សម្តេច ហ៊ុន ម៉ាណែត លុបគម្រោងវិនិយោគនៅខ្នងផ្សារ ទុកឱកាសឱ្យសហគមន៍
  • ថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ល្ងាច
សម្តេច ហ៊ុន ម៉ាណែត លុបគម្រោងវិនិយោគនៅខ្នងផ្សារ ទុកឱកាសឱ្យសហគមន៍

ភ្នំពេញ៖ សម្តេច ហ៊ុន​ ម៉ាណែត​ បានធ្វើដំណើរថ្មើរជើងឡើងខ្នងផ្សារ ជាមួយរដ្ឋមន្រ្តីទេសចរណ៍ រដ្ឋមន្រ្តីបរិស្ថាន និងអភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៨ ខែមីនាកន្លងទៅ។ ដំណើរលើកដំបូងនេះ សម្ដេច បានឃើញទេសភាពយ៉ាងស្រស់ត្រកាលលើភ្នំខ្នងផ្សារ នារដូវប្រាំង។ ប្រមុខរដ្ឋាភិបាល ចាត់ទុកភ្នំខ្នងផ្សារជាតំបន់សក្តានុពល ដោយមិនឱ្យមានការវិនិយោគពីវិស័យឯកជនឡើយ ពោលគឺទុកឱកាសឱ្យសហគមន៍រកចំណូល។
TTN-Free-Banner-In-Article-PC

 
ក្នុងដំណើរឡើងខ្នងផ្សាររបស់សម្តេច ហ៊ុន ម៉ាណែត នោះ មានការចូលរួមពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ,លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមទាំង លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ដើម្បីរួមគ្នាគិតពីការជួយលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិនៅតំបន់នេះ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។
 
ក្រោយសិក្សាពីសក្តានុពលនៃភ្នំខ្នងផ្សារ ខេត្តកំពង់ស្ពឺ សម្ដេចនាយករដ្ឋមន្ត្រី គ្រោង​រៀបចំបុណ្យភ្នំ ស្របពេលកម្ពុជា មាន​បុណ្យសមុទ្រ និងបុណ្យទន្លេ។ ជាមួយគ្នានេះ សម្តេច បានលុបការវិនិយោគឯកជនជាច្រើន នៅខ្នងផ្សារ មិនថា ការអភិវឌ្ឍផ្លូវបេតុង ឬរីសតឡើយ។
 
សម្តេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់បែបនេះ​៖ «ពេលយើងពិនិត្យជាក់ស្តែង វាអត់សមស្រប។ ទុកកន្លែងហ្នឹង ឱ្យសហគមន៍ធ្វើទៅ។​ប្រសិនបើសហគមន៍មិនមានសមត្ថភាពធ្វើការ គឺត្រូវបង្រៀនសហគមន៍ឱ្យចេះរកស៊ី។ កុំធ្វើការជំនួសសហគមន៍។ កុំធ្វើការជំនួសសហគមន៍ ត្រូវបង្រៀនសហគមន៍ឱ្យចេះរកស៊ី និង​កុំត្រឹមបង្កើតការងារ។ កន្លែងណាសហគន៍គាត់ចេះរកស៊ី ត្រូវបង្រៀនគាត់​​ ជួយគាត់បង្កើនសមត្ថភាពឱ្យចេះធ្វើធុរកិច្ច។»។

បើតាមប្រមុខរាជរដ្ឋាភិបាល តំបន់ទេសចរណ៍ភ្នំខ្នងផ្សារ ត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ តែវិនិយោគឱ្យចំគោលដៅតែម្តង ចៀសវាងវិនិយោគខុស ដែលនាំឱ្យខាតលុយ។

ទន្ទឹមនឹងនេះអ្នកពាក់ព័ន្ធ ត្រូវគាំទ្ររៀបចំបន្ទប់ទឹក ទីតាំងលក់ជាដើម។​ ចំណែកវិស័យឯកជន និងសហគមន៍ ត្រូវបង្កើតកញ្ចប់សេវាកម្មទេសចរណ៍ និងបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចឱ្យបានល្អ។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត។

សម្ដេច បានសង្កត់ធ្ងន់ថា ការវិយោគចំគោលដៅ នឹងជួយឱ្យប្រជាសហគមន៍ ផ្លាស់ប្តូរជីវភាព ក្រោយទទួលបានទេសចរច្រើន។ ជាពិសេសជួយពលរដ្ឋ ឱ្យ​ប្តូរពីរបរកាប់ឈើ​​ ទៅជាអ្នកនាំផ្លូវ បម្រើសេវាកម្មទេសចរណ៍វិញ។  «គោលដៅដ៏ធំ គឺសហគមន៍ អាចរកចំណូលកាន់តែច្រើន»។ ប្រមុខរាជរដ្ឋាភិបាលបន្ថែមដូច្នេះ។

តំបន់ទេសចរណ៍ «ខ្នងផ្សារ»  ជាទីទេសចរណ៍ធម្មជាតិឡើងភ្នំមួយ ដែលស្ថិតនៅជាប់ព្រំដែនរវាងខេត្តកំពង់ស្ពឺ និងកោះកុង។ «ខ្នងសំពៅ»ជាភ្នំមួយ ក្នុងចំណោមភ្នំដទៃទៀតនៅទីនេះ ហើយទេសចរក៏និយមបោះតង់សម្រាក នៅភ្នំនេះ។ ដោយទេសចរច្រើនទៅលេង អាជ្ញាធរក៏បានរៀបចំជាបន្ទប់ទឹកអនាម័យ ដើម្បីអាចឱ្យទេសចរអាចងូតទឹក និងបន្ទោរបង់បាន៕

អ្នកសរសេរអត្ថបទ

កញ្ញា ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ហេង ស្រីលីន