ក្រុមបាល់ទាត់អគ្គស្នងការនគរបាលជាតិ លុបរបួសចាស់ ដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្សល់ទុកពីរដូវកាលមុន បានដោយជោគជ័យ
  • ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៥:២៩ នាទី ល្ងាច
ក្រុមបាល់ទាត់អគ្គស្នងការនគរបាលជាតិ លុបរបួសចាស់ ដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្សល់ទុកពីរដូវកាលមុន បានដោយជោគជ័យ
ក្រុមអគ្គស្នងការនគរបាលជាតិ ឈ្នះជើងឯកពានរង្វាន់ក្រសួងមហាផ្ទៃ លើកទី២

ក្រុមបាល់ទាត់អគ្គស្នងការនគរបាលជាតិ បានសងសឹក ក្រុមអគ្គនាយដ្ឋានអន្ដប្រវេសន៍ ដោយឈ្នះក្នុងលទ្ធផល៣-០ ក្នុងពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ លើកទី២ វគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី១១ មីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ សម្រាប់ក្រុមអគ្គស្នងការនគរបាលជាតិ ជ័យជម្នះនេះ ប្រៀបបីដូចជាការសងសឹកមួយ ទៅលើក្រុមអគ្គនាយដ្ឋានអន្ដោប្រវេសន៍ ដែលធ្លាប់យកឈ្នះលើខ្លួន កាលពីរដូវកាលទី១ ឆ្នាំ២០២៤ ក្នុងលទ្ធផល៣-០។
TTN-Free-Banner-In-Article-PC


នេះគឺជារដូវកាលទី២ ដែលក្រសួងមហាផ្ទៃ បានបង្កើតឲ្យមានការប្រកួតពានរង្វាន់បាល់ទាត់សម្រាប់នាយកដ្ឋានទាំងអស់ នៃក្រសួងមហាផ្ទៃ បានចូលរួមប្រកួត។ កាលពីរដូវកាលទី១ នាដើមឆ្នាំ២០២៤ ក្រុមបាល់ទាត់អគ្គនាយដ្ឋានអន្ដោប្រវេសន៍ បានគ្រងជើងឯក ដោយឈ្នះ ក្រុមអគ្គស្នងការនគរបាលជាតិ ក្នុងលទ្ធផល៣-០។

ដោយឡែក​ អនុស្សាវរីយ៍ជូរចត់ ដែលអគ្គនាយដ្ឋានអន្ដោប្រវេសន៍បានបន្សល់ទុក ក្រុមអគ្គស្នងការនគរបាលជាតិ បានសងសឹកវិញ ដោយឈ្នះក្នុងលទ្ធផល៣-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ បានដោយជោគជ័យ។

ការជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រនោះ នាតង់ទី១ ក្រុមអគ្គស្នងការនគរបាលជាតិ លេងបានល្អជាង ដោយបានដាក់សម្ពាធលើក្រុមអន្ដោប្រវេសន៍ជាច្រើនលើក តាមរយៈការព្យាយាមស៊ុតបាល់បញ្ចូលទី ប៉ុន្ដែការព្យាយាមនោះ ត្រូវបានអសារបង់ ដោយសារមិនចំគោលដៅ។ ដោយឡែក ក្រុមអន្ដោប្រវេសន៍ មិនមានសាច់បាល់លេង នៅតំបន់ប្រយុទ្ធឡើយ ខណៈក្រុមកំពុងតានតឹងក្នុងការការពារ។ 

លុះចូលដល់នាទី៤៥+៣ ក្រុមអគ្គស្នងការនគរបាលជាតិ ទទួលបានបាល់ហ្វ្រីឃីក នៅជិតតំបន់គ្រោះថ្នាក់ ដោយសារខ្សែការពារក្រុមអន្ដោប្រវេសន៍ បង្កើតកំហុសលើ ប្រាក់ សុវណ្ណារិទ្ធ ខ្សែប្រយុទ្ធអគ្គស្នងការនគរបាលជាតិ។ ខ្សែប្រយុទ្ធរូបនោះ រកបានមួយគ្រាប់ភ្លាមៗ តាមរយៈការទាត់បាល់ហ្វ្រីឃីក ពីតំបន់គ្រោះថ្នាក់ ចូលទីរបស់ក្រុមនាយកដ្ឋានអន្ដោប្រវេសន៍។ ចប់តង់ទី១ អគ្គស្នងការនគរបាលជាតិ នាំមុខ នាយកដ្ឋានអន្ដោប្រវេសន៍ លទ្ធផល១-០។

លុះចូលដល់តង់ទី២ ក្រុមអគ្គស្នងការនគរបាលជាតិ​ នៅតែបន្ដរកគ្រាប់បាល់បន្ថែម។ នៅនាទី៥៦ កីឡាករ ប្រាក់ សុវណ្ណារិទ្ធ រកបាន ១គ្រាប់ទៀត ឲ្យក្រុមនាំមុខ ២-០។ ខ្សែប្រយុទ្ធរូបនេះ ហាក់បីដូចជាកូនសោសំខាន់របស់ក្រុមអគ្គស្នងការនគរបាលជាតិ ព្រោះតែងតែបង្កើតឱកាសឲ្យមិត្តរួមក្រុម​ និងធ្វើឲ្យចលនាប្រយុទ្ធ ពិបាកទៅដល់ខ្សែការពារក្រុមអន្ដោប្រវេសន៍។​ នៅនាទី៧៤ ប្រាក់ សុវណ្ណរិទ្ធ អូសបាល់ផុតខ្សែការពារស្លាបឆ្វេង រួចក៏បញ្ជូនចូលកណ្ដាល នៃតំបន់គ្រោះថ្នាក់ ហើយក៏ត្រូវមិត្តរួមក្រុម កីឡាករ ធី សុវិទូរ្យ បញ្ចប់ទីដោយជោគជ័យ នាំឲ្យលទ្ធផលនាំមុខ អន្ដោប្រវេសន៍ ៣-០។ លទ្ធផលនេះ បន្ដដល់ចប់ការប្រ​កួត ដែលនាំឲ្យអគ្គស្នងការនគរបាលជាតិ ឈ្នះ អន្ដោប្រវេសន៍ ៣-០។ 

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ លើកទី២ ត្រូវបានចាប់ផ្ដើមពីថ្ងៃទី១៦ មករា រហូតដល់ថ្ងៃទី១១ មីនា ឆ្នាំ២០២៥ ដែលមានរយៈពេល ៥៤ ថ្ងៃ។ ក្រុមចូលរួមមានចំនួន ១៣ ដោយចែកចេញជា ៤ពូល ដែលមានការប្រកួតសរុបចំនួន ២៣។ ក្នុងរដូវកាលនេះ ក្រុមអគ្គនាយកដ្ឋាននគរបាលជាតិ ឈ្នះជើងឯក ខណៈជើងឯករង ក្រុមនាយកដ្ឋានអន្ដោប្រវេសន៍។ រីឯចំណាត់ថ្នាក់លេខ៣ លើក្រុមខុទ្ទកាល័យ​ លោក ស សុខា ដែលបានយកឈ្នះ លើក្រុមបាល់ទាត់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ លទ្ធផល ៤-២៕

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា