សម្ដេច ហ៊ុន សែន ស្នើឧកញ៉ាកម្ពុជា វិនិយោគដំណាំស្វាយចន្ទី
- ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១:៥៩ នាទី រសៀល

ភ្នំពេញ៖ កម្ពុជាមានដំណាំស្វាយចន្ទីច្រើន ប៉ុន្តែវត្ថុធាតុដើមមួយចំនួនធំ ត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាម ដើម្បីកែច្នៃជំនួស។ បញ្ហានេះ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្នើឱ្យសមាគមឧកញ៉ា ជួយវិនិយោគលើការកែច្នៃបន្ថែម ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ លើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការឆ្នាំ២០២៥» របស់សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១៤ ខែមីនា សម្ដេច ហ៊ុន សែន បានលើកឡើងថា កម្ពុជាកំពុងប្រែក្លាយខ្លួនទៅជាប្រទេសផលិតគ្រាប់ស្វាយចន្ទីស្រស់ច្រើនជាងគេលើពិភពលោក ប៉ុន្តែ អ្វីដែលជាបញ្ហានោះ គឺមិនមានលទ្ធភាពកែច្នៃច្រើនដោយខ្លួនឯង។ ក្នុងមួយឆ្នាំៗ កម្ពុជាត្រូវលក់គ្រាប់ស្វាយចន្ទីស្រស់ប្រមាណ៨០ម៉ឺនតោន ទៅប្រទេសវៀតណាម ដើម្បីកែច្នៃបន្ត។
ជុំវិញបញ្ហានេះ សម្ដេច ស្នើឱ្យឧកញ៉ា ជួយវិនិយោគលើការកែច្នៃបន្ថែម ដើម្បីជំរុញកម្ពុជាឱ្យក្លាយជាប្រទេសកសិ-ឧហ្សាហកម្ម និងកសិ-ពាណិជ្ជកម្មឈានមុខ និងឈានចាប់គោលដៅក្នុងការប្រែក្លាយខ្លួនទៅជាប្រទេសមានការអភិវឌ្ឍន៍នៅឆ្នាំ ២០៥០។

សម្ដេច ថ្លែងដូច្នេះថា៖« កម្ពុជាកំពុងប្រែក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីស្រស់ច្រើនជាងគេលើពិភពលោក ប៉ុន្តែ យើងកែច្នៃខ្លួនឯងបានតិចណាស់។ ចំណុចនេះ យើងគួរតែរួមគ្នា ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសកសិ-ឧហ្សាហកម្ម និងកសិ-ពាណិជ្ជកម្ម។ ការប្រែក្លាយនេះ នឹងជួយកម្ពុជាសម្រេចគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ប៉ុន្តែបើសិន យើងមិនរុញបញ្ហាទាំងនេះទេ គឺច្បាស់ណាស់ថា យើងនឹងជាប់ក្នុងអន្ទាក់នៃប្រទេសដែលមានប្រាក់ចំណូលទាបហើយ»។
បច្ចុប្បន្ន វៀតណាម និងឥណ្ឌា កំពុងឈកំពូលតារាងជាប្រទេសចែកចាយគ្រាប់ស្វាយចន្ទីទៅកាន់ពិភពលោក ប៉ុន្តែប្រទេសទាំងពីរនេះមិនមានគ្រាប់ស្វាយចន្ទីស្រស់គ្រាប់គ្រាន់សម្រាប់ការកែច្នៃនោះទេ។ ចំពោះ វៀតណាម ត្រូវដឹកជញ្ជូនគ្រាប់ស្វាយចន្ទីស្រស់ពីកម្ពុជា និងអាហ្វ្រិក ដើម្បីយកមកកែច្នៃបន្ត។ នេះបើតាមប្រសាសន៍របស់ សម្ដេច ហ៊ុន សែន ដោយបន្ថែមថា បើកម្ពុជាមានការកែច្នៃច្រើន វាមិនគ្រាន់តែជួយលើកកម្ពស់ជីវភាពកសិករនោះទេ ប៉ុន្តែ ក៏ជួយបង្កើនគម្រប់ព្រៃឈើកាន់តែធំ ដើម្បីធានាភាពបៃតងផងដែរ។
សមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) បានដាក់គោលដៅកាត់បន្ថយការលក់គ្រាប់ស្វាយចន្ទីទៅកាន់បរទេសឱ្យបាន ៧០ភាគរយផងដែរ នាពេលខាងមុខ។ នៅចំពោះមុខ សមាគមមួយនេះ កំពុងកៀរគរអ្នកវិនិយោគឱ្យមកបង្កើតរោងចក្រ និងសហគ្រាសកែច្នៃនៅកម្ពុជាបន្ថែមទៀត។
នៅដើមឆ្នាំ២០២៥នេះ កម្ពុជាមានសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ៥២កន្លែង ក្នុងនោះធុនមធ្យម ៨កន្លែង ដែលមានសមត្ថភាពផលិតបាន ៥ម៉ឺនតោន។ កន្លងទៅ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា កម្ពុជាត្រូវការរោងចក្រកែច្នៃខ្នាតមធ្យមយ៉ាងតិច៣៥កន្លែង ដើម្បីពង្រីកលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅបាន ១៧ម៉ឺនតោន ក្នុងមួយឆ្នាំ។
យោងតាម ឯកសារស្ដីពី «តំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជាឆ្នាំ ២០២៤» កម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីសរុប ៥៨០ ១១៧ ហិកតា និងអាចមានសក្ដានុពលផលិតកម្មប្រមាណ ៨១៦ ៤៥៩ តោនក្នុងមួយឆ្នាំ។ តាមតួលេខនេះ កម្ពុជាឈរក្នុងចំណោមប្រទេសចំនួន៣ ដែលផលិតស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក។
នៅឆ្នាំ២០២៤ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់វៀតណាមចំនួន ៧៩៣ ៤៥៣តោន ដែលគិតជាទឹកប្រាក់ ១១ ៥០លានដុល្លារ។ នេះបើតាមទិន្ន័យពីសមាគមស្វាយចន្ទីកម្ពុជា៕
អត្ថបទទាក់ទង
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: