អាការទាំងនេះបង្ហាញថា អ្នកស្រ្តេសជាប់ជានិច្ច
- ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៦:៥៩ នាទី ព្រឹក

ស្រ្តេសគឺជារឿងមួយដែលពិបាកនឹងជៀសផុត ជាពិសេសនៅលើមនុស្សដែលធ្វើការច្រើន ហើយមិនចេះកាត់ស្រ្តេសដោយការលំហែអារម្មណ៍។ ថ្វីបើវាជាបញ្ហាផ្លូវចិត្តមែន តែរាងកាយរបស់យើងអាចនឹងបង្ហាញឱ្យឃើញចេញមកក្រៅបាន។ តើរាងកាយរបស់យើងអាចបង្ហាញឱ្យឃើញនូវអ្វីខ្លះ ពេលដែលយើងស្រ្តេសជាប់រហូត?

១. គេងសង្គ្រឺតធ្មេញ
មូលហេតុធំបំផុតនៃការគេងសង្គ្រឺតធ្មេញ គឺមកពីបញ្ហាស្រ្តេស។ អ្នកអាចនឹងឃើញថាខ្លួនអ្នកគេងសង្គ្រឺតធ្មេញដោយមិនដឹងខ្លួនមិនថាពេលថ្ងៃឬពេលយប់នោះទេ។ សញ្ញាមួយដែលបញ្ជាក់ថាអ្នកបានទម្លាប់នេះ គឺឈឺថ្គាមនៅព្រឹកបន្ទាប់។ អ្នកក៏អាចសម្គាល់ឃើញថាធ្មេញរបស់អ្នកមើលទៅខ្លីជាងធម្មតា ដោយសារតែការសឹក។ វាជាគំនិតល្អក្នុងការប្រើឧបករណ៍ការពារមាត់និងធ្មេញ ដើម្បីការពារមិនឱ្យសឹក។ ជាពិសេសអ្នកចូរព្យាយាមកាត់ស្រ្តេស ដើម្បីកុំឱ្យមានបញ្ហានេះកើតមានឡើង។
២. សក់របស់អ្នកជ្រុះច្រើនជាងធម្មតា
ការឃើញសក់ជ្រុះច្រើននៅក្នុងបន្ទប់ទឹក និង នៅលើគ្រែ អាចជាសញ្ញានៃភាពតានតឹងដែលលាក់កំបាំង។ ភាពចលាចលក្នុងអារម្មណ៍ អាចរំខានដល់ដំណាក់កាលលូតលាស់នៃវដ្តសក់។ ទោះបីជាអ្នកមិនមានបញ្ហាស្រ្តេសអ្វីនៅពេលនេះក៏ដោយ តែបញ្ហាជ្រុះសក់នេះ អាចបន្សល់ទុកពីការស្រ្តេសលើកមុនៗ។ ដូចនេះ អ្នកអាចនឹងឃើញសក់អ្នកជ្រុះ ក្រោយពីអ្នកស្រ្តេសរយៈពេល៦ទៅ១២សប្តាហ៍ក្រោយមក។
៣. មាត់របស់អ្នកស្ងួតជាប់ជានិច្ច
ប្រសិនបើអ្នកស្រេកទឹកឥតឈប់ឈរ ហើយមិនបានញ៉ាំអ្វីដែលមានជាតិប្រៃទេ ចូរយកចិត្តទុកដាក់ចំពោះសុខភាពផ្លូវចិត្តរបស់អ្នក។ ភាពតានតឹងរយៈពេលយូរ រារាំងក្រពេញទឹកមាត់របស់អ្នក ធ្វើឱ្យអ្នកស្ងួតមាត់។ អ្នកក៏អាចនឹងជួបការលំបាកក្នុងការលេបផងដែរ ដោយសារតែអ្នកខ្សោះជាតិទឹក៕
ត្រួតពិនិត្យដោយ៖ https://www.health.com.kh/
© រក្សាសិទ្ធិដោយ thmeythmey.com