លោក​ម៉ាក្រុង​ប្រជុំជាមួយ​នាយសេនាធិការកងទ័ព​​៣៤ប្រទេស ដើម្បី​រៀប​ផែនការ​​ជួយ​​ធានាសន្តិសុខ​អ៊ុយក្រែន
  • ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៩ នាទី យប់
លោក​ម៉ាក្រុង​ប្រជុំជាមួយ​នាយសេនាធិការកងទ័ព​​៣៤ប្រទេស ដើម្បី​រៀប​ផែនការ​​ជួយ​​ធានាសន្តិសុខ​អ៊ុយក្រែន

ដោយ៖ ម៉ម ពិសី (RFI ខេមរភាសា)

កាលពីថ្ងៃអង្គារទី​១១មីនា លោក​ម៉ាក្រុង ប្រធានាធិបតីបារាំង បានជួបប្រជុំជាមួយ​នាយសេនាធិការកងទ័ព មកពីបណ្ដា​ប្រទេស​ជាង​៣០ ដើម្បី​និយាយអំពី​លទ្ធភាព​ចូលរួម​ របស់ប្រទេសនីមួយៗ នៅ​ក្នុង​ផែនការជួយ​ធានាការពារសន្តិសុខអ៊ុយក្រែន។ ជាការធានាសន្តិសុខនិងសន្តិភាពយូរអង្វែងសម្រាប់អ៊ុយក្រែន នៅពេលណាមាន​កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាមជាស្ថាពរជាមួយរុស្ស៊ី​។ គួរបញ្ជាក់ថា អ៊ុយក្រែនទើបតែបានយល់ព្រមតាមសំណើអាមេរិក ផ្អាក​ការប្រយុទ្ធបណ្តោះអាសន្ន៣០ថ្ងៃ ដើម្បីឈានទៅបើកការចរចាសន្តិភាព។ តែសម្រាប់ពេលនេះ គេកំពុងរងចាំស្តាប់ចម្លើយពីខាងរុស្ស៊ី​។
TTN-Free-Banner-In-Article-PC

 
ពីឆ្វេងទៅស្តាំ​៖ លោក Sebastien Lecornu រដ្ឋមន្ត្រីការពារជាតិបារាំង, លោក​ប្រធានាធិបតីម៉ាក្រុង, លោកនាយកសេនាធិការ​កងទ័ពបារាំង Thierry Burkhard និង​លោក​ Tony Radakin នាយសេនាធិការកងទ័ពជាតិ​អង់គ្លេស។ លោក​ម៉ាក្រុង បានដឹកនាំការប្រជុំជាមួយនាយសេនាធិការកងទ័ពចំនួន​៣៤ប្រទេស ដើម្បីរៀបចំផែនការការពារសន្តិសុខនិងសន្តិភាពអ៊ុយក្រែន​។ ប៉ារីស ថ្ងៃទី​១២មីនា​២០២៥​ AP - Sarah Meyssonnier

នាយកសេនាធិការកងទ័ព​ចំនួន​៣៤ប្រទេស បានមកជួបប្រជុំ​នៅទីក្រុង​ប៉ារីសទៅតាមការអញ្ជើញ​របស់​លោកម៉ាក្រុង កាលពីរសៀល​ថ្ងៃអង្គារទី​១១មីនា​។ ភាគច្រើននៃនាយសេនាធិការកងទ័ពដែល​មក​ចូលរួម​ គឺ​មក​ប្រទេសសមាជិក​សហភាពអឺរ៉ុប សមាជិក​អូតង់ដូចជាអង់គ្លេស តួកគី​ តែក៏មានផងដែរ មកពីប្រទេសដែលមិនមែនជាសមាជិក​សម្ព័ន្ធភាពទាំង២នេះ ដូចជា​អូស្ត្រាលី​ នូវែលសេឡង់ និងជប៉ុន​។ សហភាព​អឺរ៉ុបនិងអ៊ុយក្រែនក៏បានបញ្ជូន​តំណាង​មក​ចូលរួមដែរ លើកលែងតែនាយសេនាធិការកងទ័ពអាមេរិក ដែល​មិនបានមក​ចូលរួម។

លោក​ម៉ាក្រុង​ដែល​ជាអ្នកផ្តួចផ្តើម​គំនិត បាន​លើកឡើងថា កម្មវត្ថុនៃកិច្ចប្រជុំ​ដ៏ពិសេសនេះ គឺដើម្បី​បោះជំហាន​ចេញពីទ្រឹស្តីមកជាការអនុវត្តជាក់ស្តែង។​ ពោលគឺដើម្បី​គូសវាសផែន​ការ​ ធានាការ​ពារ​សន្តិសុខគួរជាទីទុកចិត្តសម្រាប់​​អ៊ុយក្រែន​ និងដើម្បីការពារ​សន្តិភាពជារៀងដរាបឲ្យ​អ៊ុយក្រែន។ ដូច្នេះឱកាសនេះ គឺតំណាង​​​ប្រទេសនីមួយៗ ដែលមានវត្តមានចូលរួម ត្រូវ​តែពិចារណាគិតគូរ ថាតើម្នាក់ៗអាចចូលរួម​បានប៉ុណ្ណា និង​ដោយ​របៀប​ណា​។ លោក​ម៉ាក្រុងបាន​អំពាវនាវ​ប្រាប់ទៅ​សម្ព័ន្ធមិត្តអឺរ៉ុបទាំងអស់ ថាត្រូវរួមសហការ​សាមគ្គី​ពួតដៃគ្នាទទួលខុសត្រូវ ធ្វើ​ឲ្យអឺរ៉ុបមានទម្ងន់ធ្ងន់បំផុត ដើម្បី​ការពារអ៊ុយក្រែនផង និង​ការពារអឺរ៉ុបខ្លួនឯងផងទៅថ្ងៃអនាគត។

ផ្អែកតាមប្រភព​ពីវិមានប្រធានាធិបតីបារាំង នាយសេនាធិការទាំង​៣៤ប្រទេសរួមជាមួយបារាំង បានយល់ស្របដូចគ្នាថា ការធានាសន្តិសុខដែលគួរឲ្យទុកចិត្តបំផុត​ជូនអ៊ុយក្រែន គឺត្រូវតែធ្វើឡើងក្នុងរយៈពេលយូរអង្វែង ហើយធ្វើដោយ​ការ​ជួយ​ទំនុកបម្រុងគាំទ្រដោយ​ក្តី​ប្តេជ្ញា​​បំផុត ជូ​ន​ដល់​កងទ័ព​អ៊ុយក្រែន។ នាយសេនាធិកា​រទាំងអស់ បាន​លើកឡើងទៀតថា ផែនការការងារនេះ មិនអាចកាច់ផ្តាច់បានឡើយ​ពីអង្គការសម្ព័ន្ធភាពអូតង់ ពោលគឺត្រូវតែ​មាន​ការចូលរួម​នៃសំណាញ់សន្តិសុខ​របស់សហរដ្ឋអាមេរិក​ ដែល​ជាសរសរទ្រូងដ៏ធំរបស់អូតង់​។ 

យោងតាមលោក​រដ្ឋមន្ត្រីការពារជាតិបារាំង គឺ​មានប្រទេស​១៥ដែលបញ្ជាក់ថាអាចចូលរួមក្នុងរចនាសម្ព័ន្ធ​កងទ័ពរួម ដែលអាចបញ្ជូនទៅរក្សាសន្តិភាពនៅអ៊ុយក្រែន​។ តែចំណុចលម្អិត​​យ៉ាងណា លោកបញ្ជាក់ថា​លក្ខខណ្ឌទាំងនេះនឹងត្រូវគូសវាស នៅក្នុង​អនាគតនៃកិច្ចព្រមព្រៀងសន្តិភាពរវាង​អ៊ុយក្រែននិងរុស្ស៊ី​។​

គួរកត់សំគាល់ថា កិច្ចប្រជុំពិសេសរវាង​នាយសេនាធិការកងទ័ពជាង​៣០ប្រទេសនេះ គឺស្របពេលដែល​ភាគីអាមេរិក​និងអ៊ុយក្រែន បានជួបប្រជុំគ្នានៅទីក្រុងចេដដាប្រទេសអារ៉ាប៊ីសាអូឌីត។ 

ការប្រជុំដែលបានចេញលទ្ធផល​ថា អ៊ុយក្រែន​យល់ព្រមទទួលយកសំណើរបស់អាមេរិក ក្នុងការ​ផ្អាក​ការប្រយុទ្ធទាំងស្រុងរយៈពេល​៣០ថ្ងៃ ដើម្បីបើក​ផ្លូវចរចាជាមួយរុស្ស៊ី។ ចំណែកភាគីអាមេរិកវិញបានសុខ​ចិត្តផ្តល់ជំនួយយោធា​ឲ្យ​អ៊ុយក្រែនឡើងវិញ​។

ដោយឡែក កាលពីថ្ងៃពុធទី​១២មីនា លោក​ Sebatien Lecornu រដ្ឋមន្ត្រីការពារជាតិបារាំង បាន​ជួបប្រជុំក្របខណ្ឌE5 ជាមួយរដ្ឋមន្ត្រីការពារជាតិអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និងប៉ូឡូញ ដើម្បី​និយាយលម្អិតអំពី​ការពួតដៃគ្នា​ពង្រឹងសន្តិសុខអឺរ៉ុប ប្រឈមនឹង​ការគំរាមរបស់​រុស្ស៊ី​។ លោក Boris Pistorius រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់​បានលើកឡើងថា​ក្រុមប្រទេសអឺរ៉ុប ត្រូវតែប្រើពេលវេលា​៣០ថ្ងៃនៃការផ្អាកការប្រយុទ្ធបណ្តោះអាសន្ន​នេះ ឲ្យ​មានប្រយោជន៍បំផុត។ 

លោកលើកឡើងថា ផែនការពង្រឹង​សមត្ថភាពការពារជាតិរបស់អឺរ៉ុប មានរឿងដែលត្រូវធ្វើច្រើនណាស់ ជាក់ស្តែងការ​សម្រួល​ផ្នែករដ្ឋបាលមិនថាថ្នាក់ជាតិនិង​ថ្នាក់អឺរ៉ុប និង​ការ​រៀបចំ​ឲ្យ​មានស្តង់ដាររួមតែមួយ សម្រាប់ប្រព័ន្ធគ្រឿងសព្វាវុធ ដែល​ផលិតនិងប្រើប្រាស់នៅអឺរ៉ុប​។ ដោយឡែក លោក​រដ្ឋមន្ត្រីការពារជាតិបារាំង បាន​គូសបញ្ជាក់ពីភាពអាសន្ន ដែលត្រូវតែពង្រឹងឲ្យបានឆាប់ នូវសមត្ថភាពការពារ​សន្តិសុខអវកាស​ និងប្រព័ន្ធ​ការពារផ្លូវអាកាសដូចជាប្រព័ន្ធខែលដែលអាចចាប់កម្ទេច​មីស៊ីល​បាលីស្ទីកជាដើម​៕

© រក្សាសិទ្ធិដោយ thmeythmey.com

Other