«ឆ្នេរព្រែកត្រែង» នឹងមានផ្លូវថ្មើរជើង សួនច្បារ និងកន្លែងពិកនិកកម្រិតខ្ពស់
- ថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:៥៩ នាទី យប់

រូបភាព៖ Huy Bunleng News
គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ «ឆ្នេរព្រែកត្រែង» បានប្រកាសបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែមីនា ក្រោមវត្តមាន លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់។ ក្នុងគម្រោងនោះ មានការសាងសង់ផ្លូវថ្មើរជើង សួនច្បារ និងកន្លែងពិកនិក។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុក នាថ្ងៃទី១១ ខែមីនានេះថា រដ្ឋនឹងកែលម្អ «ឆ្នេរព្រែកត្រែង» ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ទៅជាកន្លែងកម្សាន្តសាធារណៈកម្រិតខ្ពស់។ តាមគម្រោង នឹងរៀបចំឱ្យមានផ្លូវថ្មើរជើង និងផ្លូវសម្រាប់ជនពិការលើដីចំណី តាមបណ្តោយឆ្នេរសមុទ្រ។ ក្នុងនោះ ក៏មានការរៀបចំសួនច្បារសាធារណៈ ដាំដើមឈើ និងកន្លែងពិកនិកសម្រាប់ការកម្សាន្តរបស់សាធារណជន និងទេសចរផងដែរ។

គម្រោងលើកកម្ពស់សោភ័ណភាពឆ្នេរព្រែកត្រែងនេះ ក៏រៀបចំបន្ថែមពាក់ព័ន្ធនឹងកន្លែងអង្គុយលំហែរ, កន្លែងលេងកីឡា, បន្ទប់ទឹក, ជួសជុលកញ្ចុះចាស់ៗឡើងវិញ, រៀបចំតម្លើងឆត្រប្រក់ស្បូវ, ចំណតរថយន្ត និងចំណតយានយន្តសាធារណៈ។ ទន្ទឹមនោះ រដ្ឋ បានគិតគូដល់ការរៀបចំតំបន់សុវត្ថិភាពសម្រាប់អ្នកលេងទឹកសមុទ្រ, រៀបចំប៉មឆ្មាំសមុទ្រសម្រាប់ការពារសុវត្ថិភាព, ប្រព័ន្ធលូរំដោះទឹកភ្លៀង, ប្រព័ន្ធលូទឹកកខ្វក់ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ស្របតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ជាឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក។ ជាមួយគ្នានេះ ក៏មានការរៀបចំប្រព័ន្ធគ្រប់គ្រងសំណល់រឹង និងបន្ទប់ស្តុកសំរាមស្របតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ជាឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកផងដែរ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ មិនមានព័ត៌មានទាក់ទងនឹងតម្លៃ និងពេលវេលានៃការសាងសង់នោះទេ។ ប៉ុន្តែ បើតាមរដ្ឋបាលខេត្ត នៅពេលគម្រោងសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ «ឆ្នេរព្រែកត្រែង» រួចរាល់ ខេត្តព្រះសីហនុ និងកាន់តែមានការទាក់ទាញអ្នកវិនិយោគិន និងទេសចរបន្ថែមទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com
Tag: