តំបន់ទេសចរណ៍បែបវប្បធម៌ ៥ខេត្ត មានទេសចរទៅកម្សាន្តច្រើនគួរឱ្យកត់សម្គាល់
- ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ព្រឹក

បណ្តាខេត្តមួយចំនួននៅកម្ពុជា បាន និងកំពុងទាញយកនូវសក្តានុពលទេសចរណ៍ ពីរមណីយដ្ឋានបែបវប្បធម៌នៅក្នុងតំបន់របស់ខ្លួន សម្រាប់ទាក់ទាញ និងបង្កើនចំនួនភ្ញៀវទេសចរ ពីមួយឆ្នាំទៅមួយឆ្នាំ។ រមណីយដ្ឋានបែបវប្បធម៌ និងធម្មជាតិ នៅតាមទីតាំងក្នុងបណ្ដាខេត្តចំនួន៥ បានទាក់ទាញឱ្យពលរដ្ឋទៅកម្សាន្តច្រើន ក្នុងនោះរួមមាន ខេត្តបាត់ដំបង តាកែវ កំពង់ស្ពឺ កំពង់ធំ និងខេត្តរតនគិរី។

ខេត្តតាកែវ ជាខេត្តមួយមានរមណីដ្ឋានវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្រ្តសម្បូរបែប។ រមណីយដ្ឋានវប្បធម៌ និងធម្មជាតិ៧កន្លែងនៅតាកែវ មានសក្តានុពលខ្លាំង ខណៈខេត្តមួយនេះ ក៏សម្បូរតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងម្ហូបអាហារឆ្ងាញ់ៗ ប្លែកៗ សម្រាប់ទេសចរ ឬអ្នកដំណើរឆ្លងកាត់ផងដែរ។
គោលដៅមានរមណីយដ្ឋាទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រទាំង ៧កន្លែង មានដូចជា ភ្នំដា, ភ្នំបាយ៉ង់កោរ, ភ្នំជីសូរ្យ, ភ្នំតាម៉ៅ, ប្រាសាទតាព្រហ្ម នៅទន្លេបាទី, ភ្នំខ្លែង និងភ្នំជីតាពេជ្រ។
ក្នុងចំណោមតំបន់ទាំងនេះ មានរមណីយដ្ឋានដែលល្បី និងទាក់ទាញភ្ញៀវទេសចរបានច្រើន គឺភ្នំជីសូរ្យ, ភ្នំតាម៉ៅ, ទន្លេបាទី និងភ្នំដា។ តំបន់ទេសចរណ៍ធម្មជាតិទាំងនោះ មានទេសភាពដ៏ស្រស់ស្អាត ផ្លូវដំណើរទៅងាយស្រួល ដែលនេះគឺជាកត្តាទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យមកកម្សាន្ត និងបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។

ប្រាសាទសំបូរព្រៃគុក ឈរក្នុងព្រៃអតីតរាជធានីឦសានបុរៈ រង់ចាំទេសចរ
ដែនដីទេសចរណ៍ដែលមានស្ថាបត្យកម្មដ៏ប្រណិតជាច្រើនកន្លែងមួយនេះ កំពុងទាក់ទាញភ្ញៀវទេសចរចម្រុះជនជាតិឱ្យមកកម្សាន្ត និងស្វែងយល់ពីទេសចរណ៍បែបធម្មជាតិ និងប្រវត្តិសាស្ត្រ នៅខេត្តតាកែវកាន់តែច្រើន។ ក្រៅពីសក្តានុពលទេសចរណ៍ខាងលើ នៅមានរមណីយដ្ឋានជាច្រើនកន្លែងទៀត អាចក្លាយទៅជាតំបន់ទេសចរណ៍ដ៏សម្បូរបែប ដែលអំណោយផលដល់ភ្ញៀវទេសចរ មកកម្សាន្តនៅលើទឹកខេត្តតាកែវមួយនេះ។
ខេត្តនៅជិតភ្នំពេញមួយទៀត គឺខេត្តកំពង់ស្ពឺ មានតំបន់ទេសចរណ៍វប្បធម៌ជាច្រើន មានសន្ទុះភ្ញៀវទេសចរខ្លាំង រហូតប្ដូរមុខមាត់ពីតំបន់ឆ្លងកាត់ ក្លាយជាទិសដៅទេសចរណ៍យ៉ាងសំខាន់ដែរ។ ខេត្តកំពង់ស្ពឺ ជាខេត្តមួយដែលមមានបរិយាកាសល្អ ទាក់ទាញទេសចរ មកកម្សាន្តច្រើន ដែលនៅមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មាននោះទេ។
កត្តាដែលធ្វើឱ្យខេត្តកំពង់ស្ពឺ មានទេសចរទៅកម្សាន្តច្រើន ដោយសារតំបន់ទេសចរណ៍វប្បធម៌ ភ្នំ ធម្មជាតិ ម្ហូបអាហារឆ្ងាញ់ៗជាច្រើន រួមទាំងសណ្ឋាគារ បឹងកាឡូ និងផ្ទះសំណាក់ សម្រាប់ទេសចរស្នាក់នៅជាដើម។
