ក.ប.ទ នឹងបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល ដើម្បីរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា
  • ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៥៩ នាទី យប់
ក.ប.ទ នឹងបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល ដើម្បីរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា
លោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ រូបភាព៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសពីការបង្កើត«សមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល» ដើម្បីរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា​។ ការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី ក្រសួងបានដាក់ឱ្យដំណើរការនូវថ្នាលសហគមន៍ឌីជីថលកម្ពុជា (Digital Community of Cambodia - DCC) ដែលជាថ្នាលសម្រាប់ប្រមូលផ្តុំធនធានមនុស្សឌីជីថលនៅកម្ពុជា។​
TTN-Free-Banner-In-Article-PC

 
ថ្នាលសហគមន៍ឌីជីថលកម្ពុជា ប្រមូលផ្តុំធនធានមនុស្សឌីជីថលនៅកម្ពុជា ដែលសុទ្ធសឹងជាអ្នកអភិវឌ្ឍន៍សុសវែរ សហគ្រិនឌីជីថល បុគ្គលពាក់ព័ន្ធដែលមានគុណវុឌ្ឍបច្ចេកវិទ្យាឌីជីថល និងនិស្សិត ក្នុងទម្រង់ជាការចូលរួមដោយស្ម័គ្រចិត្ត ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍នាថ្ងៃទី១៣ ខែមីនា តាមរយៈថ្នាលនេះ បច្ចុប្បន្នមានអ្នកចុះឈ្មោះប្រមាណ ៥ ០០០ នាក់ហើយ។​
 
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា​ ថ្នាលនេះត្រូវបានរៀបចំឡើង ដើម្បីផ្តល់ឱកាសឱ្យអ្នកជំនាញទំនាក់ទំនងគ្នា ចែករំលែកចំណេះដឹងនិងបទពិសោធ រួមទាំងស្រាវជ្រាវនិងអភិវឌ្ឍរួមគ្នា។ លើសពីនេះ វាក៏ជាកន្លែងស្វែងយល់ និងផ្លាស់ប្តូរចំណេះដឹងអំពីបច្ចេកវិទ្យាឌីជីថលថ្មីៗ ដែលកំពុងអភិវឌ្ឍ។
 
អ្នកចុះឈ្មោះតាមថ្នាលនេះ នឹងទទួលបានព័ត៌មានអំពីសកម្មភាពការងារអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលរបស់រាជរដ្ឋាភិបាល, រៀបចំការពិភាក្សា សិក្ខាសាលា និងសន្និសីទពាក់ព័ន្ធនឹងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល។ ក្រៅពីនេះ អ្នកចូលរួម ក៏ទទួលបានព័ត៌មានអំពីឱកាសហាត់ការឬចុះកម្មសិក្សា និងឱកាសការងារ នៅតាមស្ថាប័នរដ្ឋ-ឯកជន និងទទួលបានព័ត៌មានអំពីអាហារូបករណ៍លើវគ្គបណ្តុះបណ្តាល ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។

តាមរយៈថ្នាលនេះ ក្រសួងប្រៃសណីយ៍ និងក្រសួងអប់រំ នឹងរៀបចំ សមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល ឡើង ដោយបែងចែកជាសហគមន៍ (Community) ទៅតាមជំនាញសំខាន់ៗ។​ ក្នុងនោះ មានសហគមន៍អ្នកជំនាញទូរគមនាគមន៍ (Telecommunications) សហគមន៍អ្នកអភិវឌ្ឍន៍សុសវែរ (Software Development) សហគមន៍អ្នកជំនាញបច្ចេកវិទ្យាក្លោដ (Cloud)។ សហគមន៍អ្នកជំនាញបញ្ញាសិប្បនិម្មិត (Artificial Intelligence) សហគមន៍អ្នកជំនាញសន្តិសុខសាយប័រ (Cybersecurity) សហគមន៍អ្នកជំនាញប្លុកឆេន (Blockchain) សហគមន៍អ្នកជំនាញអ៊ីនធឺណិតនៃវត្ថុ (Internet of Things) សហគមន៍អ្នកជំនាញវិទ្យាសាស្ត្រទិន្នន័យ (Data Science) និងសហគមន៍អ្នកជំនាញបច្ចេកវិទ្យារ៉ូបូត (Robotics)។
 
ក្រសួងប្រៃសណីយ៍បានបញ្ជាក់ថា ការបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថលនេះ គឺទទួលបានការឯកភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​។
 
យ៉ាងណាមិញ ក្រសួងលើកទឹកចិត្តដល់មន្ត្រីរាជការ សិស្សនិស្សិត បញ្ញវន្ត និងសាធារណជន ដែលមានជំនាញឌីជីថល និង/ឬកំពុងប្រកបវិជ្ជាជីវៈជំនាញឌីជីថល ចូលរួមក្នុងយន្តការនេះដើម្បីប្រមូលផ្ដុំធនធានមនុស្ស និងអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈលើវិស័យឌីជីថលឱ្យកាន់តែមានភាពរឹងមាំ។ ការណ៍នេះ គឺសំដៅដល់ការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា។
 
សាធារណជនអាចស្វែងរកព័ត៌មានបន្ថែម និងអត្ថប្រយោជន៍ផ្សេងៗនៅក្នុង ថ្នាលសហគមន៍ឌីជីថលកម្ពុជា តាមរយៈវេបសាយ https://dcc.gov.kh/ ឬលេខទំនាក់ទំនង ០៧៧ ៦៣០ ១៨២៕  

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គង់ អារុណពុទ្ធីរិទ្ធ