UEL៖ Bruno ស៊ុត៣គ្រាប់ ជួយ Man Utd ឈ្នះ Sociedad ឡើងវគ្គ ៨ក្រុម
- ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ២:៥៩ នាទី រសៀល

ខ្សែបម្រើ Bruno Fernandes ស៊ុតបាល់បញ្ចូលទី ៣គ្រាប់ hat-trick ជួយ Manchester United ឈ្នះ Real Sociedad ៤-១ នៅជើងទីពីរ វគ្គ ១៦ក្រុម ដណ្តើមបានកៅអីវគ្គ ៨ ក្រុម ចុងក្រោយ UEFA Europa League។ Tottenham Hotspur ឈ្នះជំនួបជើងទីពីរដូចគ្នា លទ្ធ ផល ៣-១ លើក្រុម AZ Alkmaar ដើម្បីឡើងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ។

ចាប់តាំងពីការប្រកួតស្មើ ១-១ ទៅលើទឹកដីអេស្ប៉ាញ ក្រុមរហស្សនាមបិសាចក្រហម នៅ ការប្រកួតជើងទី២ ក្នុងកីឡដ្ឋាន Old Trafford ពួកគេក៏បានរបូតឱកាស ទៅក្រុមភ្ញៀវទទួល បានការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ បើកការនាំមុខមុនតាំងនាទី១០។ ក្រោយៗមក ៤ គ្រាប់សងត្រឡប់ទៅវិញ ត្រូវបានស៊ុតបញ្ចូលទីជាបន្តបន្ទាប់ ដោយ Bruno Fernandes រកបាន ៣គ្រាប់ នាទី១៦ និង ៥០ ជាការស៊ុតបាល់កាត់សេចក្តី ១១ ម៉ែត្រ គ្រាប់ទី៣ នាទី៨៧ និង Diogo Dalot គ្រាប់ទី៤ នាទី ៩០+១។
នៅការប្រកួតជម្រុះវគ្គ ៨ក្រុម Man Utd នឹងត្រូវជួបប្រឈមមុខទល់នឹងក្រុមខ្លាំង មកពីបារាំង Olympique Lyonnais បន្ទាប់ពីក្រុមមកពីលីគកំពូលបារាំង ដណ្តើមបានជ័យជម្នះលទ្ធផល ៤-០ ទល់នឹងក្រុម Steaua Bucharest និងសរុបទាំងពីរជើង ៧-១។
ដោយឡែក Spurs ជាក្រុមទី២ មកពីលីគកំពូលអង់គ្លេស បន្ទាប់ពី Man Utd ដែលអាចរកបានកៅអីឡើងវគ្គ ៨ក្រុមចុងក្រោយ ហើយពួកគេក៏នឹងត្រូវបន្តទៅប៉ះក្រុមខ្លាំងមកពីអាល្លឺម៉ង់ Eintracht Frankfurt។ រដូវកាល ២០២៤-២៥ ក៏មិនមែនជារដូវកាលដ៏ល្អមួយសម្រាប់ Spurs មិនខុសពីក្រុមបិសាចក្រហមឡើយ ដោយនៅក្នុងលីគកំពូលអង់គ្លេស ពួកគេតែងជួបលទ្ធផលខកចិត្តជាច្រើន ព្រមទាំងនៅពានរង្វាន់ក្នុងស្រុកដទៃទៀត។
យ៉ាងណា ក្នុងពានកម្រិតអឺរ៉ុប Spurs ក៏ហាក់ធ្វើបានល្អ បើទោះនៅវគ្គ ១៦ក្រុម ជើងទី១ រងបរាជ័យលទ្ធផល ១-០ ប៉ុន្តែការវិលមកកាន់ទឹកដីអង់គ្លេសវិញ បានធ្វើឱ្យក្រុមស្ថិតក្រោមការដឹកនាំរបស់លោក Ange Postecoglou អាចវាយមកយកឈ្នះការប្រកួតមកវិញ លទ្ធផល ៣-១។
ជ័យជម្នះអរគុណដល់ការស៊ុតបាល់បញ្ចូលទី របស់កីឡាករ Wilson Odobert ២គ្រាប់ និង James Maddison ១គ្រាប់ ក្នុងជំនួបនោះ។
Frankfurt ជាដៃគូបន្ទាប់របស់ Spurs ជាក្រុមដែលទើបទម្លាក់គូប្រកួត Ajax Amsterdam លទ្ធផលសរុបទាំង ២ ជើង ៦-២ ហើយដែលការប្រកួតលើទឹកដីអាល្លឺម៉ង់ជើងទី២ ក្រុមមកពីលីគកំពូលអាល្លឺម៉ង់ផ្តួលក្រុម មកពីហូឡង់លទ្ធផល ៤-១។
ចំណែកការប្រកួតសម្រាប់គូដទៃផ្សេងទៀត នៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រ មានក្រុម Bodoe Glimt ដែលទើបទម្លាក់ក្រុម Olympiacos នឹងត្រូវបន្តទៅជួបក្រុមមកពីអ៊ីតាលី Lazio ស្របពេល Rangers ដែលបានទម្លាក់ក្រុម Fenerbahce របស់តួកគីដែលដឹកនាំដោយលោក Jose Mourinho នឹងត្រូវតទល់ Athletic Bilbao ដែលទើបតែទម្លាក់ក្រុម AS Roma៕
អ្នកសរសេរអត្ថបទ
អ្នកយកព័ត៌មានកីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: