សម្តេច ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងធម្មការ និងអ្នកពាក់ព័ន្ធ រួមគ្នាលើកកម្ពស់សីលធម៌សង្គម
- ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១១:៤១ នាទី ព្រឹក

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រសួងធម្មការ និងសាសនា ដាក់ចេញនូវសកម្មភាព ដែលជំរុញដល់លើកកម្ពស់ព្រះពុទ្ធសាសនា សីលធម៌ និងសុជីវធម៌ក្នុងសង្គម។ ការជំរុញរបស់ សម្តេច ហ៊ុន ម៉ាណែត ធ្វើឡើងនៅក្នុង«ព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារីថ្វាយ និងប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្តេចព្រះសង្ឃ គណៈមហានិកាយ នៃកម្ពុជា» នៅថ្ងៃទី១៤ មីនា។

បើតាមប្រមុខរាជរដ្ឋាភិបាល មធ្យោបាយដែលអាចមានប្រសិទ្ធភាពមួយ ក្នុងការធ្វើសកម្មភាពលើកតម្កើងសាសនារបស់រដ្ឋ និងសីលធម៌សង្គមនេះ គឺការផលិតវីឌីអូខ្លី ស្តីពីការអប់រំ សីលធម៌ ចរិយាធម៌ និងពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយសហការឱ្យជិតស្និទ្ធ ជាមួយស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។
ក្នុងព្រះរាជពិធីនេះ សម្តេច ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យក្រសួងធម្មការ ពិចារណាដាក់បញ្ចូលកម្មវិធីប្រតិបត្តិសមាធិ ទៅក្នុងកម្មវិធីសិក្សាពុទ្ធិចក្រនៅគ្រប់កម្រិតផងដែរ ដើម្បីកសាងមូលធនមនុស្ស ដែលមានសុខភាពផ្លូវកាយ និងផ្លូវចិត្តរឹងមាំ មានបញ្ញាស្មារតី និងការទទួលខុសត្រូវនៅក្នុងសង្គម។
ការលើកកម្ពស់គុណធម៌ សីលធម៌ សុជីវធម៌ក្នុងសង្គមនេះ គឺស្ថិតនៅជាប្រធានបទដ៏សំខាន់សម្រាប់សម្តេច ហ៊ុន ម៉ាណែត ដែលបានថ្លែងនៅមុនចាប់ផ្តើមព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារីនេះ។

ក្នុងសុន្ទរកថារបស់ខ្លួន ប្រមុខរាជរដ្ឋាភិបាល បានទូលស្នើឱ្យសម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បន្តជួយដល់សង្គម លើការលើកកម្ពស់ គុណធម៌ សីលធម៌ សុជីវធម៌ និងថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ជាតិ តាមរយៈការសម្តែងធម្មទេសនានៅគ្រប់ទីកន្លែង និងការផ្សព្វផ្សាយតាមបណ្តាញសង្គមផ្សេងៗ ដើម្បីជួយឱ្យពលរដ្ឋ មានបញ្ញាស្មារតី និងព្រហ្មវិហារធម៌ កាត់បន្ថយអំពើអនាចារ អបាយមុខ អំពើហិង្សា អសីលធម៌ និងជួយឱ្យសង្គមមានសាមគ្គី និងសុខដុមរមនា។
សម្តេច ហ៊ុន ម៉ាណែត បន្តថា៖ «ព្រះពុទ្ធសាសនា ជាមរតកដូនតាខ្មែរ ហើយការបង្រៀនរបស់ព្រះពុទ្ធ ជាប្រភពនៃសេចក្តីស្រឡាញ់ បញ្ញាញាញ សន្តិភាពផ្លូវចិត្ត និងបានជ្រួតជ្រាបក្នុងស្មារតី ផ្នត់គំនិត ឥរិយាបទ សកម្មភាពរបស់ប្រជាពលរដ្ឋខ្មែរ ដែលបង្ហាញឱ្យឃើញច្បាស់ តាមរយៈចរិតរួសរាយ រាក់ទាក់ ស្មោះត្រង់ សុភាពរាបសា ទន់ភ្លន់ និងម៉ឺងម៉ាត់។»។
ប្រមុខរាជរដ្ឋាភិបាល ក៏បានលើកឡើងដែរថា ព្រះពុទ្ធសាសនា ប្រពៃណី និងទំនៀមទម្លាប់របស់ជាតិ គឺជាគោលការណ៍ដឹកនាំជីវិតរស់នៅប្រចាំថ្ងៃរបស់សាសនិកទាំងអស់ ឱ្យមានសីលធម៌ សុជីវធម៌ និងកុសលចេតនា ក្នុងការរួមចំណែកធ្វើឱ្យសង្គមកម្ពុជា មានសុខដុមរមនា សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងព្រះរាជពិធីដដែលនេះ សម្តេច ហ៊ុន ម៉ាណែត ក៏ណែនាំឱ្យក្រសួងធម្មការ និងសាសនា រៀបចំបណ្តុះបណ្តាលតួនាទីភារកិច្ច ដល់ព្រះមន្ត្រីសង្ឃ អាចារ្យ គណៈកម្មការវត្ត ជាពិសេសប្រព័ន្ធសង្ឃាភិបាល ឱ្យបានទូលំទូលាយផងដែរ ដើម្បីបង្ការទប់ស្កាត់ និងកាត់បន្ថយនូវអធិករណ៍តាមវត្តអារាម។
ទន្ទឹមនឹងសម្តេចនាយករដ្ឋមន្ត្រី ក៏ជំរុញក្រសួងធម្មការ និងសាសនា ឱ្យសហការ និងរក្សាទំនាក់ទំនងល្អ ជាមួយសហគមន៍សាសនាដទៃទៀត ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ ដោយឈរលើគោលការណ៍សុខដុមនីយកម្មជាតិសាសន៍៕
© រក្សាសិទ្ធិដោយ thmeythmey.com