កម្ពុជាបានចំណូលជាង ៤០០លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ ត្រឹមរយៈពេល២ខែ
- ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៦:៥៩ នាទី ល្ងាច

រូបភាព៖ មជ្ឈមណ្ឌលចែកចាយអង្ករបោះដុំ
កម្ពុជារកបានចំណូលប្រមាណ ៤២០ លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ ត្រឹមរយៈពេលពីរខែដើមឆ្នាំ។របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក.) ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា បានបញ្ជាក់ថា ចាប់ពីខែមករា ដល់កុម្ភៈ កម្ពុជានាំចេញអង្ករចំនួន ១៣៥ ០៧៤តោន ទៅកាន់ ៥១គោលដៅ នៅលើពិភពលោក ដោយទទួលបានចំណូលមកវិញប្រមាណ ១០៦លានដុល្លារ។

សហគមន៍អឺរ៉ុប បានបញ្ជាទិញអង្ករពីកម្ពុជាច្រើនជាងគេ ក្នុងទំហំ ៧៣ ០៤៨តោន ឬគិតជាទឹកប្រាក់ស្មើ ៥៨,៥៣ លានដុល្លារ។ តំបន់អាស៊ាន ឈរនៅលេខ២ ដែលបានទិញអង្ករចំនួន ២៣ ២៩៧ តោន ឬស្មើ ១៦,៦៦ លានដុល្លារ។ តាមពីក្រោយដោយចិន និងតំបន់រដ្ឋបាលស្វយ័ត មានចំនួន ១៦ ៥០០ តោន ឬស្មើ ១០,៤៧ លានដុល្លារ និងចុងក្រោយ គឺតំបន់អាហ្វ្រិក និងមជ្ឈឹមបូព៌ា បានបញ្ជាទិញអង្ករក្នុងចំនួន ២២ ២២៩ តោន ឬស្មើ ២២ ២២៩ លានដុល្លារ។
ប្រភេទអង្ករដែលនាំចេញបានច្រើនជាងគេ គឺអង្ករក្រអូប ដោយគ្រប់ដណ្ដប់រហូតដល់ ៨៦ភាគរយ។ ក្រៅពីនោះក៏មានការរួមចំណែកពី អង្ករសគ្រាប់វែង, អង្ករចំហុយ និងអង្ករសរីរាង្គផងដែរ។ ក្នុងរយៈពេលដដែលនេះ កម្ពុជា ក៏បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងប្រមាណ ១ ៣៩២ ១១៥ តោន ឬស្មើ ៣១៣,២២ លានដុល្លារដែរ។
សូមជម្រាបថា នៅឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូល ១ ៩៨៧,១៩ លានដុល្លារ ពីការនាំចេញស្រូវ ជាង ៥ លានតោន និងអង្ករជាង ៦៥ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ៕
អត្ថបទទាក់ទង
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: