Mbappe ត្រឡប់ចូលជម្រើសជាតិបារាំងវិញ ក្រោយបង្ហាញទម្រង់លេងល្អនៅ Real Madrid
  • ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១០:២៩ នាទី យប់
Mbappe ត្រឡប់ចូលជម្រើសជាតិបារាំងវិញ ក្រោយបង្ហាញទម្រង់លេងល្អនៅ Real Madrid

Kylian Mbappe ខ្សែប្រយុទ្ធកំពុងលេចធ្លោសមត្ថភាពឡើងវិញនៅក្លិប Real Madrid ត្រូវបានកោះហៅឱ្យត្រឡប់ចូលរួមក្រុមជម្រើសជាតិបារាំងឡើងវិញ និងលើកដំបូងចាប់តាំងពីខែសីហា ឆ្នាំ ២០២៤ ។ បារាំងមានភារកិច្ចប្រកួតប្រជែងទល់នឹងក្រូអាស៊ី ក្នុងពានរង្វាន់ UEFA Nations League វគ្គ ៨ក្រុមចុងក្រោយ។
TTN-Free-Banner-In-Article-PC


ការហោះហៅ កីឡាករវ័យ ២៦ឆ្នាំ ឱ្យចូលក្រុមជម្រើសជាតិបារាំងជាថ្មីវិញនេះ មានការបញ្ជាក់ពីសំណាក់លោក ​Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង ដែលធ្លាប់ជួយក្រុមឈ្នះពាន World Cup 2018។

ខ្សែប្រយុទ្ធសញ្ជាតិបារាំង ដែលបង្ហាញខ្លួន ៨៦ប្រកួតឱ្យក្រុមរហស្សនាមមាន់គក ត្រូវបានដកឈ្មោះចេញពីក្រុម តាំងពីការប្រកាសសមាសភាពកីឡាករសម្រាប់ប្រកួតប្រជែងពាន UEFA Nations League ខែតុលា និងខែវិច្ឆិកា ឆ្នាំ ២០២៤ និងបន្ទាប់ពីរូបគេបានចុះកិច្ចសន្យាជាមួយ Real Madrid តាំងពីខែមិថុនា។

នៅប៉ុន្មានប្រកួតចុងក្រោយក្នុងក្រុមជើងខ្លាំងអេស្ប៉ាញ Real Madrid អតីតខ្សែប្រយុទ្ធក្រុម PSG បានបង្ហាញខ្លួនលេងបានល្អខ្លាំងឡើងវិញ ដោយគេអាចរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីសឹងតែរាល់ការប្រកួត ក៏ដូចជាការបង្កើតឱកាសជួយក្រុមយកឈ្នះ។ លើសពីនេះទៅទៀត ភាពជាដៃគូរវាង Mbappe ជាមួយនឹង Vinicius Jr និង Jude Bellingham ក៏កំពុងតែកើនភាពស្និទ្ធិស្នាល ហើយនៅក្នុងពានរង្វាន់ UEFA Champions League ទៀតសោត ក្រុមរហស្សនាមអធិរាជស កំពុងតែមានការប្រកួតប្រជែងខ្លាំង ដោយទម្លាក់ក្រុមធំៗ រួមមាន Man City និង Atletico Madrid ឡើងវគ្គ ៨ក្រុមចុងក្រោយ ទៅជួប Arsenal។

ចំពោះការកោះហៅខ្សែប្រយុទ្ធបារាំងមានសមត្ថភាពខ្លាំងមកចូលរួមក្រុមវិញ លោក Deschamps បាននិយាយដូច្នេះថា៖«ខ្ញុំបានជួបជជែកជាមួយនឹងរូបគេរួចហើយ ខ្ញុំអាចបញ្ជាក់បានថា អ្វីដែលខ្ញុំបានប្រាប់ទៅអ្នកទាំងអស់គ្នាកាលពីប៉ុន្មានសប្តាហ៍មុន ដែលថារូបគេនឹងត្រូវធ្វើជាប្រធានក្រុមរបស់យើងដដែលនៅពេលខាងមុខ។»។

សម្រាប់ការប្រកួតពានរង្វាន់ Nations League ក្រុមជម្រើសជាតិបារាំងនឹងត្រូវប្រកួតតទល់ជំនួបជើងទីមួយ ទល់នឹងក្រុមក្រូអាស៊ី នៅថ្ងៃទី២០ ខែមីនា នៅមុនពេលវិលត្រឡប់មកប៉ះគ្នាឡើងវិញក្នុងកីឡដ្ឋាន Stade de France ថ្ងៃទី២៣ ខែមីនា៕

អ្នកសរសេរអត្ថបទ

 អ្នក​យកព័ត៌មាន​កីឡា

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង