ករណីចាប់បង្ខាំងកាស៊ីណូ៖ សមត្ថកិច្ចកំពុងស្វែងរកជនជាតិចិន៤នាក់ ដែលបានបង្ខាំង និងប្រើហិង្សាលើជនជាតិខ្មែរ
- ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៦:៣៦ នាទី ល្ងាច

ជនជាតិខ្មែរចំនួន៣នាក់ ត្រូវបានជនជាតិចិនចាប់បង្ខាំង និងប្រើអំពើហិង្សានៅកាស៊ីណូមួយក្នុងខេត្តក្រចេះ។ ជុំវិញបញ្ហានេះ អធិការដ្ឋាននគរបាលស្រុកស្នួល បានឱ្យដឹងថា សមត្ថកិច្ចកំពុងស្រាវជ្រាវ និងស្វែងរកជនបង្កដែលជាជនជាតិចិនដើម្បីអនុវត្តតាមនិតីវិធីច្បាប់។

ក្នុងសេចក្ដីបំភ្លឺព័ត៌មាន របស់អធិការដ្ឋាននគរបាលស្រុកស្នួល បានរៀបរាប់ថា កាលពីទី១០ ខែមីនា មានពលរដ្ឋម្នាក់ បានប្ដឹងរាយការណ៍ពីករណីចាប់បង្ខាំងមនុស្ស និងប្រើអំពើហិង្សា នៅចំណុចកាស៊ីណូ Gold City។
ក្រោយពីទទួលបានព័ត៌មាននេះ ស្នងការនគរបាលខេត្ត បានចុះស្រាវជ្រាវ ដោយសហការជាមួយប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនអន្តរជាតិត្រពាំងស្រែ បានរកឃើញជនរងគ្រោះចំនួន៣នាក់ ដែលត្រូវបានមេការឃាត់ទុក។
អធិការដ្ឋាននគរបាលស្រុកស្នួល បានលើកឡើងដូច្នេះ៖ «តាមចម្លើយរបស់ជនគ្រោះទាំង៣ មុនកើតហេតុនាថ្ងៃទី៤ ខែមីនា ពួកគេត្រូវបានឈ្មោះ ធ.ប បបួលរៀបចំគម្រោងធ្វើបៀឱ្យភ្លៀវឈ្នះលុយពីខាងកាស៊ីណូ ហើយពេលដែលភ្ញៀវលេងឈ្នះ ពួកគេនឹងទទួលបានលុយភាគរយពីភ្ញៀវ ពេលនោះពួកគេទាំង៣ក៏យល់ព្រមសហការ»។
បើតាមអធិការដ្ឋាននគរបាលស្រុកស្នូល ជនគ្រោះទាំងបី បានទទួលបានលុយចំនួន៨០០ដុល្លារក្នុងមួយម្នាក់ ប៉ុន្តែបុគ្គល ឈ្មោះ ធ.ប បានគេចខ្លួន។ គម្រោងដែលពួកគេបានរៀបចំត្រូវបានដឹងដល់កាស៊ីណូ និងត្រូវបានជនជាតិចិនចំនួន៤ ដែលជាមេកាបានប្រើហិង្សា និងបាននាំពួកគេទាំង៣ ឃាត់ខ្លួននៅក្នុងបន្ទប់រដ្ឋបាលកាស៊ីណូ Gold City ។
អធិការដ្ឋាននគរបាលស្រុកស្នូល បានឱ្យដឹងថា ជនជាតិចិនទាំង៤នាក់ ដែលជាមេកាបានគេចខ្លួនបាត់។ ជាមួយគ្នានេះ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្នួល បាននឹងកំពុងស្រាវជ្រាវស្វែងរកជនជាតិចិនទាំង៤នាក់ ដើម្បីអនុវត្តតាមនិតីវិធីច្បាប់៕
អ្នកសរសេរអត្ថបទ
កញ្ញា អ៊ុត រស្មី (Uth Raksmey) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ក្នុងឆ្នាំ២០១៩ ក៏ជាឆ្នាំដែលបញ្ចប់ការសិក្សាផ្នែកព័ត៌មាន និងគមនាគមន៍នៃសាកលវិទ្យាល័យកម្ពុជាដែរ ។ បច្ចុប្បន្ន រស្មី ជានិពន្ធនាយិការងនៃ ThmeyThmey25។

© រក្សាសិទ្ធិដោយ thmeythmey.com