ស្ពានឫស្សីជាង៣០០ម៉ែត្រ នឹងជំរុញសក្ដានុពលទេសចរណ៍ នៅសហគមន៍កំពង់សាមគ្គី ខេត្តកំពត
- ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១០:៤៧ នាទី ព្រឹក

រូបភាពពីមន្ទីរទេសចរណ៍ខេត្តកំពត
ភ្នំពេញ៖ សហគមន៍នេសាទ-ទេសចរណ៍កំពង់សាមគ្គី ក្រោមជំនួយពីអង្គការ អេដ អេ អាកស្យុង បានសាងសង់ស្ពានឫស្សីប្រវែង៣៥០ម៉ែត្រ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត។ ស្ពានឫស្សីនេះ ជាផលិតផលទេសចរណ៍ថ្មីរបស់សហគមន៍ ដែលផ្សាភ្ជាប់រវាងទេសចរណ៍ និងសហគមន៍នេសាទ។

លោក កៅ សុខ ប្រធានសហគមន៍នេសាទ-ទេសចរណ៍កំពង់សាមគ្គី អះអាងថា ស្ពានឫស្សីថ្មីនេះ ចាប់ផ្ដើមសាងសង់នាដើមខែមករា ហើយបច្ចុប្បន្នសម្រេចបានប្រវែង៣២០ម៉ែត្រហើយ ស្មើនឹង៨០ភាគរយ ពោលគឺនៅសល់បង្កាន់ដៃ និងស្ពានប្រវែង៣០ម៉ែត្រទៀតប៉ុណ្ណោះ។ សមិទ្ធផលស្ពានឫស្សីថ្មីនេះ ជាជំនួយគាំទ្ររបស់អង្គការ អេដ អេ អាកស្យុង ហើយអាចរួចរាល់១០០ភាគរយមុនពេលពិធីចូលឆ្នាំខ្មែរ។
លោក កៅ សុខ លើកឡើងថា៖«ស្ពាននេះប្រវែងជាង៣០០ម៉ែត្រ ឆ្លងទៅកន្លែងចិញ្ចឹមត្រីស្ពង់៣០បែក្នុងសហគមន៍។ កន្លែងចិញ្ចឹមត្រី មានគោលការណ៍សហគមន៍ នឹងធ្វើរានហាលលើទឹកសម្រាប់ភ្ញៀវទេសចរទស្សនាទេសភាពធម្មជាតិ មានកន្លែងអង្គុយលេង និងស្ទូចត្រីនៅទីតាំងនោះ។ ជាគោលបំណង ទេសចរឆ្លងកាត់មិនដើរត្រឡប់ក្រោយវិញទេ ប៉ុន្តែត្រូវដើរតាមស្ពានឈើមួយទៀត ដើម្បីត្រឡប់មកវិញ»។

រូបភាពពីមន្ទីរទេសចរណ៍ខេត្តកំពត
សម្រាប់ លោក កៅ សុខ រំពឹងថា វត្តមានស្ពានឫស្សី នឹងទាក់ទាញភ្ញៀវទេសចរ ឱ្យស្គាល់សហគមន៍នេសាទ និងទេសចរណ៍នៅដៃសមុទ្រនេះបានកាន់តែច្រើន ដើម្បីផ្ដល់ចំណូលដល់ពលរដ្ឋក្នុងសហគមន៍ឱ្យមានជីវភាពល្អប្រសើរ និងអាចបន្តការងារអភិរក្សធនធានធម្មជាតិផងដែរ។ ស្ពានឫស្សីប្រវែងជាង៣០០ម៉ែត្រនេះ មិនត្រឹមតែផ្ដល់ភាពទាក់ទាញទេសចរប៉ុណ្ណោះទេ តែក៏ជារនាំងបាំងរលកសមុទ្រ ដើម្បីងាយស្រួលក្នុងការដាំកោងកាង។ លោក កៅ សុខ លើកឡើងដូច្នេះ៖«ស្ពាននេះមិនប៉ះពាល់ការនេសាទឡើយ ប៉ុន្តែយើងចង់ស្រូបទាញទេសចរតាមរយៈស្ពានឫស្សី អាចដើរទស្សនាកោងកាង ស្ទូចត្រីកម្សាន្ត ហើយក៏ធ្វើជារនាំងបាំងរលក កុំឱ្យបក់នាំខ្សាច់មកច្រើន ធ្វើឱ្យដីរឹង ពិបាកដាំកោងកាង។ អ៊ីចឹងកាត់បន្ថយរលកមកកន្លែងដាំកោងកាង ធ្វើឱ្យងាយស្រួលដាំ និងលូតលាស់»។

លោក កៅ សុខ ប្រធានសហគមន៍នេសាទ-ទេសចរណ៍កំពង់សាមគ្គី ខេត្តកំពត
បើតាមលោក សុខ នៅសហគមន៍កំពង់សាមគ្គី មានសក្ដានុពលទេសចរណ៍សម្បូរបែប ដូចជា ទីតាំងអភិរក្សស្មៅសមុទ្ទ ទស្សនាផ្សោតពណ៌ផ្កាឈូក ដាំដើមកោងកាង នេសាទត្រីទឹករាកលក្ខណៈគ្រួសារ ស្ទូចត្រី ជិះទូកទស្សនាព្រៃកោងកាង និងសកម្មភាពទេសចរណ៍ជាច្រើនទៀត។ ក្នុងសហគមន៍នេះ ក៏មានសេវាទេសចរណ៍ ដូចជាកន្លែងស្នាក់នៅ ម្ហូបអាហារ និងទូកទេសចរផងដែរ។

រូបភាពពីមន្ទីរទេសចរណ៍ខេត្តកំពត
ក្នុងនាមប្រធានសហគមន៍ លោក សុខ កៅ សប្បាយចិត្ត ហើយក៏អរគុណអង្គការដៃគូ ពិសេសអង្គការ អេដ អេ អាកស្យុង ដែលចូលរួមជ្រោមជ្រែងសហគមន៍កំពង់សាមគ្គី ពង្រីកសក្ដានុពលពីនេសាទ លើផ្នែកទេសចរណ៍ ដែលវាជាផ្នែកមួយដ៏សំខាន់ក្នុងបេសកកម្មអភិរក្សធនធានធម្មជាតិ បង្កើនប្រព័ន្ធអេកូឡូស៊ី និងជីវភាពប្រសើរសម្រាប់សហគមន៍៕
រូបភាពពីមន្ទីរទេសចរណ៍ខេត្តកំពត
អ្នកសរសេរអត្ថបទ
ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: