នាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ ប្រកាសចុះចេញពីតំណែងនៅថ្ងៃទី១៤ ខែមីនា
  • ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១០:៥៦ នាទី ព្រឹក
នាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ ប្រកាសចុះចេញពីតំណែងនៅថ្ងៃទី១៤ ខែមីនា
លោក ចាស្ទីន ទ្រូដូ នាយករដ្ឋមន្រ្តីកាណាដា ។ រូបភាព​ ៖ AP

លោក ចាស្ទីន ទ្រូដូ បានប្រកាសថា លោកនឹងលាលែងពីតំណែងនាយករដ្ឋមន្រ្តី នៅថ្ងៃទី១៤ ខែមីនា ដោយបើកផ្លូវឱ្យមេដឹកនាំបក្សសេរីនិយមថ្មី លោក Mark Carney ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាណាដា។
TTN-Free-Banner-In-Article-PC


«នេះអាចជាថ្ងៃចុងក្រោយរបស់ខ្ញុំនៅក្នុងតំណែង ប៉ុន្តែខ្ញុំនៅតែជាជនជាតិកាណាដាដ៏រឹងមាំ ដោយមិនមានការសោកស្តាយ»។ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ បាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើ X នៅថ្ងៃទី១៣ ខែមីនា ដោយបន្ថែមថា លោកមានមោទកភាពក្នុងការបម្រើប្រទេស និងប្រជាជនរបស់ខ្លួន។ 

ការ​ប្រកាស​នេះ ​ជា​ការ​បញ្ចប់​រយៈពេល​ជិត​១០​ឆ្នាំ​ របស់​លោក ទ្រូដូ ដឹកនាំ​រដ្ឋាភិបាល​កាណាដា។ មេដឹកនាំថ្មីនៃគណបក្សសេរីនិយមដែលកំពុងកាន់អំណាច លោក Mark Carney នឹងស្បថចូលកាន់តំណែងនៅម៉ោង ១១ព្រឹក ថ្ងៃទី១៤ ខែមីនា (ម៉ោង ១០យប់នៅទីក្រុងភ្នំពេញ) ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី២៤ របស់កាណាដា។ សមាជិកនៃគណៈរដ្ឋមន្ត្រីរបស់លោក Carney ក៏បានស្បថចូលកាន់តំណែងនៅថ្ងៃតែមួយដែរ ប៉ុន្តែនៅមិនទាន់មានព័ត៌មានច្បាស់ការ ថាក្រុមថ្មីនឹងមានការផ្លាស់ប្តូរសមាជិកណាខ្លះនោះទេ។

អត្ថបទទាក់ទង

គណបក្សសេរីនិយមកាណាដា កាលពីថ្ងៃទី៩ ខែមីនា បានបោះឆ្នោតជ្រើសរើសលោក Carney អតីតទេសាភិបាលធនាគារកណ្តាលកាណាដា ជាមេដឹកនាំថ្មីរបស់ខ្លួន។ លោក Carney នឹង​នៅ​តែ​ជា​នាយក​រដ្ឋមន្ត្រី​រហូត​ដល់​ការ​បោះឆ្នោត​បន្ទាប់ ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ២០ ខែ​តុលា។ វាទំនងជាថា លោក នឹងរៀបចំបោះឆ្នោតមុនកាលកំណត់។

នាយករដ្ឋមន្ត្រី ទ្រូដូ បានប្រកាសកាលពីខែមករាថា លោកកំពុងចុះចេញពីតំណែងជាមេដឹកនាំគណបក្សកាន់អំណាច ដោយបើកផ្លូវឱ្យក្រុមសេរីនិយម ជ្រើសរើសអ្នកស្នងតំណែងលោក។

លោក ទ្រូដូ ដែលមានអាយុ ៥៣ឆ្នាំ បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅក្នុងខែវិច្ឆិកា ២០១៥ ហើយត្រូវបានជាប់ឆ្នោតឡើងវិញ ២ដង ដោយក្លាយជានាយករដ្ឋមន្ត្រីមួយក្នុងចំណោមនាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរបំផុតរបស់កាណាដា។ យ៉ាងណាមិញ ប្រជាប្រិយភាពរបស់លោកធ្លាក់ចុះចាប់តាំងពី ២ឆ្នាំមុន ស្របពេលមានការខឹងសម្បាជាសាធារណៈចំពោះការកើនឡើងថ្លៃដើមទំនិញ និងកង្វះលំនៅឋាន។

ការស្ទង់មតិជាច្រើនបង្ហាញថា បក្សសេរីនិយមនឹងចាញ់គណបក្សអភិរក្សនិយមនៅក្នុងការបោះឆ្នោតដែលគ្រោងធ្វើនៅខែតុលា ទោះបីជាអ្នកណាជាអ្នកដឹកនាំគណបក្សនោះក៏ដោយ៕

អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង