ថៃលើកលែងថ្លៃប័ណ្ណចូលប្រទេសដល់ពលករកម្ពុជា ពីថ្ងៃទី១មេសា ដល់១៥ឧសភា
- ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:២៩ នាទី យប់

លោក Phiphat Ratchakitprakarn រដ្ឋមន្រ្តីការងារថៃ។ រូបភាព ៖ Thai Enquirer
ក្រសួងការងារថៃបានប្រកាសថា នឹងលើកលែងថ្លៃលិខិតអនុញ្ញាតចូល ឬប័ណ្ណការងារចូលសម្រាប់ពលករពីកម្ពុជា ដែលធ្វើដំណើរមកលេងស្រុកកំណើត ហើយត្រឡប់ទៅធ្វើការនៅថៃវិញចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា។ នេះបើតាមកាសែតថៃ The Nation ។

ក្រសួងការងារថៃបានប្រកាសនៅថ្ងៃទី១២ ខែមីនា ថា ពលករចំណាកស្រុកមកពីកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលគ្រោងនឹងត្រឡប់ទៅប្រទេសកំណើតវិញ អំឡុងពេលពិធីចូលឆ្នាំថ្មី ឬនៅពេលណាក៏បាន ចន្លោះពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា នឹងមិនត្រូវការលិខិតអនុញ្ញាតចូលវិញនោះទេ។
រដ្ឋមន្ត្រីក្រសួងការងារ លោក Phiphat Ratchakitprakarn បានអះអាងថា ការលើកលែងលិខិតអនុញ្ញាតឲ្យចូលធ្វើការវិញ មានគោលបំណងឱ្យការធ្វើដំណើរមានភាពងាយស្រួលសម្រាប់ពលករពីប្រទេសជិតខាង និងកាត់បន្ថយការចំណាយរបស់ពួកគេក្នុងឱកាសពិធីបុណ្យទាន។
«ពលករចំណាកស្រុកមានសារៈសំខាន់ចំពោះសេដ្ឋកិច្ចថៃ។ ការលើកលែងនេះ ត្រូវបានចាត់ទុកថាជាអំណោយដ៏សមស្រប ដែលអនុញ្ញាតឱ្យពួកគេត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ ជាមួយសីលធម៌កាន់តែប្រសើរឡើង»។ លោក Phiphat បញ្ជាក់បែបនេះ។
ការលើកលែងនេះ អនុវត្តចំពោះតែអ្នកកាន់លិខិតឆ្លងដែនកម្ពុជា ឡាវ ឬមីយ៉ាន់ម៉ាដែលមានទិដ្ឋាការមិនមែនអន្តោប្រវេសន៍ (ពលករស្របច្បាប់) ដែលមានសុពលភាពលើសពីថ្ងៃទី១៥ ខែឧសភា។ ការលើកលែងនេះ អនុវត្តចំពោះកូនរបស់ពលករចំណាកស្រុកដែលមានសិទ្ធិក្រោមអាយុ ១៨ឆ្នាំដែរ។
លោក Phiphat ក៏បានបញ្ជាក់ដែរថា អ្នកដែលចង់ត្រឡប់ទៅថៃវិញ ក្រោយថ្ងៃទី១៥ ខែឧសភា នឹងតម្រូវឲ្យមានត្រាចូលវិញដូចធម្មតា៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: