7-Eleven ចង់ចូលរួមជាមួយរដ្ឋាភិបាល លើកកម្ពស់សហគ្រាសធុនតូច និងមធ្យម
  • ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៣:៤៩ នាទី រសៀល
7-Eleven ចង់ចូលរួមជាមួយរដ្ឋាភិបាល លើកកម្ពស់សហគ្រាសធុនតូច និងមធ្យម

ភ្នំពេញ៖ កម្ពុជាបានដាក់ចេញគោលនយោបាយលើកទឹកចិត្តជាច្រើនដល់សហគ្រាស​ខ្នាត​តូច​ និង​មធ្យម (SMEs) ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍវិស័យមួយនេះឱ្យមានភាពធន់ សំដៅរួមចំណែកដល់ការលូតលាស់ សេដ្ឋកិច្ចជាតិ។ ដើម្បីជួយកម្ពុជាសម្រេចគោលដៅ «7-Eleven» ដែលជាយីហោម៉ាតលំដាប់អន្តរជាតិ បានបញ្ជាក់ពីបំណងចង់ចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់វិស័យ SMEs។
TTN-Free-Banner-In-Article-PC


លោក សុនថះយ៉ា រ៉ាង់ស៊ីរីវ៉េត នាយកគ្រប់គ្រងក្រុមហ៊ុន ស៊ីភី អល ខេមបូឌា (CP ALL Cambodia)​ បានជួបពិភាក្សាការងារជាមួយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី១២​ខែមីនា​ឆ្នាំ២០២៥នេះ ដើម្បីស្វែងរកលទ្ធភាពកាន់តែច្រើនក្នុង​បង្កើនការ​លក់​ផលិតផលខ្មែរនៅលើធ្នើរ​ផ្សារ 7-Elevenនៅកម្ពុជា។

តំណាងក្រុមហ៊ុន ស៊ីភី អល ខេមបូឌា បានជួបពិភាក្សាការងារលើប្រធានបទដូចគ្នានេះជាមួយ​ថ្នាក់ដឹកនាំ​នៃក្រសួងកសិកម្ម​កម្ពុជាម្ដងហើយកាលពីខែសីហាឆ្នាំ​២០២៤។

  លោក សុនថះយ៉ា រ៉ាង់ស៊ីរីវ៉េត នាយកគ្រប់គ្រងក្រុមហ៊ុន ស៊ីភី អល ខេមបូឌា (CP ALL Cambodia) បានជួបពិភាក្សាការងារជាមួយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី១២ខែមីនាឆ្នាំ២០២៥នេះ

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ លោក សុនថះយ៉ា រ៉ាង់ស៊ីរីវ៉េត នាយកគ្រប់គ្រងក្រុមហ៊ុន ស៊ីភី អល ខេមបូឌា (CP ALL Cambodia) បានលើកឡើងថា ចាប់តាំងពីបើកសាខា 7-Eleven ដំបូង​នៅកម្ពុជា កាលពីខែសីហា ឆ្នាំ២០២១មក ក្រុមហ៊ុន CP ALL មានគោលការណ៍យ៉ាងច្បាស់ថា ប្រយោជន៍​របស់ ក្រុមហ៊ុន CP Group គឺការសាងប្រយោជន៍ដល់ប្រទេស ប្រជាជន និងស្ថាប័ន។ ដូច្នេះ 7-Eleven បានក្លាយជាហាងរបស់ប្រជាជនកម្ពុជារួចទៅហើយ។  

«ក្រុមហ៊ុន ស៊ីភីអល មានគោលការណ៍ក្នុងការដឹកនាំអាជីវកម្ម ដោយដើរតាមគន្លងនៃគុណតម្លៃបីគឺ ប្រយោជន៍របស់ក្រុមហ៊ុន គឺការសាងប្រយោជន៍ដល់ប្រទេស ប្រជាជន និងស្ថាប័ន។ យើងគ្រប់គ្រង 7-Eleven ឲ្យក្លាយជាហាងរបស់ប្រជាជនកម្ពុជា ដើម្បីប្រទេសកម្ពុជា។»។ នេះជាការលើកឡើងរបស់ លោក សុនថះយ៉ា រ៉ាង់ស៊ីរីវ៉េត ដោយសង្ឃឹមយ៉ាងមុតមាំថា 7-Eleven នឹងក្លាយជាចំណែកមួយ នៃការជំរុញ​សេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនប្រកបដោយចីរភាព។



តាមរយៈផ្សារម៉ាតនេះ 7-Eleven បានផ្ដល់ការងារឱ្យពលរដ្ឋកម្ពុជាប្រមាណ ១៥០០នាក់​។​ យីហោ​ម៉ាត​ដ៏​ល្បី​ល្បាញ​មួ​យនេះ ក៏បានផ្ដល់អាហារូបករណ៍ដល់និស្សិតខ្មែរ ផ្លាស់​ប្ដូរការ​សិក្សាទៅ​ប្រទេសថៃជា​រៀងរាល់​ឆ្នាំថែមទៀតផង។ 

ជាងនេះទៀត CP ALL កំពុងគាំទ្រសហគ្រាធុនតូច និងមធ្យមក្នុងស្រុកជាច្រើន ឱ្យមានលទ្ធភាពដាក់លក់​ផលិតផលរបស់ពួកគេនៅ​ធ្នើរ​ 7-Eleven។ បច្ចុប្បន្ន មានផលិតផលខ្មែរប្រមាណ ១១ភាគរយ ត្រូវបាន​ដាក់​លក់នៅ 7-Eleven ហើយទំនិញទាំងនោះ មានដូចជា៖ ស្វាយចន្ទី ក្រូច ចេក និងអង្ករជាដើម។ 

ជាញឹកញាប់ CP ALL បានធ្វើការជាមួយសហគ្រិនតូចៗ ដើម្បីស្វែងយល់ពីតម្រូវការ និងចំណេះដឹងក្នុង​ការអភិវឌ្ឍអាជីវកម្មព្រមទាំងបានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់ដៃគូក្នុងស្រុកស្តីពីស្តង់ដារ​ផលិតផល​ជាលើកដំបូង ហើយនឹងមានគម្រោងរៀបចំជាបន្តបន្ទាប់នាពេលខាងមុខទៀត។ 



ទាក់ទិននឹងវិស័យ SMEs ក្រុមហ៊ុន​ CP ALL មានបំណងចង់សហការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បី​សម្រេច​ឲ្យបាន នូវបេសកកម្មលើកកម្ពស់សក្តានុពលរបស់សហគ្រាសធុនតូច និងមធ្យម បន្ថែមទៀតនាពេល​អនាគត។ នេះជាការលើកឡើងរបស់ លោក សុនថះយ៉ា រ៉ាង់ស៊ីរីវ៉េត។ 

គិតត្រឹមដំណាច់ឆ្នាំ ២០២៤ កម្ពុជាមានសហគ្រាសធុនតូច, មធ្យម និងសិប្បកម្មបង្គរសរុប ៤៣ ៩៧០​មូលដ្ឋាន ក្នុងនោះ មានសហគ្រិនជាស្ត្រី ៨ ៣២៥មូលដ្ឋាន ដោយបានរួមចំណែកបង្កើតការងារ និងប្រាក់​ចំណូលដល់ពលរដ្ឋប្រមា ៤៧៦ ២២៣នាក់ ក្នុងនោះ ស្រ្តី ១៤៤ ៥៥៩នាក់។ នេះបើយោងតាម​របាយការណ៍​លទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕




អ្នកសរសេរអត្ថបទ

ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com

ឈុំ ចន្ថា