រដ្ឋសិក្សាសង់ផ្លូវ កន្លែងសង្គ្រោះបន្ទាន់ បន្ទប់ទឹក កន្លែងលក់អាហារ និងប្រព័ន្ធផ្គត់ផ្គង់ទឹក នៅខ្នងផ្សារ
- ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១០:២៩ នាទី ព្រឹក

ទេសភាពភ្នំខ្នងផ្សារ នៅរដូវវស្សា។ រូបភាព៖ ស៊ុល រ៉វី
ភ្នំពេញ៖ រដ្ឋាភិបាល បានសិក្សារៀបចំកន្លែងសង្គ្រោះបន្ទាន់, បន្ទប់ទឹក, កន្លែងលក់អាហារ និងប្រព័ន្ធផ្គត់ផ្គង់ទឹកនៅតំបន់ភ្នំខ្នងផ្សារ ស្ថិតក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ ភូមិតាំងបំពង់ តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ការខ្នះខ្នែងកសាង ហេដ្ឋារចនាសម្ព័ន្ធគាំទ្រនេះ ធ្វើឡើងបន្ទាប់ពី សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជំរុញ ឱ្យអភិវឌ្ឍតំបន់នេះទៅជា «គោលដៅលំហែបៃតង» ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ក៏ដូចជាការអភិរក្សក្សជីវៈចម្រុះ និងធនធានធម្មជាតិ។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងស្ថាប័នពាក់ព័ន្ធ កាលពីថ្ងៃទី១៣ ខែមីនា បានចុះពិនិត្យតំបន់ភ្នំខ្នងផ្សារដោយផ្ទាល់ ដើម្បីរៀបចំផែនការជំរុញ «គោលដៅលំហែបៃតង»។
អន្តរក្រសួងខាងលើ និងអាជ្ញាធរខេត្តកំពង់ស្ពឺ បានសិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មគាំទ្រមួយចំនួន ដូចជា ផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់ស្តង់ដា និងប្រព័ន្ធផ្គត់ផ្គង់ទឹក។ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រទាំងនេះ នឹងផ្ដល់ប្រយោជន៍ជូនសហគមន៍ ដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពផ្តល់សេវាដល់ទេសចរណ៍ ដែលមកកម្សាន្តនៅភ្នំខ្នងផ្សារ។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងស្ថាប័នពាក់ព័ន្ធ កាលពីថ្ងៃទី១៣ ខែមីនា បានចុះពិនិត្យតំបន់ភ្នំខ្នងផ្សារដោយផ្ទាល់ ដើម្បីរៀបចំផែនការជំរុញ «គោលដៅលំហែបៃតង»។ រូបភាព៖ ក្រសួងបរិស្ថាន
លើសពីនេះ ស្ថាប័នពាក់ព័ន្ធដដែលនេះ ក៏បានព្រមព្រៀងលុបចោលគម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ របស់ក្រុមហ៊ុនទាំង៤ ដោយបានប្រគល់ដី៤០ហិកតា ជូនសហគមន៍តាំងបំពង់ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ដីនេះ នឹងផ្ដល់ចំណូលដល់ពលរដ្ឋ ក្នុងមូលដ្ឋាននោះប្រមាណ១០០គ្រួសារ តាមរយៈសេវាកម្មទេសចរណ៍។ ការលុបចំគោលគម្រោងអភិវឌ្ឍន៍នេះ គឺធ្វើតាមបញ្ជារបស់ សម្ដេច ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៨ ខែមីនា។
ភ្នំខ្នងផ្សា ជាតំបន់ព្រៃភ្នំដ៏ធំមួយ ដែលមានទីតាំងប្រសព្វមុំ៣ គឺខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។ នេះបើតាមក្រសួងបរិស្ថាន ដោយបន្ថែមថា នៅទីនោះសម្បូរទៅដោយព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ ភ្នំខ្នងផ្សារ មានកម្ពស់ប្រហែល ១ ០១៧ម៉ែត្រ ដែលអាចមើលឃើញទេសភាពបាន ៣៦០ដឺក្រេ។ ភ្នំនេះ មានទេសភាពស្អាតគ្រប់រដូវកាល និងមានចម្ងាយប្រមាណ១៦៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ៕
អត្ថបទទាក់ទង
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: