នីតិវិធីដាក់ពាក្យបណ្ដឹង និងដោះស្រាយបណ្ដឹង សម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគិនបរទេស
  • ថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៥:០៩ នាទី ល្ងាច
នីតិវិធីដាក់ពាក្យបណ្ដឹង និងដោះស្រាយបណ្ដឹង សម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគិនបរទេស
លោក ស ថេត អគ្គស្នងការនគរបាលជាតិ។ រូបពី ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ បែបបទ នៃការទទួលពាក្យបណ្ដឹង និងដោះស្រាយបណ្ដឹង សម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគ គឺតម្រូវឱ្យសាមីបណ្ដឹងសរសេរដោយខ្លួនឯង ហើយសមត្ថកិច្ច នឹងទៅពិនិត្យកន្លែងកើតហេតុ។ ​នេះបើតាមសេចក្ដីណែនាំ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
TTN-Free-Banner-In-Article-PC


លោក ស ថេត អគ្គស្នងការនគរបាលជាតិ បានចេញលិខិតណែនាំនេះ ដោយសង្កេតឃើញ ភ្ញៀវទេសចរ និងវិនិយោគិន មួយចំនួនតូច ទទួលរងគ្រោះ ដោយសារហេតុការណ៍ ឬឧប្បត្តិហេតុចៃដន្យផ្សេងៗ នៅកម្ពុជា។ ករណីនេះ ទាមទារឱ្យសមត្ថកិច្ច ជួយដោះស្រាយ និងសង្គ្រោះឱ្យទាន់ពេល។

ដូច្នេះ ដើម្បីមាននីតិវិធី ជាមូលដ្ឋានច្បាស់លាស់ ពាក់ព័ន្ធនឹងកំណត់ហេតុការណ៍ ឬឧប្បត្តិហេតុ អគ្គស្នងការនគរបាលជាតិ បានណែនាំពីរបៀបនៃការទទួលពាក្យបណ្ដឹង, ការដោះស្រាយពាក្យបណ្ដឹង, សិទ្ធិក្នុងការចេញលិខិតបញ្ជាក់ទទួលស្គាល់ពាក្យបណ្ដឹងនិងលិខិតបដិសេធពាក្យបណ្ដឹង និងបែបបទភ្ញៀវទេសចរ និងអ្នកវិនិយោគិនបរទេស។ 

សម្រាប់​ ការងារទទួលពាក្យបណ្តឹង ភ្ញៀវទេសចរ និងអ្នកវិនិយោគិនបរទេស ដែលមានបំណងដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ច ត្រូវសរសេរពាក្យបណ្តឹងដោយផ្ទាល់ តាមរយៈសំណេរផ្ទាល់ដៃ ឬកុំព្យូទ័រ។ ក្នុងពាក្យបណ្ដឹង ចាំបាច់មានថ្ងៃ ខែ ឆ្នាំ និងពេលវេលានៃម៉ោងកើតហេតុ, ទីកន្លែងកើតហេតុ, ដំណើររឿងហេតុ, ភិនភាគអ្នកបង្កហេតុនិងអ្នកពាក់ព័ន្ធ, និងការខូចខាតជាដើម។ ក្រៅពីនេះ ត្រូវមានស្នាមមេដៃ ឈ្មោះ អត្តសញ្ញាណ អាសយដ្ឋាន ឬលេខទំនាក់ទំនងរបស់សាមីបណ្ដឹង។ 

ចំពោះ ពាក្យបណ្តឹង ត្រូវសរសេរជាភាសាខ្មែរ ភាសាអង់គ្លេស បារាំង ឬអាចជាភាសាណាមួយតែតម្រូវឱ្យមានបកប្រែជាភាសាខ្មែរ។ ជាមួយគ្នាដែរ សាមីបណ្ដឹង ត្រូវដាក់ពាក្យបណ្ដឹង ដោយផ្ទាល់ នៅនាយកដ្ឋាននគរបាលទេសចរណ៍ ឬការិយាល័យនគរបាលទេសចរណ៍ ចំណុះនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ។

សមត្ថកិច្ច ដែលចាំទទួលពាក្យបណ្ដឹង នៅពេលមានភ្ញៀវទេសចរបរទេស និងវិនិយោគិន ដាក់ពាក្យបណ្តឹង ត្រូវពិនិត្យខ្លឹមសារពាក្យបណ្តឹង ហើយករណីពិនិត្យឃើញមានភាពខ្វះចន្លោះណាមួយ ត្រូវណែនាំឱ្យ សាមីបណ្ដឹងបំពេញបន្ថែម។ ចំណែក អង្គភាពទទួលពាក្យបណ្ដឹង ត្រូវសរសេរបង្កាន់ដៃទទួលពាក្យបណ្ដឹង ដោយចេញដោយប្រធាន ឬអនុប្រធាននៃអង្គភាព។ 

ក្រោយពីទទួលបានពាក្យបណ្ដឹង និងចេញបង្កាន់ដៃ ទទួលពាក្យបណ្ដឹងរួចរាល់ហើយ អង្គភាពនគរបាលទេសចរណ៍ ឬការិយាល័យអង្គភាពនគរបាលទេសចរណ៍ ចំណុះស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ត្រូវដំណើរការនីតិវិធី ដោះស្រាយពាក្យបណ្តឹង។ សមត្ថកិច្ច នឹងចុះទៅកាន់កន្លែងកើតហេតុ ដើម្បីបើកការស៊ើបអង្កេតបឋម។ 

សមត្ថកិច្ច នឹងផ្ញើបង្កាន់ដៃទទួលពាក្យបណ្តឹង និងកំណត់ហេតុ ទទួលពាក្យបណ្ដឹងដោយផ្ទាល់ ឬតាមប្រព័ន្ធឌីជីថល ដើម្បីអនុវត្តនីតិវិធីបន្ត។ រីឯ បណ្តឹងអាជ្ញា និងបណ្តឹងរដ្ឋប្បវេណី របស់ភ្ញៀវទេសចរបរទេស និងអ្នកវិនិយោគ អង្គភាពនគរបាលយុត្តិធម៌គ្រប់ជាន់ថ្នាក់ នឹងយកចិត្តទុកដាក់ដំណើរការស្រាវជ្រាវស៊ើប ប្រមូលភស្តុតាង កំណត់អត្តសញ្ញាណ ឃាត់ខ្លួនជនល្មើស រៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ស្របតាមច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌដែលបានកំណត់ ។

ដោយឡែក សិទ្ធិក្នុងការចេញលិខិតបញ្ជាក់ ទទួលស្គាល់ពាក្យបណ្តឹង និងលិខិតបដិសេធពាក្យបណ្តឹងខាងនាយកដ្ឋាននគរបាលទេសចរណ៍ មានសិទ្ធិចេញលិខិតបញ្ជាក់ទទួលស្គាល់ពាក្យបណ្ដឹង និងលិខិតបដិសេធពាក្យបណ្ដឹង៕ 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី