ប៉ាគីស្ថាន​៖ ស្លាប់​​យ៉ាងហោច​​២៥នាក់ ដោយ​ការចាប់ចំណាប់ខ្មាំងអ្នកដំណើរតាមរថភ្លើង នៅខេត្ត​បាលូជីស្ថាន
  • ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១០:០០ នាទី ព្រឹក
ប៉ាគីស្ថាន​៖ ស្លាប់​​យ៉ាងហោច​​២៥នាក់ ដោយ​ការចាប់ចំណាប់ខ្មាំងអ្នកដំណើរតាមរថភ្លើង នៅខេត្ត​បាលូជីស្ថាន
រូបភាព​ថតដោយ​ កងទ័ពរំដោះ​បាលូជីស្ថាន​ បង្ហាញ​ឲ្យឃើញអ្នកដំណើរច្រើននាក់ចុះពីរថភ្លើង បន្ទាប់ពីខ្សែរថភ្លើងបាន​​រងការវាយ​ប្រហារ​ ដោយ​ក្រុម​ឧទ្ទាមបាលូជីស្ថាន BLA ថ្ងៃទី​១១មីនា​២០២៥ AP

ដោយ៖ ម៉ម ពិសី (RFI ខេមរភាសា)

កាលពីថ្ងៃ​១១មីនា មាន​ហេតុការណ៍​ចាប់ចំណាប់​ខ្មាំងតាមរថភ្លើង​​មួយ ​បាន​កើតឡើងនៅខេត្តបាលូជីស្ថាន ភាគ​និរតីប៉ាគីស្ថាន។ ក្រុមឧទ្ទាម​បាលូជីស្ថាន​បាន​បំផ្ទុះគ្រាប់បែកស្ទាក់ចាប់អ្នកដំណើរតាមរថភ្លើងជាច្រើនរយនាក់ មុននឹងមានការប្រយុទ្ធតបតជាច្រើនម៉ោង ជាមួយ​កងទ័ពប៉ាគីស្ថាន​។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ផ្អែកតាមអាជ្ញាធរប៉ាគីស្ថាន គឺ​គេបានដឹកសាកសពជនរងគ្រោះចំនួន​២៥នាក់ ត្រលប់​មក​ស្ថានីយ៍ចេញដំណើរវិញ ខណៈចំណាប់ខ្មាំង​ប្រមាណ​៣៤០នាក់ ត្រូវបានរំដោះមកវិញដោយសុវត្ថិភាព​។
TTN-Free-Banner-In-Article-PC


រសៀល​ថ្ងៃព្រហស្បតិ៍​ទី​១៣មីនា សាកសពមនុស្សចំនួន​យ៉ាងហោច​២៥នាក់ ត្រូវបានគេដាក់ក្តាមឈូសដឹកតាមរថភ្លើង ត្រលប់មកដល់ស្ថានីយ៍រថភ្លើងទីក្រុងMach ស្ថិតនៅមិនឆ្ងាយប៉ុន្មាន​ប៉ុន្មានពីទីក្រុងQuetta ទីក្រុងធំនៃខេត្ត​បាលូជីស្ថាន​។​​ 

ផ្អែកតាមអាជ្ញាធរប៉ាគីស្ថាន ជនរងគ្រោះទាំងនេះ គឺ​ត្រូវបាន​ក្រុមឧទ្ទាម​បាលូជីស្ថាន​​បាញ់សម្លាប់ នៅក្នុងហេតុ​ការណ៍​ចាប់ចំណាប់ខ្មាំង តាមរថភ្លើង កាលពីថ្ងៃអង្គារទី​១១មីនា​។  យោងតាមប្រភពដដែល សាកសពទាំងនេះ គឺមាន​២១នាក់ជាជនស៊ីវីលស្លូតត្រង់ និង​៤នាក់ជាទាហានប៉ាគីស្ថាន ដែលស្លាប់ក្នុងការប្រយុទ្ធរំដោះចំណាប់ខ្មាំងពីដៃ​​​ក្រុម​ឧទ្ទាម​។

សូមរំលឹកថា ហេតុការណ៍​ចាប់ចំណាប់ខ្មាំង​បានកើតឡើង នៅថ្ងៃអង្គារ១១មីនា ដោយ​ក្រុម​​ឧទ្ទាមបាលូជីស្ថានបាន​ដាក់គ្រាប់បែក​​បំផ្ទុះផ្លូវរថភ្លើង ដើម្បីចាប់អ្នកដំណើរ​ធ្វើជាចំណាប់ខ្មាំង​។ ខ្សែរថភ្លើងដែលរងគ្រោះ Jaffar Express គឺចេញដំណើរពី​ទីក្រុង Quetta ខេត្តបាលូជីស្ថាន ឆ្ពោះទៅកាន់ទីក្រុងប៉េឆាវ៉ានៅភាគខាងជើងក្នុងខេត្តមួយផ្សេងទៀត​ ដែលត្រូវចំណាយ​ពេលធ្វើដំណើរប្រមាណ​៣០ម៉ោង។ ក្នុងពេលកើតហេតុ មានអ្នកដំណើរលើរថភ្លើងសរុបប្រមាណ​៤៥០នាក់។

យោងតាម​សក្ខីកម្ម​របស់​អ្នកដំណើរដែលបានរួចរស់ជីវិត គឺក្រុមឧទ្ទាម​បាលូជីស្ថានបានចាប់អ្នកដំណើរជាច្រើនរយនាក់​ដែលដែលមិនមែនអ្នកខេត្តបាលូជីស្ថាន​ ចំណែក​អ្នកស្រុកបាលូជីស្ថានត្រូវបាន​ទុក​ឲ្យ​នៅលើរថភ្លើង​ក្រោមការយាម​ល្បាតរបស់ពួកឧទ្ទាម​។ សាក្សីខ្លះទៀតបានអះអាងថា ពួក​ឧទ្ទាមបាលូតជីស្ថាន បានបាញ់សម្លាប់​ចំណាប់ខ្មាំងជាច្រើននាក់ ដោយជ្រើសរើសយកតែជនដែលមានដើមកំណើតជាតិនៅស្រុកផ្សេង ក្រៅពីខេត្តបាលូជីស្ថាន ជាក់ស្តែងជនរងគ្រោះភាគច្រើនជាអ្នកស្រុក​ពិនចាប់ ឬក៏ជន​ជាតិ​​ភាគតិច Sairakis ជាដើម​។ ចំណាប់ខ្មាំងខ្លះបានអះអាងដែរ ថាក្រុមឧទ្ទាម​បាលូជីស្ថាន បានចាប់បំបែកស្ត្រី​ចេញ​ហើយប្រាប់ឲ្យរត់ និងបាន​ទុក​ជីវិតឲ្យជនចាស់ជរា។

ក្រោយហេតុការណ៍​ចាប់ចំណាប់ខ្មាំងនេះ កងទ័ពប៉ាគីស្ថាន​បានបើកប្រតិបត្តិការប្រយុទ្ធ ដើម្បី​រំដោះអ្នកដំណើរមកវិញ ដោយ​ការបាញ់តបតគ្នា បានចំណាយ​ពេល​ប្រមាណ​៣០ម៉ោង។ ផ្អែកតាមអាជ្ញាធរប៉ាគីស្ថាន គេបានរំដោះអ្នកដំណើរមកវិញបាន​៣៤០នាក់​ និង​បាន​​បាញ់សម្លាប់សមាជិក​ក្រុមឧទ្ទាមបាលូជីស្ថាន ចំនួនយ៉ាងហោច​៣៣នាក់​។

គួរបញ្ជាក់ដែរថា ខេត្តបាលូជីស្ថានមានប្រជាជនប្រមាណ​១៥​លាននាក់​ គឺជាខេត្ត​១ក្នុងចំណោមខេត្តទាំង៤នៃ​សហព័ន្ធប៉ាឡីស្ថាន​។ មានព្រំដែនជាប់សមុទ្រ ជាប់អ៊ីរ៉ង់និងអាហ្វហ្កានីស្ថាន ខេត្តនេះសំបូរធនធានធម្មជាតិ និងមានសក្តានុពល​ច្រើនជាងគេ តែផ្ទុយទៅវិញ បាលូជីស្ថានជាខេត្តក្រីក្រជាង​គេ។ ក្រុមជនជាតិបាលូជីស្ថាន ​តែងតែបាន​តវ៉ាទាមទារ ឲ្យ​រដ្ឋប៉ាគីស្ថានធ្វើការបែងចែកភោគផលសេដ្ឋកិច្ចដោយ​យុត្តិធម៌​។ 

ភាពអយុត្តិធម៌សេដ្ឋកិច្ច​ដែលជាកត្តាមួយរុញច្រាន ឲ្យ​មាន​ក្រុមឧទ្ទាមវាយ​ឆ្មក់ធ្វើភេរវកម្ម​។ សម្រាប់ក្រុម​ឧទ្ទាម​​បាលូជីស្ថាន គឺក្រុមអ្នកកាន់អំណាច​ភាគច្រើនជាជន​ជាតិពិនចាប់ ដែលបានបូមជញ្ជក់​យកចំណេញតែម្នាក់ឯង តួយ៉ាងតាមរយៈ​គម្រោងវិនិយោគធំៗរបស់ចិន ដែលមាននៅក្នុង​ខេត្តបាលូ​ជីស្ថាន ដូចជា​ការជីករ៉ែ ប្រលានយន្តហោះថ្មីស្រឡាង និងកំពង់ផែធំមហិមានៅ​ក្រុង​ Gwadar ជាដើម​៕

© រក្សាសិទ្ធិដោយ thmeythmey.com

Other