យាក្នុងនាមជាគ្រូបណ្តោះអាសន្ន ក្រោយបញ្ចប់យុទ្ធនាការ AFF Cup ឆ្នាំ ២០២៤។
លោក កែវ សារ៉េត អគ្គលេខាធិការ FFC បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ការតែងតាំងលោក Koji ជាគ្រូពេញសិទ្ធិ ធ្វើឡើងក្រោយមានការពិភាក្សាគ្នាពីគណៈកម្មាការប្រតិបត្តិ FFC ដោយយោងតាមសមិទ្ធផលការងារជាគ្រូថ្នាលផង និងគ្រូឈុតធំបណ្តោះអាសន្នរយៈប៉ុន្មានខែចុងក្រោយផង។
«ការដឹកនាំរបស់លោក Koji នៅជើងឯកអាស៊ាន គឺគាត់ដឹកនាំបានល្អ។ នេះមិនមែនយើងមើលតែលទ្ធផលមួយមុខនោះទេ តែយើងបានពិនិត្យលើការគ្រប់គ្រង របៀបដឹកនាំក្រុមដ៏ហ្មត់ចត់របស់គាត់»។ នេះជាការបញ្ជាក់របស់លោក កែវ សារ៉េត ដោយបន្ថែមថាគណៈកម្មាការប្រតិបត្តិ បានសង្កេតគ្រូសញ្ជាតិជប៉ុនរូបនេះ និងបានប្រៀបធៀបទៅបេក្ខភាពគ្រូផ្សេងទៀតទាំងក្នុងស្រុក និងក្រៅស្រុក មុនសម្រេចចុះកិច្ចសន្យារយៈពេលមួយឆ្នាំ។

លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
មូលហេតុផ្សេងទៀត ដែល FFC ជ្រើសយកលោក Koji ដ្បិតក្រុមជម្រើសជាតិកម្ពុជាសព្វថ្ងៃនៅមានកម្រិត ដូច្នេះសហព័ន្ធមិនអាចមើលឆ្ងាយទៅដល់គ្រូលំដាប់ខ្ពស់ពេក ដែលមានថ្លៃពលកម្មខ្ពស់មកដឹកនាំក្រុមនោះឡើយ។ ត្រង់ចំណុចនេះ អគ្គលេខាធិការ FFC លើកឡើងថា៖«ទាំងថ្នាក់ដឹកនាំ ទាំងគណៈកម្មាការប្រតិបត្តិ FFC មិនទាន់មើលឆ្ងាយលើសពីសមត្ថភាពក្នុងការយកគ្រូពីអឺរ៉ុប ឬគ្រូកម្រិតខ្ពស់ ដែលប្រាក់ខែថ្លៃៗមកដឹកនាំនោះទេ។ អ៊ីចឹងយើងមើលត្រឹមធុនកណ្តាលដែលសមនឹងសមត្ថភាពរបស់យើង»។
មួយវិញទៀត ជុំវិញការផ្តល់កិច្ចសន្យាត្រឹម១ឆ្នាំ ដោយសារ FFC ងាយស្រួលក្នុងការពិនិត្យមើលលើការដឹកនាំក្រុមរបស់លោក Koji។ ប្រសិនបើមានការដឹកនាំល្អ សហព័ន្ធនឹងបន្តកិច្ចសន្យាបន្ថែម។ ផ្ទុយទៅវិញ ដោយសារនយោបាយបញ្ចូលកីឡាករបរទេសមកក្នុងក្រុមជម្រើសជាតិរបស់ FFC ទទួលបានផ្លែផ្កានិងសម្បូរធនធានកីឡាករល្អ ហើយត្រូវការគ្រូបរទេសកម្រិតខ្ពស់មកដឹកនាំ នោះក៏នឹងអាចមានគ្រូថ្មីមកជំនួសលោក Koji នៅឆ្នាំ ២០២៦ ផងដែរ។
នៅពេលត្រូវមានភារកិច្ចដឹកនាំក្រុមឈុតធំ និង U23 ដូច្នេះការងារដឹកនាំក្រុមយុវជនថ្នាលនៅសាលាជាតិបាទីរបស់លោក Koji នឹងត្រូវមានអ្នកជំនួស។

គ្រូកម្ពុជា ពីររូប និងបរទេសពីររូបដែលទទួលបានពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នឹងត្រូវមើលការខុសត្រូវក្រុមយុវជនកម្ពុជាជំនួសលោក Koji។ លោកកែវ សារ៉េត មិនទាន់បញ្ជាក់ពីសមាសភាពគ្រូកម្ពុជាពីររូបនោះទេ ស្របពេលគ្រូពី FIFA មានបារាំង និងជប៉ុន។ យ៉ាងណាក៏ដោយ លោក Koji មិនប្រលែងដៃទាំងស្រុងពីក្រុមថ្នាលនោះទេ ដោយលោកនៅតែមើលការខុសត្រូវក្នុងនាមជាទីពឹក្សា ដ្បិតកាងារក្នុងក្រុមឈុតធំមិនសូវរវល់ច្រើន។
គ្រូបង្វឹកសញ្ជាតិជប៉ុន វ័យ៥៩ឆ្នាំ ដែលផុតកិច្ចសន្យាក្នុងនាមជាគ្រូបង្វឹកក្រុមឈុតធំបណ្តោះអាសន្ន ក្រោយបញ្ចប់យុទ្ធនាការ AFF Cup ឆ្នាំ ២០២៤ បានដឹកនាំគោព្រៃកម្ពុជា ធ្លាក់ចេញពីការប្រកួតពានរង្វាន់ប្រចាំតំបន់អាស៊ាន ត្រឹមវគ្គសន្សំពិន្ទុ ដោយបញ្ចប់ចំណាត់ថ្នាក់លេខ៤ ក្នុងពូល A បន្ទាប់ពីថៃ ហ្វីលីពីន និងម៉ាឡេស៊ី។
ប៉ះវៀតណាមម្ចាស់ជើងឯក AFF Cup នៅថ្ងៃទី១៩ ខែមីនា ជាការជួបគ្នាលើកដំបូងរបស់កម្ពុជា ក្រោយខនខាន ៤ឆ្នាំ។ ជំនួបលើកចុងក្រោយ វៀតណាម ឈ្នះ កម្ពុជា ៤-០ ក្នុងវគ្គចែកពូល AFF Cup ឆ្នាំ ២០២០ (ដែលធ្វើឡើងក្នុងខែធ្នូ ឆ្នាំ ២០២១)។
បន្ទាប់ពីជួបវៀតណាមនៅកីឡដ្ឋាន Go Dau កម្ពុជាត្រូវទទួលភ្ញៀវ អារូបា នៅថ្ងៃទី២៥ ខែមីនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: