មោទកភាព! យុវតីកម្ពុជា កៅ ម៉េងហ័ង ថ្លែងសារនៅលើវេទិកាអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក
  • ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី យប់
មោទកភាព! យុវតីកម្ពុជា កៅ ម៉េងហ័ង ថ្លែងសារនៅលើវេទិកាអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក

កញ្ញា កៅ ម៉េងហ័ង ជាយុវតីតំណាងកម្ពុជា បានបង្ហាញវត្តមានលើវេទិកាអង្គការសហប្រជាជាតិ ក្នុងកម្មវិធីអំណាចសម្រាប់ក្មេងស្រី «វិនិយោគលើក្មេងស្រី ដើម្បីផ្លាស់ប្តូរពិភពលោក»(POWER4Girls: Invest in Girls, Transform the World) ដែលរៀបចំដោយអង្គការ UNICEF នៅសហរដ្ឋអាម៉េរិក។ ម៉េងហ័ង ប្រឡូកក្នុងវិស័យបច្ចេកវិទ្យាតាំងពីអាយុ១៥ឆ្នាំ ពោលគឺអំឡុងពេលសិក្សានៅថ្នាក់ទី៩។
TTN-Free-Banner-In-Article-PC


កៅ ម៉េងហ័ង ជាយុវតីដែលលេចធ្លោម្នាក់ក្នុងវិស័យបច្ចេកវិទ្យា។ ជាក្មេងស្រីម្នាក់ ដែលមានស្រុកកំណើតនៅស្រុកកងមាស ខេត្តកំពង់ចាម ម៉េងហ័ង យល់ថា ខ្លួនបានផ្លាស់ប្ដូរ និងបានអភិវឌ្ឍ សមត្ថភាពជាច្រើន តាមរយៈការរៀនផ្នែកបច្ចេកវិទ្យា។

នាទីស្នាក់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី១១ មីនា យុវតី ម៉េងហ័ង  បានថ្លែងសារទៅកាន់ថ្នាក់ដឹកនាំ សង្គមស៊ីវិលជាច្រើនមកពីជុំវិញពិភពលោក ក្នុងកម្មវិធីអំណាចសម្រាប់ក្មេងស្រី «វិនិយោគលើក្មេងស្រី ដើម្បីផ្លាស់ប្តូរពិភពលោក» (POWER4Girls: Invest in Girls, Transform the World)។


លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួង​កិច្ចការនារី កំពុងស្ដាប់យុវតី កៅ ម៉េងហ័ង ថ្លែងសារក្នុងវេទិកាអង្គការសហប្រជាជាតិ។ រូបភាពពីក្រសួងកិច្ចការនារី

នាឱកាសនោះ កៅ ម៉េងហ័ង ចាត់ទុកឱកាសចូលរួមក្នុងវេទិកានេះជាកិត្តិយសដ៏អស្ចារ្យរបស់នាង ក្នុងនាមជាក្រុមផ្តល់ប្រឹក្សានារីទូទាំងពិភពលោកពីប្រទេសកម្ពុជា និងក្នុងនាមជាក្មេងស្រីនៅក្នុងវិស័យSTEM។ ម៉េងហ័ង លើកឡើងថា វាមិនត្រឹមតែបង្ហាញពីដំណើរជីវិតរបស់នាងនោះទេ ប៉ុន្តែបញ្ជាក់ពីការចូលរួមរបស់ក្មេងស្រី ដែលធ្វើសកម្មភាពរួមគ្នា ដើម្បីផ្លាស់ប្ដូរខ្លួនឯង និងសហគមន៍ទាំងមូល។

យុវតី ម៉េងហ័ង ថ្លែងទៅកាន់អ្នកចូលរួមដូច្នេះ៖«ខ្ញុំគ្រាន់តែជាក្មេងស្រីម្នាក់ ដែលមានសុបិនធំ ចង់ដឹងចង់ឃើញ និងស្រឡាញ់បច្ចេកវិទ្យា ប៉ុន្តែជាអកុសលខ្ញុំរស់នៅក្នុងបរិយាកាសដែលមនុស្សជឿថាក្មេងស្រីមិនគួរទៅឆ្ងាយ ក្មេងស្រីមិនគួរបន្តការសិក្សាថ្នាក់ឧត្តម ជាពិសេសបន្តក្តីស្រមៃរបស់ពួកគេក្នុងវិស័យបច្ចេកវិទ្យា»។

យ៉ាងណាក៏ដោយ ឧបសគ្គទាំងនេះ មិនអាចរារាំងជំហានដ៏ជឿជាក់របស់ ម៉េងហ័ង ឡើយ។ ម៉េងហ័ង បន្តថា បញ្ហាដែលរូបគេជួបប្រទះនេះ ក៏ជាឧបសគ្គជាប្រព័ន្ធសម្រាប់មនុស្សស្រីជាច្រើនផ្សេងទៀតកំពុងជួបប្រឈមដែរ។ 

«ប៉ុន្តែនៅទីនេះគឺជាអំណាចនៃសកម្មភាពរួម។ ខ្ញុំមានសំណាងដែលបានរកឃើញកម្មវិធីមួយឈ្មោះថា Technovation Girls ដែលខ្ញុំមានឱកាសធ្វើការជាមួយអ្នកណែនាំរបស់ខ្ញុំ សមាជិកក្រុមស្ត្រីរបស់ខ្ញុំ ដើម្បីដោះស្រាយបញ្ហាសហគមន៍ដោយប្រើបច្ចេកវិទ្យាជាឧបករណ៍»។ នេះជាការលើកឡើងរបស់យុវតី ម៉េងហ័ង។ 


យុវតី កៅ ម៉េងហ័ង ថតជាមួយថ្នាក់ដឹកនាំក្រសួងកិច្ចការ​នារី ដែលចូលរួម​វេទិកា​អង្គការសហប្រជាជាតិនាទីក្រុងញូវយ៉ក។ រូបភាពពីក្រសួងកិច្ចការនារី

ម៉េងហ័ង ប្រាប់ទៅកាន់អ្នកចូលរួមក្នុងវេទិកាខាងលើថា នាងបានចូលរួមបង្កើតកម្មវិធីទូរស័ព្ទដើម្បីដោះស្រាយបញ្ហាសហគមន៍តាំងពីអាយុ ១៥ឆ្នាំ។ បើតាមយុវតី ម៉េងហ័ង ចាប់ពីពេលនោះមក នាងចាប់អារម្មណ៍កាន់តែខ្លាំងលើបច្ចេកវិទ្យា។ 

ម៉េងហ័ង បានជំរុញខ្លួនឯង និងស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យា ដោយចូលរួមក្នុងកម្មវិធីប្រកួតប្រជែងផ្សេងៗ តាមរយៈកម្មវិធីផ្លាស់ប្តូរបទពិសោធ និងកម្មវិធីស្ម័គ្រចិត្តជាដើម។ ការចូលរួមកាន់តែសកម្ម បានធ្វើឱ្យ ម៉េងហ័ង មានគំនិតបង្កើតអ្វីដែលថ្មី ដើម្បីជួយទៅដល់ក្មេងស្រី និងសហគមន៍របស់នាង។

ក្រៅពីជានិស្សិតដែលកំពុងសិក្សាជំនាញបច្ចេកវិទ្យា យុវតី ម៉េងហ័ង  ក៏ជាសហស្ថាបនិកគម្រោងចំនួនពីរ គឺ Ladies In Tech ក្រោមជំនួយពីអង្គការយូនីសេហ្វកម្ពុជា និង STEMUNITY ដែលជាគម្រោងបណ្ដុះបណ្ដាលជួយឱ្យក្មេងស្រីនៅជនបទ កាន់តែយល់ពីជំនាញបច្ចេកវិទ្យា ដើម្បីងាយស្រួលជ្រើសរើសជំនាញសិក្សាក្រោយចប់បាក់ឌុប។  

តាមរយៈគំនិតផ្តួចផ្តើមទាំងនេះ ម៉េងហ័ង មានបំណងផ្តល់សិទ្ធិអំណាចដល់ក្មេងស្រី និងស្ត្រីកាន់តែច្រើន ដើម្បីជំរុញពួកគេឱ្យដើរតាមក្តីសុបិន្ត ក្នុងវិស័យបច្ចេកវិទ្យា និងSTEM ដោយមិនគិតពីភេទរបស់ពួកគេ។ យុវតីវ័យ ១៩ឆ្នាំរូបនេះ ចង់ជំរុញទឹកចិត្តដល់អ្នកចូលរួម និងបង្ហាញថា «ក្មេងស្រីអាចធ្វើអ្វីៗគ្រប់យ៉ាង ប្រសិនបើយើងកំណត់គំនិតរបស់យើង»។


យុវតី កៅ ម៉េងហ័ង បង្ហាញវត្តមានលើវេទិកាអង្គការសហប្រជាជាតិ ក្នុងកម្មវិធីអំណាចសម្រាប់ក្មេងស្រី «វិនិយោគលើក្មេងស្រី ដើម្បីផ្លាស់ប្តូរពិភពលោក»(POWER4Girls: Invest in Girls, Transform the World)។

តាមរយៈគម្រោងរបស់នេះ ម៉េងហ័ង បានជួយដល់គាំទ្រដល់ក្មេងស្រីជាង ២០០នាក់នៅក្នុងកម្ពុជា ដើម្បីធ្វើតាមក្តីស្រមៃរបស់ពួកគេក្នុងវិស័យបច្ចេកវិទ្យា និងដើម្បីបន្តការសិក្សាជំនាញផ្នែកបច្ចេកវិទ្យា និងធ្វើជាគំរូសម្រាប់ក្មេងជំនាន់ក្រោយផងដែរ។ 

«មេរៀនដែលខ្ញុំបានរៀនពីរឿងនេះគឺថា នៅពេលដែលមនុស្សស្រីមកជុំគ្នា យើងផ្លាស់ប្តូរបទដ្ឋានសង្គម យើងប្រជែងនឹងជំនឿហួសសម័យ ហើយយើងត្រួសត្រាយផ្លូវសម្រាប់មនុស្សជំនាន់ក្រោយ។ ប៉ុន្តែយើងមិនអាចធ្វើវាតែម្នាក់ឯងបានទេ ដូច្នេះយើងត្រូវការអ្នកគ្រប់គ្នានៅទីនេះ»។ នេះជាសាររបស់ម៉េងហ័ង នាវេទិការបស់អង្គការសហប្រជាជាតិ។

 

ក្នុងឱកាសនោះដែរ យុវតីរូបនេះក៏ទទូចឱ្យភាគីពាក់ព័ន្ធ ទាំងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជនដើម្បីធ្វើយ៉ាង ជំរុញឱ្យការផ្តល់អំណាចនិងគាំទ្រដល់ស្ត្រីទទួលជោគជ័យ។ សម្រាប់ ម៉េងហ័ង ការគាំទ្រនោះអាចជាគោលនយោបាយ និងការផ្តល់ឱកាសនានាដល់ក្មេងស្រី តាមរយៈកម្មវិធីផ្លាស់ប្តូរ អាហារូបករណ៍ ជំនួយហិរញ្ញវត្ថុជាដើម។

ជាមួយគ្នានេះ យុវតីមាឌល្អិតរូបនេះ ក៏ជំរុញដល់អ្នកចូលរួមទាំងអស់គ្នាក្នុងវេទិកាខាងលើ ចូលរួមក្នុងដំណើរនេះ ដើម្បីធានាឱ្យនូវការផ្តល់សិទ្ធិអំណាចដល់ក្មេងស្រី និងស្ត្រីបន្ថែមទៀតនៅក្នុងបច្ចេកវិទ្យា និងវិស័យពាក់ព័ន្ធ។ ម៉េងហ័ង សង្កត់ធ្ងន់ដូច្នេះ ៖«សម្រាប់ក្មេងស្រីគ្រប់រូប អ្នកពិតជាអស្ចារ្យ អ្នកពិតជាលេចធ្លោ ជាពិសេសសកម្មភាព និងសំឡេងរបស់អ្នកមានឥទ្ធិពលដល់សង្គម»៕ 

អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា នាងថ្មីៗ ។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com

ញឹក ស្រីល័ក្ខ