២ខែ ដើមឆ្នាំ កម្ពុជាសម្រេចទំហំពាណិជ្ជកម្ម ជិត ៩ ៥០០លានដុល្លារ
- ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:១៧ នាទី ព្រឹក

ភ្នំពេញ៖ កម្ពុជា សម្រេចបានទំហំពាណិជ្ជម្ម ជាមួយបណ្តាដៃគូជំនួញ ក្នុងចំនួន ៩ ៤៤៧ លានដុល្លារ នៅក្នុងរយៈពេល២ខែដំបូង នៃឆ្នាំ២០២៥នេះ។ ទំហំនេះ កើនឡើង ១៦,៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

បើតាមរបាយការណ៍ដដែល ក្នុងចំណោមទំហំពាណិជ្ជកម្មសរុប ការនាំចេញមានទំហំ ៤ ៤៦០ លានដុល្លារ កើន១១,៩ភាគរយ ខណៈការនាំចូល មានទំហំ ៤ ៩៨៧ លានដុល្លារ កើន ២០,៦ភាគរយ បើធៀបនឹងឆ្នាំ២០២៤។
ប្រទេសចិន បន្តជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដែលទំហំពាណិជ្ជកម្មទ្វេភាគីមានចំនួន ២, ៦៦២ លានដុល្លារ កើន ២១,១ភាគរយ។ បន្ទាប់គឺអាមេរិកដែលមានទំហំពាណិជ្ជកម្មសរុប ១ ៦៧៥ លានដុល្លារ កើន ២៥,៧ភាគរយ។ ប្រទេសវៀតណាម ស្ថិតនៅលំដាប់ទី៣ ជាប្រទេសមានធ្វើពាណិជ្ជកម្មសរុបច្រើនជាងគេជាមួយកម្ពុជា ក្នុងទំហំ ១ ៣៦០ លានដុល្លារ ថយចុះ ៣,៨ភាគរយ ធៀបនឹងឆ្នាំ២០២៤។
លំដាប់ទី៤ គឺប្រទេសថៃ ដែលសម្រេចពាណិជ្ជកម្មរួមគ្នាបាន ៧៤៧ លានដុល្លារ ថយចុះ ០,៤ ភាគរយ។ លំដាប់ទី៥ គឺប្រទេសជប៉ុន ក្នុងទំហំ ៤៥២ លានដុល្លារ កើន៣៨,៨ភាគរយ ខណៈលំដាប់ទី៦ គឺប្រទេសកាណាដា មានទំហំ ២០៥លានដុល្លារ កើន ២២,៤ភាគរយ។
ប្រទេសដែលធ្វើពាណិជ្ជម្មជាមួយកម្ពុជាច្រើនជាងគេទី៧ គឺប្រទេសឥណ្ឌូណេស៊ី មានតម្លៃ ២០៣ លានដុល្លារ កើន៦,១ ភាគរយ។ រីឯប្រទេសអេស្ប៉ាញ ស្ថិតនៅលេខ៨ ដោយសម្រេចបាន ទំហំ ១៩៦លានដុល្លារ កើន៣៩,៨ ភាគរយ។
ប្រទេសអាល្លឺម៉ង ស្ថិតថាលំដាប់ទី៩ ក្នុងទំហំពាណិជ្ជកម្ម ១៧៨ លានដុល្លារ កើន២៨,៥ ភាគរយ និងលំដាប់ទី១០ គឺប្រទេសម៉ាឡេស៊ី ដែលសម្រេចពាណិជ្ជកម្មជាមួយកម្ពុជា ១៧៣ លានដុល្លារ កើន៨៥,៨ភាគរយ ធៀបនឹងឆ្នាំ២០២៤៕
© រក្សាសិទ្ធិដោយ thmeythmey.com