លោក ហ៊ុន ម៉ានី ​​ឱ្យមន្រ្តីមុខងារសាធារណៈ ​បង្កលក្ខណៈ​ងាយស្រួល​ដល់ស្រ្តីដែល​​​​​​ចូល​ប្រឡងជា​​មន្រ្តី
  • ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ល្ងាច
លោក ហ៊ុន ម៉ានី ​​ឱ្យមន្រ្តីមុខងារសាធារណៈ ​បង្កលក្ខណៈ​ងាយស្រួល​ដល់ស្រ្តីដែល​​​​​​ចូល​ប្រឡងជា​​មន្រ្តី
លោក​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួង​មុខងារសាធារណៈ។

ភ្នំពេញ៖ ពី​​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី នាថ្ងៃទី​១៤ ខែមីនា លោក​ ហ៊ុន ម៉ានី រដ្ឋមន្រ្តី​ក្រសួង​មុខងារសាធារណៈ បាន​លើក​ទឹកចិត្ត និង​ជំរុញ​ឱ្យ​មន្រ្តី​ក្រសួង​មុខងារសាធារណៈ បន្តយកចិត្ត​ទុក​ដាក់ និង​បង្ក​លក្ខណៈអំណោយ​ផល​ដល់​បេក្ខជន​ជាស្រ្តី ដែល​ប្រឡងចូលជាមន្រ្តី​នៅតាម​ក្រសួង ស្ថាប័ននានា​​។ លើសពីនេះ លោករដ្ឋមន្រ្តី ក៏​ណែនាំ​ឱ្យ​ដំឡើងថ្នាក់ និង​តែងតាំងមន្រ្តីរាជការជាស្រ្តី​​ ដែលមាន​អតីតភាពការងារ សមត្ថភាព និងគុណវុឌ្ឍិ​ សមស្របនឹងការងារ នៅគ្រប់​មុខតំណែងផងដែរ​។
TTN-Free-Banner-In-Article-PC


ត្បិត​ហួសថ្ងៃ​ទិវាអន្តរជាតិ​នារី ៨ មីនា​ ប៉ុន្តែ​ក្រសួ​ងមុខងារសាធារណៈ ដែលមាន​​មន្រ្តីរាជការជាស្រ្តីទាំងជា​មន្រ្តីកិច្ចសន្យា រហូតដល់​៦០០នាក់ បាន​ប្រារព្ធ​ពិធី​អបអរសាទរទិវាអន្តរជាតិនារី នាថ្ងៃទី១៤ មីនានេះ។ លោក​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តី​ក្រសួង​មុខងារសាធារណៈ បាន​លើក​ពី​ការ​យកចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល​ចំពោះ​​ស្រ្តី ដែល​ស្រ្តី​ជា​ឆ្អឹង​ខ្នង​នៃសេដ្ឋកិច្ច​ជាតិ​។

ជារដ្ឋមន្រ្តី​​ក្រសួង​មុខងារសាធារណៈ លោក ហ៊ុន ម៉ានី បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមត្ថភាព​របស់​ក្រុម​ការងារ ជា​ពិសេស​មន្រ្តីជា​ស្រ្តី​នៃ​ក្រសួង​មុខងារសាធារណៈ ដែល​បាន​រួម​ចំណែក​លើក​កម្ពស់​សមត្ថភាព​ស្រ្តី​។ លោក​ឧបនាយក​រដ្ឋមន្រ្តី បន្តថា ក្រសួង​មុខងារសាធារណៈ តែង​តែ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ក្នុង​ការ​រៀបចំ​ និង​គ្រប់​គ្រង​មន្រ្តី​រាជការ​នៅ​កម្ពុជា ដើម្បី​លើក​កម្ពស់​សមភាព​យេន​ឌ័រ។



លោក ហ៊ុន ម៉ានី មាន​ប្រសាសន៍ដូច្នេះ៖«​ក្រសួង​តែង​លើក​កម្ពស់​ និង​លើក​ទឹក​ចិត្ត​ដល់​មន្រ្តី​រាជការ​ស៊ីវិល ជា​ស្រ្តី​ដែល​មាន​អតី​តភាព​ការងារ​ សមត្ថភាព និង​គុណវុឌ្ឍិគ្រប់គ្រាន់ ក្នុងការ​ទទួល​បាន​ឋានន្តរសក្តិ ​ការ​ដំឡើង​ថ្នាក់ និង​ការ​តែងតាំងនានា»។ 

លើសពីនេះ លោក ហ៊ុន ម៉ានី ក៏​បានលើក​ឡើង​ពី​ការ​ផ្ដល់​ឱកាស​ដល់​មន្រ្តី​រាជ​ការ​ជា​ស្រ្តីឱ្យ​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​បន្ថែម​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស។ ទន្ទឹម​នឹង​នេះ លោករដ្ឋមន្រ្តី​មុខងារសាធារណៈ ក៏​ជំរុញឱ្យមន្រ្តីក្រសួងមុខងារសាធារណៈ បន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈអំណោយផលដល់បេក្ខជនជាស្រ្តី ដែលប្រឡងចូលជាមន្រ្តីនៅតាមក្រសួង ស្ថាប័ននានា។



ជាមួយ​គ្នានេះ  លោក​ ហ៊ុន ម៉ានី ក៏​បាន​ណែនាំ​ឱ្យដំឡើងថ្នាក់ និងតែងតាំងមន្រ្តីរាជការជាស្រ្តី ដែលមានអតីតភាពការងារ សមត្ថភាព និងគុណវុឌ្ឍិ សមស្របនឹងការងារ នៅគ្រប់មុខតំណែងផងដែរ។ ​លោក​រដ្ឋមន្រ្តី នៅតែ​ផ្ដល់​ឱកាស​ដល់​មន្រ្តីរាជការជាស្រ្តី និង​មន្រ្តី​កិច្ចសន្យា ចូលរួម​វគ្គបណ្ដុះ​បណ្ដាលផ្សេងៗ ដើម្បី​បង្កើន​ចំណេះដឹង ជាពិសេស​ភាសា​បរទេស។

សូម​បញ្ជាក់ថា ក្នុង​ទិវា​អន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១១៤ ឆ្នាំ​២០២៥ ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធាន​បទ «​សិទ្ធិ​ សមភាព និង​ភាព​អង់​អាច ចំពោះស្រ្តី និង​ក្មេង​ស្រីគ្រប់រូប»។ បើតាម​លោក ហ៊ុន ម៉ានី ក្នុង​ប្រទេសកម្ពុជា មាន​មន្រ្តីរាជការ​ជាស្រ្តី​ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ មាន​ចំនួន ៩៦ ៩១៦នាក់ ដែល​ស្មើ​នឹង ៤១.៨០ភាគរយ៕ 

អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា នាងថ្មីៗ ។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