លោក ត្រាំ គំរាមដាក់ពន្ធ ២០០ភាគរយលើស្រានាំចូលពីអឺរ៉ុប
- ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ២:២៩ នាទី រសៀល

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ។ រូបភាព ៖ AFP
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី១៣ ខែមីនា បានគំរាមយកពន្ធ ២០០ភាគរយ លើស្រា ស្រាសំប៉ាញ និងភេសជ្ជៈមានជាតិអាល់កុលផ្សេងទៀតពីអឺរ៉ុប។

ការគំរាមកំហែងនេះធ្វើឡើងដោយ លោក ដូណាល់ ត្រាំ ក្នុងការឆ្លើយតបទៅនឹងផែនការរបស់សហភាពអឺរ៉ុប (EU) លើការយកពន្ធលើទំនិញរបស់អាម៉េរិកដែលមានតម្លៃ ២៨ពាន់លានដុល្លារចាប់ពីខែក្រោយ។ ក្នុងនោះ ស្រាវីស្គីផលិតពីពោតនៅអាម៉េរិកនឹងត្រូវបង់ពន្ធ ៥០ភាគរយ។
អត្ថបទទាក់ទង
លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social ថា ៖« ប្រសិនបើពន្ធទាំងនេះមិនត្រូវបានដកចេញភ្លាមៗនោះ អាម៉េរិកនឹងដាក់ពន្ធ ២០០ភាគរយ លើស្រា ស្រាសំប៉ាញ និងភេសជ្ជៈមានជាតិអាល់កុលផ្សេងទៀតដែលមានប្រភពមកពីបារាំង និងបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត»។
ប្រធានាធិបតីរូបនេះ ក៏បានលើកឡើងថា ពន្ធ ២០០ភាគរយលើភេសជ្ជៈមានជាតិអាល់កុលនៅអឺរ៉ុប នឹងផ្តល់ផលប្រយោជន៍ដល់អ្នកផលិតក្នុងស្រុក។ វាមិនទាន់ច្បាស់នៅឡើយទេថាតើមូលដ្ឋានច្បាប់ណា ដែលលោកនឹងពឹងផ្អែកលើការដំឡើងពន្ធលើផលិតផលគ្រឿងស្រវឹងរបស់សហភាពអឺរ៉ុប។
អំឡុងពេលអាណត្តិដំបូងរបស់លោក ត្រាំ អាម៉េរិក និងអឺរ៉ុបកំពុងមានជម្លោះលើផ្នែកពាណិជ្ជកម្ម ដែលនាំឱ្យសហភាពអឺរ៉ុបដាក់ពន្ធលើស្រាអាម៉េរិកក្នុងឆ្នាំ២០១៨ ដែលបណ្តាលឱ្យការនាំចេញស្រាវីស្គីទៅកាន់អឺរ៉ុបធ្លាក់ចុះ ២០ភាគរយ។ ពន្ធនោះបានលើកលែងវិញនៅឆ្នាំ២០២១ ដោយជួយការនាំចេញកើនឡើង៦០ភាគរយ។
ថ្មីៗនេះ បន្ទាប់ពីលោក ត្រាំ បានដាក់ពន្ធលើដែកថែប និងអាលុយមីញ៉ូមចាប់ពីថ្ងៃទី១២ ខែមីនា ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានបញ្ជាក់ថា វិធានការសងសឹកលើកនេះគឺ«ត្រូវតែខ្លាំង ហើយសមាមាត្រ»។
លោក ត្រាំ បានបន្តរិះគន់សហភាពអឺរ៉ុបដោយហៅពន្ធ ៥០ភាគរយលើស្រាវីស្គីអាម៉េរិកថា «មិនអាចទទួលយកបាន»។ លោកថា វាជារបបយកពន្ធ និងការដាក់ទណ្ឌកម្មដ៏អរិភាពបំផុតមួយនៅក្នុងពិភពលោក។ ប្លុកនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងតែមួយគត់ក្នុងការកេងប្រវ័ញ្ចលើអាម៉េរិក។
សារព័ត៌មាន Reuters បានវាយតម្លៃថា ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបដែលដាក់ពន្ធនាពេលនេះ គឺដោះស្រាយផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីឧស្សាហកម្មស្រារបស់អាម៉េរិក ដែលបានកើនឡើងជាលំដាប់ក្នុងការនាំចេញ។ នៅឆ្នាំ ២០២៣ សហភាពអឺរ៉ុបមានប្រហែល ៤០ភាគរយនៃការនាំចេញស្រាសរុបរបស់អាម៉េរិក។ ក្រុមហ៊ុនផលិតរបស់ប្រទេសនេះនិយាយថា ពន្ធអឺរ៉ុបគឺ «មានការសោកស្តាយយ៉ាងខ្លាំង» ។
ការគម្រាមកំហែងពន្ធដដែលៗរបស់លោក ត្រាំ កំពុងបង្កភាពច្របូកច្របល់ក្នុងចំណោមវិនិយោគិន អាជីវកម្ម និងអ្នកប្រើប្រាស់។ អ្នកផលិតយន្តហោះ កាហ្វេ សំលៀកបំពាក់ រថយន្ត និងអាហារវេចខ្ចប់កំពុងព្យាយាមវាយតម្លៃប្រតិបត្តិការឡើងវិញ ខណៈគោលនយោបាយរបស់លោកប្រធានាធិបតីរូបនេះ បានគំរាមកំហែងដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល។
សេដ្ឋវិទូមួយចំនួនព្រមានថា ភាពមិនច្បាស់លាស់នេះអាចបំផ្លាញសេដ្ឋកិច្ចអាម៉េរិក និងបង្កើនហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច។ ការស្ទង់មតិរបស់ Reuters/Ipsos ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា បានរកឃើញថា ៧០ភាគរយនៃជនជាតិអាម៉េរិកយល់ថា ពន្ធនឹងនាំឱ្យតម្លៃកាន់តែខ្ពស់។
ប៉ុន្តែលោក ត្រាំ មើលឃើញថា វាជាឧបករណ៍ដ៏សំខាន់មួយក្នុងការធ្វើឱ្យផលិតកម្មក្នុងស្រុករស់ឡើងវិញ ដែលត្រូវបានចុះខ្សោយដោយសារសកលភាវូបនីយកម្មជាច្រើនទសវត្ស។ លោក ត្រាំ ក៏បានតែងតាំងមន្ត្រីជាច្រើនក្នុងរដ្ឋបាលដែលគាំទ្រគោលនយោបាយនេះ។
រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក Scott Bessent បាននិយាយថា លោកមិនព្រួយបារម្ភអំពីការប្រែប្រួលថ្មីៗនៅក្នុងទីផ្សារភាគហ៊ុននោះទេ ដោយសាររដ្ឋបាលផ្តោតលើការផ្លាស់ប្តូររយៈពេលវែងនៃសេដ្ឋកិច្ចអាម៉េរិក។ លោកបានព្រមានថា EU នឹងរងគ្រោះកាន់តែខ្លាំងក្នុងសង្គ្រាមពាណិជ្ជកម្ម ដោយសារតែការពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញទៅកាន់ក្រុងវ៉ាស៊ីនតោន៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: