ស្វាយរៀង ក្រុមកំពូលតារាងក្នុងលីគ ជួប Madura United ដែលនៅបាតតារាង វគ្គ១/២ផ្តាច់ព្រ័ត្រ Challenge League
  • ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១២:០៦ នាទី រសៀល
ស្វាយរៀង ក្រុមកំពូលតារាងក្នុងលីគ ជួប Madura United ដែលនៅបាតតារាង វគ្គ១/២ផ្តាច់ព្រ័ត្រ Challenge League

ព្រះខ័នរាជស្វាយរៀង ត្រូវជួប Madura United FC របស់ឥណ្ឌូណេស៊ី វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Challenge League។ ស្វាយរៀង ឈ្នះ Shan United ក្នុងលទ្ធផលទាំងពីរជើង ៧-៤ ស្របពេល Madura United ឈ្នះ Tainan City ទាំងពីរជើង ៣-០ នៅវគ្គ៨ក្រុមចុងក្រោយ។ Madura United មិនទាន់ស្គាល់ចាញ់ឡើយនៅ ACGL ហើយថែមទាំងធ្លាប់ឈ្នះស្វាយរៀងនៅវគ្គសន្សំពិន្ទុក្នុងពូល ប៉ុន្តែស្ថិតនៅបាតតារាងលីគកំពូលឥណ្ឌូណេស៊ី រដូវកាល ២០២៤-២៥។
TTN-Free-Banner-In-Article-PC


ព្រះខ័នរាជស្វាយរៀង បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកក្លិបកម្រិតទី៣អាស៊ី បើទោះចាញ់ Shan United ២-១ នៅជើងទី២ វគ្គ៨ក្រុមចុងក្រោយ ដែលធ្វើឡើងនៅពហុកីឡដ្ឋាន Thuwunna ថ្ងៃទី១៣ ខែមីនា។ ដោយជើងទី១ ស្វាយរៀង ឈ្នះក្រុមមីយ៉ាន់ម៉ា ៦-២ ដូច្នេះសរុបទាំងពីរជើងក្រុមពីលីគកំពូលកម្ពុជា ឈ្នះ ៧-៤។

ដោយឡែកក្រុមឥណ្ឌូណេស៊ី Madura United បានយកឈ្នះក្រុមនៃលីគកំពូលតៃវាន់ Tainan City ៣-០ នៅជើងទី២ និងសរុបទាំងពីរជើង ៣-០ នៅវគ្គ៨ក្រុមចុងក្រោយ។ Madura United នឹងត្រូវបន្តតទល់ព្រះខ័នស្វាយរៀងនៅវគ្គ ១/២ផ្តាច់ព្រ័ត្រ AFC Challenge League សម្រាប់ក្រុមអាស៊ីខាងកើត។

Madura United ក្រោមការដឹកនាំរបស់ Alfredo Vera ធ្លាប់ឈ្នះស្វាយរៀងដែលមានលោក Jose Munoz ជាគ្រូបង្វឹក នៅវគ្គជម្រុះក្នុងពូល E ក្នុងលទ្ធផល ២-១ រួចមកហើយ។ នេះមានន័យថា៤ប្រកួតក្រុមពីឥណ្ឌូណេស៊ីមិនទាន់ស្គាល់ចាញ់នៅឡើយក្នុងឈ្នះ២ និងស្មើ២ ស្របពេលក្រុមពីលីគកំពូលកម្ពុជា ចាញ់២ និងឈ្នះ២។

យ៉ាងណាក៏ដោយ ក្រុមលោក Alfredo Vera ស្ថិតនៅបាតតារាងបណ្តោះអាសន្នក្នុងលីគកំពូលឥណ្ឌូណេស៊ី Liga 1 ក្នុងចំណោមក្រុមទាំង១៨ ដោយរកបាន២១ពិន្ទុ។ ប្រកួត២៥លើក Madura United ឈ្នះតែ៥លើកប៉ុណ្ណោះ ក្រៅពីនោះចាញ់១៤ និងស្មើ៦ ប្រឈមធ្លាក់ទៅលីគទី២ រដូវកាលក្រោយ។

ផ្ទុយពី Madura United គូប្រជែងរបស់គេ ព្រះខ័នរាជស្វាយរៀង ស្ថិតនៅកំពូលតារាងលីគកំពូលកម្ពុជា CPL បណ្តោះអាសន្ន។ ឆ្លងកាត់២០ប្រកួត ក្នុងលោក Jose Munoz រកបាន៥២ពិន្ទុ តាមពីក្រោយដោយភ្នំពេញក្រោន ៥១ពិន្ទុ និងលេខ៣ វិសាខា មាន៤៤ពិន្ទុ។

ដោយឡែកក្រុម FC Arkadag និង Al Arabi SC ក៏ត្រូវបន្តជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សម្រាប់ក្រុមតំបន់អាស៊ីខាងលិច។

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងចាប់ផ្តើមជើងទី១ រវាងក្រុម FC Arkadag និង Al Arabi SC នៅថ្ងៃទី៩ ខែមេសា និងជំនួបរវាងព្រះខ័នរាជស្វាយរៀង ទល់ Madura United នឹងធ្វើនៅថ្ងៃទី១០ ខែមេសាយ។ ជើងទី១ នឹងធ្វើនៅថ្ងៃទី១៦ និង១៧ ខែមេសា។

វគ្គផ្តាច់ព្រ័ត្រ AFC Challenge League រដូវកាល ២០២៤-២៥ នឹងធ្វើនៅថ្ងៃទី២៥ ខែឧសភា៕

អ្នកសរសេរអត្ថបទ

ទេព ពិទូរ្យ បានចាប់ផ្តើម​ការងារ​នៅក្នុង​ស្ថាប័ន​សារព័ត៌មាន​ថ្មីៗ​ ជា​អ្នកបច្ចេកទេស​ចាប់ពី​ឆ្នាំ​២០១២​មក​។ ​​បច្ចុ​ប្បន្ន ពិទូរ្យ បាន​បន្ថែម​ជំនាញ​ជា​អ្នកសរសេរ​ព័ត៌មាន​កីឡា​អន្តរជាតិ​មួយទៀត​​។​ ពិទូរ្យ ទទួលបាន​សញ្ញាបត្រ​ប​រិ​ញ្ញាប​ត្រ​ព័ត៌មានវិទ្យា​ពី​វិទ្យាស្ថាន​ស៊ី​តិក​។​ ​ ​​​

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ទេព ពិទូរ្យ​​