តើបច្ចេកវិទ្យា 5G ជំរុញទិសដៅទេសចរណ៍បែបណា?
- ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៤:៤៨ នាទី រសៀល

តាមរយៈប្រព័ន្ធទំនាក់ទំនង ការដឹកជញ្ជូន និងការធ្វើដំណើរកម្សាន្តដ៏ទំនើប មិនថាក្នុងតំបន់ និងអន្តរជាតិ ទេសចរជុំវិញពិភពលោក អាចទៅដល់ទិសដៅទេសចរណ៍ជាច្រើនកន្លែង។ ក្នុងពេលជាមួយគ្នានេះ ចំនួនភ្ញៀវទេសចរដ៏គំហុក ក៏អាចបង្កើតបញ្ហាប្រឈមជាច្រើនសម្រាប់តំបន់ទេសចរណ៍សម្រាប់រាប់រយឆ្នាំទៅមុខ។
តំបន់ទេសចរណ៍មានភ្ញៀវច្រើនលើសលុប បម្រែបម្រួលអាកាសធាតុ និងបញ្ហាសន្តិសុខ ស្ថិតក្នុងចំណោមបញ្ហាប្រឈមផ្សេងទៀត ដែលជំរុញឱ្យមានការកែលម្អ និងទទួលយកគំនិតទេសចរណ៍វៃឆ្លាត។
ដោយមានជំនួយពីបច្ចេកវិទ្យាដ៏ទំនើប, អក្ខរកម្មឌីជីថល និងការប្តេជ្ញាចិត្តទៅលើភាពឆ្លាតវៃ ទេសចរណ៍វៃឆ្លាត អាចជួយបង្កើនបទពិសោធភ្ញៀវទេសចរ តាមរយៈការជួយសម្រួលការធ្វើដំណើរឱ្យកាន់តែរលូន, ការផ្សព្វផ្សាយតំបន់ទេសចរណ៍ដែលមិនសូវមានអ្នកស្គាល់, ពង្រីកការតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតសម្រាប់អ្នកប្រើប្រាស់, ជូនដំណឹងភ្ញៀវទេសចរពីស្ថានការណ៍ប្រែប្រួលភ្លាមៗ និងធ្វើឱ្យកាន់តែងាយស្រួលលើការទំនាក់ទំនងរបស់ភ្ញៀវទេសចរ ដែលមិនអាចនិយាយភាសាក្នុងស្រុកបាន។
ការផ្សាយផ្ទាល់វីដេអូមានកម្រិតគុណភាពច្បាស់ល្អ អាចអនុញ្ញាតឱ្យភ្ញៀវទេសចរនៅតំបន់ឆ្ងាយទស្សនាតំបន់ទេសចរណ៍នោះតាមរយៈវីដេអូកម្រិតច្បាស់ ដែលអាចកាត់បន្ថយចំនួនភ្ញៀវទេសចរនៅទីតាំងទេសចរណ៍ផ្ទាល់ និងថែមទាំងអាចការពារមរតកដែលមិនអាចកាត់ថ្លៃបាន កាន់តែប្រសើរ។
ទីក្រុង Heshun ដែលជាក្រុងប្រវត្តិសាស្រ្តមួយ នៅក្នុងខេត្ត Yunnan របស់ចិន បានអនុវត្តយកគំនិតទីក្រុងវៃឆ្លាត ដោយភ្ជាប់គ្នារវាងសម័យទំនើប និងប្រពៃណី។ ជាមួយអ្វីទាំងអស់ស្ថិតនៅក្នុងដៃ ភ្ញៀវទេសចរ អាចជ្រើសរើសប្រភេទនៃការធ្វើដំណើរ រើសភោជនីយដ្ឋានដែលពួកគេពេញចិត្តដើម្បីបរិភោគអាហារ និងកក់ទីតាំងទេសចរណ៍ជាមុនតាមរយៈការប្រើប្រាស់អ៊ីនធឺណិតមានល្បឿនដ៏រហ័ស។
ស្របគ្នានេះ ទីក្រុងផ្លូវសូត្របុរាណចិន Dunhuang ជាទិសដៅទេសចរណ៍ប្រវត្តិសាស្រ្តដ៏សំខាន់ សម្រាប់ភ្ញៀវទេសចរជាច្រើនលាននាក់ក្នុងមួយឆ្នាំៗ។ ជាមួយគោលដៅដ៏ធំ ដើម្បីផ្លាស់ប្ដូរខ្លួនទៅជាទីក្រុងវៃឆ្លាត ក្រុមហ៊ុនអ្នកធ្វើដំណើរវៃឆ្លាត Dunhuang (DSTC) បានជ្រើសយកគំនិតទីតាំងទេសចរណ៍វៃឆ្លាត ដែលបំពាក់បច្ចេកវិទ្យាឈានមុខ។ បន្ថែមពីលើបច្ចេកវិទ្យាក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ក្រុមហ៊ុនអ្នកធ្វើដំណើរវៃឆ្លាត Dunhuang បានយកចិត្តទុកដាក់លើអាកាសធាតុដ៏ក្តៅនៅក្នុងតំបន់វាលខ្សាច់ជុំវិញក្រុង Dunhuang ដើម្បីការពារសុខភាពភ្ញៀវទេសចរ និងផ្តល់ជំនួយផ្នែកសុខាភិបាលក្នុងករណីចាំបាច់។
ចំណែកនៅក្នុងតំបន់ធម្មជាតិ និងភ្នំខ្ពស់ៗក្នុងខេត្ត Guilin កាមេរ៉ាដែលមានសមត្ថភាពពិសេសជាច្រើន ត្រូវបានបំពាក់ជាមួយអ៊ីនធឺណិត5G និងប្រព័ន្ធ VR។ ត្រូវបានស្គាល់ជាកាម៉េរ៉ាប្រភេទ Pilot Lock Camera បច្ចេកវិទ្យាដែលអាចបញ្ជូនរូបភាពដ៏ល្អបែបនេះ មានសមត្ថភាពថតផ្សាយវីដេអូកម្រិត 8K, ចាប់យកទិដ្ឋភាពតំបន់ភ្នំនៅជុំវិញភ្លាមៗសម្រាប់អ្នកទស្សនាពីផ្នែកផ្សេងៗនៅក្នុងតំបន់ Guilin។ មានសមត្ថភាពធន់ជាមួយលក្ខខណ្ឌអាកាសធាតុគ្រប់យ៉ាង បច្ចេកវិទ្យាបែបនេះ អាចមានសក្តានុពលដ៏ធំ ក្នុងការនាំភ្ញៀវទេសចរទស្សនា តំបន់ដែលពិបាកនឹងទៅដល់៕
© រក្សាសិទ្ធិដោយ thmeythmey.com