- ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១១:០៤ នាទី យប់

ភ្នំពេញ៖ «យើងចាប់ផ្តើមខ្វះកម្លាំងពលកម្មហើយ!»។ នេះជាការលើកឡើងរបស់ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយផ្អែកទៅលើការសិក្សារបស់អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងសមាគមជំនាញផ្ទាល់នៅកម្ពុជា។ ក្នុងស្ថានភាពបែបនេះ សម្តេច ចង់ឱ្យពលករខ្មែរដែលត្រឡប់មកពីក្រៅប្រទេស ស្វែងរកឱកាសការងារនៅប្រទេសខ្លួនវិញ។
សម្តេចបានបញ្ជាក់ថា ដ្បិតធ្វើការងារនៅប្រទេសថៃ ប្រទេសកូរ៉េខាងត្បូង និងប្រទេសផ្សេងៗទៀត ពលករខ្មែរអាចទទួលបានប្រាក់ចំណូលខ្ពស់ ប្រាក់ខែខ្ពស់ ក៏ប៉ុន្តែការចំណាយក៏ខ្ពស់ដែរ ហើយថែមចាកឆាយពីប្រទេសកំណើតទៀត។
តែយ៉ាងណាមិញ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា ក៏មិនរឹងត្បិតចំពោះនាំចេញកម្លាំងពលកម្មរបស់កម្ពុជាទៅប្រទេសផងដែរ។ សម្តេច ហ៊ុន សែន បានលើកឡើងថា ប្រទេសមួយចំនួនក្នុងតំបន់ សូម្បីប្រទេសថៃបច្ចុប្បន្ន ក៏បន្តនាំចេញកម្លាំងពលកម្មទៅកូរ៉េខាងត្បូងដែរ។ ក្រៅពីកូរ៉េ, ថៃក៏នាំកម្លាំងពលកម្មរបស់ខ្លួនទៅកាន់អេមីរ៉ាតអារ៉ាប់រួម មជ្ឈិមបូព៌ា និងទៅទីកន្លែងដែលមានប្រាក់ខែខ្ពស់ ដោយជំនួយមកវិញ គឺថៃ យកពលករពីកម្ពុជា ពីឡាវ ពីមីយ៉ាន់ម៉ា ទៅបំពេញកម្លាំងពលកម្មឱ្យប្រទេសខ្លួនវិញ។
« នេះ គឺចរន្តសេដ្ឋកិច្ច និងតម្រូវការ។ គេធ្វើកិច្ចព្រមព្រៀងរហូតដល់ពាក់ព័ន្ធនឹងការដោះស្រាយការងារនៅក្នុងក្របខណ្ឌអាស៊ាន និងក្រៅក្របខណ្ឌអាស៊ាន។ ដូចជា កម្ពុជា មានព្រៀមព្រៀងជាមួយជប៉ុន ជាមួយកូរ៉េខាងត្បូង អំពីការនាំពលករចេញ។ ប្រទេសមួយចំនួនទៀត ធ្វើកិច្ចព្រៀមព្រៀងជាមួយយើង ដើម្បីនាំពលករចេញ។ យើងប្រឹងប្រែងដោះស្រាយទីផ្សារការងារ ហើយកម្មកររបស់នៅប្រទេសថៃមិនមែនជាកំហុសទេ»។ សម្តេច ហ៊ុន បានបញ្ជាក់បែបនេះ ទៅកាន់ក្រុមប្រឆាំង ដោយបន្តមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា៖ « កម្ពុជា ទើបនឹងមានឱកាសពេញលេញក្នុងរយៈពេល២៦ឆ្នាំចុងក្រោយនេះ ក្នុងការកសាងប្រទេស»៕