ទន្ទឹមនឹងនោះ ខេត្តកំពង់ស្ពឺ មានតំបន់ទេសចរណ៍វប្បធម៌សក្ដានុពលចំនួន ៥កន្លែង។ តំបន់ទេសចរណ៍វប្បធម៌របស់ខេត្តកំពង់ស្ពឺ ទាំង ៥កន្លែង រួមមាន ល្អាងបុរាណវិទ្យាភ្នំចាស់,បុរាណវិទ្យាភ្នំព្រះ, រមណីយដ្ឋានប្រវត្តិសាស្ត្រតេទឹកពុះ, រមណីយដ្ឋានប្រាសាទភ្នំក្អែកពង និងសារមន្ទីរនរៈបុរី។ សម្រស់តំបន់ទេសចរណ៍វប្បធម៌ទាំងនេះ បានជំរុញឱ្យភ្ញៀវទេសចរ ចង់បន្តដំណើរកម្សាន្តទៅកន្លែងថ្មីទៀត។ តំបន់ទេសចរណ៍ទាំងនេះ មានភាពល្បីល្បាញ ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ ដែលមានទេសភាពល្អប្រណិត អាកាសធាតុល្អបរិសុទ្ធ និងដើមស្រល់ធម្មជាតិ។
មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានបន្តអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ និងបង្កើនផលិតផលទេសចរណ៍តាមសហគមន៍ ដើម្បីធ្វើឱ្យខេត្តកំពង់ស្ពឺទេសចរកាន់តែចាប់អារម្មណ៍។ អាជ្ញាធរ ក៏តែងតែអំពាវនាវដល់ភ្ញៀវទេសចរ ឱ្យបន្តមកកម្សាន្ត ដើម្បីបង្កើនមុខរបរបន្ថែមដល់ប្រជាជនក្នុងខេត្ត និងបញ្ចៀសការកាប់ទន្ទ្រានព្រៃឈើ។
មន្រ្តីជំនាញ និងអាជីវករ ដែលពឹងផ្អែកវិស័យទេសចរណ៍ នឹងខិតខំ អភិវឌ្ឍតំបន់ទេសចរណ៍ ឱ្យកាន់តែស្រស់ស្អាត និងមានសេវាកម្មច្រើនជាងនេះ។

រមណីយដ្ឋាន «បឹងយក្សឡោម»
ជាមួយគ្នានេះ ខេត្តរតនគិរី មានតំបន់ទេចរណ៍សក្ដានុពលរហូតដល់១៤កន្លែង ដែលសុទ្ធសឹងជារមណីយដ្ឋានធម្មជាតិ និងវប្បធម៌។ ភ្នំឥស្សឹតបតមៈ, បឹងយក្សឡោម, បឹងលំកុដ, បឹងយក្សអោម-យក្សការ៉ា, ទឹកធ្លាក់កាចាញ, ទឹកធ្លាក់ចាអ៊ុង, ទឹកធ្លាក់កាទៀង, ទឹកធ្លាក់អូរស៊ិនលែរ៍, ទឹកជួរតាតៃ, វាលរំប្លង់, ដែនជម្រកសត្វព្រៃលំផាត់, ឧទ្យានជាតិវីរៈជ័យ, ភូមិវប្បធម៌ជនជាតិដើមភាគតិច និងរមណីយដ្ឋានទឹកជួរទឹង ទាំងនេះ ជាតំបន់ទេសចរណ៍សក្ដានុពលរបស់ខេត្តនៅភូមិភាគឦសាន្តមួយនេះ។
រមណីយដ្ឋាននៅខេត្តរតនគិរី ជារមណីយដ្ឋានបែបធម្មជាតិ និងវប្បធម៌ ដែលទាក់ទាញភ្ញៀវឋទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនទៅកម្សាន្ត។ ក្នុងចំណោមរមណីយដ្ឋានទាំង១៤កន្លែងនេះ រមណីយដ្ឋានដែលល្បីជាងគេ គឺរមណីយដ្ឋាន «បឹងយក្សឡោម» ដែលជាបេះដូង នៃខេត្តរតនគិរី។
ក្នុងខេត្តរតនគិរី មានតំបន់ទេសចរណ៍ច្រើន ដែលទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ទាំងបែបធម្មជាតិ និងវប្បធម៌។ លើសពីនេះ តំបន់ទេសចរណ៍ដែលមិនសូវមានភ្ញៀវទេសចរទៅកម្សាន្ត គឺរមណីយដ្ឋាន «បឹងយក្សអោម-យក្សការ៉ា» ដែលមានចម្ងាយ ៤០ គីឡូពីទីរួមខេត្ត។
ចំណែកខេត្តបាត់ដំបងវិញ ខេត្តបាត់ដំបង ជាខេត្តដែលមានសក្ដានុពលទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ហើយក៏ជាមូលហេតុដែលធ្វើឲ្យខេត្តនេះសម្បូរបែបនៃកន្លែងទេសចរណ៍ផងដែរ។ ការរក្សាប្រពៃណីវប្បធម៌ ប្រាសាទ និងសំណង់ចាស់ៗ បានធ្វើឱ្យខេត្តនេះ ជាទីទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
សម្រាប់ភ្ញៀវទេសចរបរទេស និយមទៅកម្សាន្តតាមរមណីយដ្ឋានបែបវប្បធម៌ប្រវត្តិសាស្ត្រ ដូចជាប្រាសាទបាណន់ ប្រាសាទឯកភ្នំ ប្រាសាទបាសែត និងភ្នំសំពៅជាដើម។ រីឯ ភ្ញៀវជាតិ និយមទៅកម្សាន្តកន្លែងទេសចរណ៍បែបធម្មជាតិ កន្លែងលេងទឹក និងឡូរីបាត់ដំបង។
ខេត្តបាត់ដំបងសម្បូរ តំបន់ទេសចរណ៍ល្បីៗជាច្រើន ជាពិសេសតំបន់ទេសចរណ៍វប្បធម៌ ជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញភាពទាក់ទាញទេសចរឱ្យមកកន្សាន្តក្នុងខេត្តបាត់ដំបង។ តំបន់ទេសចរណ៍វប្បធម៌ក្នុងខេត្តបាត់ដំបង មានចំនួន ១១កន្លែង ក្នុងនោះវប្បធម៌ប្រវត្តិសាស្រ្ត ៥កន្លែង, វប្បធម៌ធម្មជាតិ ៣កន្លែង, សហគមន៍ទេសចរណ៍វប្បធម៌១កន្លែង និងសារមន្ទីរ២កន្លែង។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លើកឡើងថា ៖«តំបន់ទេសចរណ៍វប្បធម៌ក្នុងខេត្តបាត់ដំបង ជាផ្នែកមួយដ៏សំខាន់ក្នុងការទាក់ទាញចិត្តទេសចរឱ្យមកកម្សាន្តជាហូរហែ។ ទេសចរនិយមទៅកម្សាន្ត តាមរមណីយដ្ឋានបែបវប្បធម៌ ប្រវត្ថិសាស្ត្រ ដូចជាប្រាសាទបាណន់ ប្រាសាទឯកភ្នំ ប្រាសាទបាសែត និងភ្នំសំពៅជាដើម ។ តំបន់ទេសចរណ៍វប្បធម៌ភ្នំសំពៅ ដ៏ចំណាស់នៅបាត់ដំបងជាទីទេសចរណ៍វប្បធម៌ ទាក់ទាញទេសចរជាងគេក្នុងខេត្តបាត់ដំបង»។
ក្រៅពីនេះ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានពង្រឹងគុណភាពទេសចរណ៍ តាមរយៈការ បណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ការងារដល់ប្រជាជននៅតាមមូលដ្ឋានទេសចរណ៍ ដោយប្រយោលប្រមាណ២ម៉ឺននាក់។ ក្រៅពីតំបន់ទេសចរណ៍បែបវប្បធម៌ ស្ទឹង ទន្លេ ភ្នំ កសិទេសចរណ៍ អេកូទេសចរណ៍ ប្រពៃណីវប្បធម៌ អគារ វត្តបុរាណ ម្ហូបប្រចាំតំបន់ រមណីយដ្ឋានធម្មជាតិ និងកែច្នៃច្រើនកន្លែង គឺជាភាពទាក់ទាញសម្រាប់ទេសចរផងដែរ។
ចំពោះខេត្តកំពង់ធំ ដែលស្ថិតនៅកណ្ដាលនៃប្រទេសកម្ពុជា ក៏សម្បូររមណីយដ្ឋានវប្បធម៌ និងធម្មជាតិ សម្រាប់ទាក់ទាញទេសចរជាតិ និងអន្តរជាតិ ទៅកម្សាន្តដែរ។ មានចម្ងាយ ១៦៨ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងមានប្រជាជនប្រមាណ ៨០ម៉ឺននាក់ ខេត្តកំពង់ធំ មានរមណីយដ្ឋានបែបធម្មជាតិ និងវប្បធម៌ ៦កន្លែងដ៏ទាក់ទាញ គឺរមណីយដ្ឋានប្រាសាទ សំបូរព្រៃគុក, ប្រាសាទគុកនគរ, ភ្នំសន្ទុក, ស្ទឹងព្រៃប្រស់, បឹងសំរឹទ្ធិ និងរមណីយដ្ឋានស្ទឹងជីនិត។
ក្នុងចំណោមរមណីយដ្ឋានទាំង៦កន្លែងនេះ រមណីយដ្ឋានដ៏ល្បីល្បាញ «ប្រាសាទសំបូរព្រៃគុក» ត្រូវបានចាត់ទុកជាបេះដូង នៃខេត្តកំពង់ធំ។ ក្រៅពីនេះសក្ដានុពលទេសចរណ៍នៅរមណីយដ្ឋានបែបធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រផ្សេងទៀត ក៏ជួយឱ្យខេត្តកំពង់ធំ ទាក់ទាញបានភ្ញៀវទេសចរជាច្រើនដែរ៕
អ្នកសរសេរអត្ថបទ
កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២ កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។ បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥ ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: