អ្នកនាំពាក្យ៖ការរៀបចំក្រុមជំនុំព្រះត្រៃបិដកឡើងវិញ គ្មានចេតនាលុបបំបាត់ស្នាព្រះហស្តជំនាន់ដើមឡើយ
  • ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៣:២៧ នាទី រសៀល
អ្នកនាំពាក្យ៖ការរៀបចំក្រុមជំនុំព្រះត្រៃបិដកឡើងវិញ គ្មានចេតនាលុបបំបាត់ស្នាព្រះហស្តជំនាន់ដើមឡើយ
លោក ឆាត សុឆេត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា

អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា នាថ្ងៃទី១៤ ខែមីនា នេះ បានចេញសេចក្តីប្រកាសព័ត៌មាន អះអាងបញ្ជាក់ពីជំហរនៃការរៀបចំឡើងវិញនូវក្រុមជំនុំព្រះត្រៃបិដក ដោយអះអាងថា គ្មានចេតនាលុបបំបាត់គុណូបការៈនិងស្នាព្រះហស្តឬស្នាដៃរបស់ ក្រុមជំនុំព្រះត្រៃបិដក ជំនាន់ដើមនោះទេ។ សេចក្តីប្រកាសព័ត៌មាននេះ ឆ្លើយតបទៅនឹងការលើកឡើងរបស់ភិក្ខុផលធរោ ផុន ភក្តី ដែលបារម្ភពីការប៉ះពាល់តម្លៃបុព្វបុរស។

TTN-Free-Banner-In-Article-PC


តាមលិខិតចុះកាលពីថ្ងៃទី១១ ខែមីនា លោក ប៊ុន សំបូរ រដ្ឋលេខាធិការស្តីទីគណៈរដ្ឋមន្ត្រី បានបញ្ជាក់ទៅរដ្ឋមន្ត្រក្រសួងធម្មការ និងសាសនា អំពីការឯកភាពជាគោលការណ៍ក្នុងការរៀបចំក្រុមជំនុំព្រះត្រៃបិដកឡើងវិញ។ ការសម្រេចនេះ គឺយោងតាមចំណាររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

បង្កើតឡើងជាផ្លូវការដោយព្រះរាជប្រកាសលេខ១០៦ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩២៩ ក្រុមជំនុំព្រះត្រៃបិដក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបកប្រែ និងបោះពុម្ពព្រះត្រៃបិដក។ ក្រុមជំនុំព្រះត្រៃបិដក បានបំពេញការងារ ផ្ទៀងផ្ទាត់ និងប្រែព្រះត្រៃបិដកចប់សព្វគ្រប់ទាំង១១០ភាគនៅឆ្នាំ១៩៥៣ ប៉ុន្តែដំណើរការបោះពុម្ពចប់សព្វគ្រប់នៅឆ្នាំ១៩៦៩។ សកម្មភាពត្រូវបានអាក់ខាន ចាប់តាំងពីសង្គ្រាមនៅឆ្នាំ១៩៧០មក។

តាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ការឯកភាពជាគោលការណ៍ក្នុងការរៀបចំឡើងវិញនូវក្រុមជំនុំព្រះត្រៃបិដក គឺដើម្បីផ្ទៀងផ្ទាត់ឡើងវិញនូវគម្ពីរព្រះត្រៃបិដកខ្មែរ និងប្រែអដ្ឋកថា ដីកា និងយោជនា ជាសេចក្តីពន្យល់របស់ព្រះអរហន្តទៅលើគម្ពីរព្រះត្រៃបិដក ដែលជាព្រះពុទ្ធវចនៈ។ ជាមួយគ្នានេះ រដ្ឋាភិបាលតម្រូវឱ្យរដ្ឋមន្ត្រីក្រសួងធម្មការ យកចិត្តទុកដាក់ក្នុងការរៀបចំសមាសភាពក៏ដូចជាវិសាលភាពនៃមុខការនិងតួនាទីការកិច្ច ឱ្យបានច្បាស់លាស់ ដើម្បីធានានូវប្រសិទ្ធភាពនិងសុក្រឹតភាពនៃការងារ។



កាលពីថ្ងៃទី១៣ ខែមីនា ព្រះអង្គ ផុន ភក្តី បានបង្ហោះឃ្លីបវីដេអូជិតកន្លះម៉ោង ដោយសម្តែងប្រតិកម្មនឹងគម្រោងរៀបចំក្រុមជំនុំព្រះត្រៃបិដកឡើងវិញ។ ព្រះអង្គបានលើកឡើងពីការប៉ះពាល់ដល់តម្លៃបុព្វបុរស ដោយព្រះអង្គទាមទារឱ្យរក្សាអ្វីដែលបុព្វបុរសបន្សល់ទុក។

«តើប៉ះពាល់អ្វីខ្លះដល់តម្លៃបុព្វបុរស ឬ ក្រុមជំនុំព្រះត្រៃបិដកនៃអ្នកប្រាជ្ញជាតិយើង បើបង្កើតថ្មី និងពាក្យថាផ្ទៀងផ្ទាត់បិដកថ្មី មានន័យដូចម្តេច? ហើយផលប៉ះពាល់ទៅថ្ងៃអនាគតអ្វីខ្លះ?»។ ព្រះអង្គ ផុន ភក្តី បានចោទសួរបែបនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក។

ជាការឆ្លើយ អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា អះអាងថា ការរៀបចំឡើងវិញនូវ ក្រុមជំនុំព្រះត្រៃបិដក គឺមិនមានចេតនាលុបបំបាត់ គុណូបការៈនិងស្នាព្រះហស្ត ឬស្នាដៃរបស់ ក្រុមជំនុំព្រះត្រៃបិដក ជំនាន់ដើមនោះទេ ផ្ទុយទៅវិញការរៀបចំ ក្រុមជំនុំព្រះត្រៃបិដក ឡើងវិញ គឺក្នុងគោលបំណងដើម្បីបន្តថែរក្សានូវគុណតម្លៃព្រះត្រៃបិដកខ្មែរ និងសមិទ្ធផល របស់ក្រុមជំនុំព្រះត្រៃបិដក ជំនាន់ដើម ព្រមទាំងបន្តឆន្ទៈក្នុងការពង្រឹងនិងផ្សព្វផ្សាយព្រះពុទ្ធវចនៈរបស់ ព្រះសម្មាសម្ពុទ្ធ ដែលមានសម្តែងទុកនៅក្នុងគម្ពីរព្រះត្រៃបិដក។

អ្នកនាំពាក្យ បានបង្ហាញពីការប្រឹងប្រែងផ្សេងៗរបស់រដ្ឋាភិបាល ជាពិសេសការកំណត់យកថ្ងៃទី១ មេសា ឆ្នាំ២០២៥ ដើម្បីរៀបចំពិធីបុណ្យខួបទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក អមដោយការសូន្យគម្ពីរព្រះត្រៃបិដកខ្មែរ ៣ឬ៥ថ្ងៃ ហើយជារៀងរាល់៥ឆ្នាំម្តង ជាដើម៕

អត្ថបទទាក់ទង


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

រួបរួម