អាម៉េរិក ដាក់ទណ្ឌកម្មមន្រ្តីថៃលើការបញ្ជូនជនជាតិវីហ្គ័រត្រលប់ទៅចិន
- ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៣:១៩ នាទី រសៀល

លោក Marco Rubio រដ្ឋមន្រ្តីការបរទេសអាម៉េរិក (ឆ្វេង) និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Marce Rubio និងShin Ing
ក្រសួងការបរទេសអាម៉េរិក នៅថ្ងៃទី១៤ ខែមីនា បានប្រកាសដាក់ទណ្ឌកម្មលើមន្រ្តីថៃ ពាក់ព័ន្ធការបញ្ជូនជនជាតិវីហ្គ័រ យ៉ាងហោចណាស់ ៤០នាក់ ត្រលប់ទៅចិនវិញ។ ទោះមិនបានបញ្ចេញឈ្មោះ មន្រ្តីថៃទាំងនោះ ប្រឈមការរឹតត្បិតការផ្តល់ទិដ្ឋាការរបស់អាម៉េរិក។

រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក Marco Rubio បានលើកឡើងពីទណ្ឌកម្មលើមន្រ្តី និងអតីតមន្រ្តីថៃ ដែលចូលរួម និងពាក់ព័ន្ធការជម្លៀសជនជាតិវីហ្គ័រយ៉ាងហោចណាស់ ៤០នាក់ ត្រលប់ទៅចិនវិញ។ ទោះមិនបានបញ្ចេញឈ្មោះ មន្រ្តីថៃទាំងនោះ ប្រឈមនឹងការឹតត្បិតទិដ្ឋាការ ដែលមិនអាចចូលអាម៉េរិកបាន។
«យើងប្តេជ្ញាប្រឆាំងកិច្ចខិតខំរបស់ចិន ក្នុងការដាក់សម្ពាធលើរដ្ឋាភិបាលបណ្តាប្រទេសផ្សេង ក្នុងការចាប់បញ្ជូនជនជាតិវីហ្គ័រ និងជនជាតិផ្សេងទៀតដោយបង្ខំទៅចិនវិញ»។ ប្រមុខការទូតអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី១៤ ខែមីនា ដោយបន្តថា ក្រុមជនជាតិទាំងនោះ អាចទទួលរងទណ្ឌកម្ម និងបាត់ខ្លួនដោយបង្ខំ។
ជនជាតិវីហ្គ័រច្រើនជាង ៤០០នាក់ បានគេចចេញពីចិន និងត្រូវបានអាជ្ញាធរថៃចាប់ខ្លួន នៅក្នុងឆ្នាំ២០១៤។ រដ្ឋាភិបាលថៃ ក្នុងថ្ងៃទី២៧ ខែកុម្ភៈ បានបញ្ជូនជនជាតិវីហ្គ័រយ៉ាងហោចណាស់ ៤០នាក់ ត្រលប់ទៅតំបន់ស៊ីនជាំង ប្រទេសចិនវិញ ក្រោយជាប់នៅមណ្ឌលឃុំឃាំងក្នុងក្រុងបាងកករយៈពេល ១១ឆ្នាំ។ ជនជាតិវីហ្គ័រទាំងនោះ បានចូលទៅថៃដោយខុសច្បាប់។
ក្រោយការចាប់បញ្ជូននោះ អាម៉េរិក បានព្រមាន និងរិះគន់រដ្ឋាភិបាលក្រុងបាងកក ដែលបះពាល់ដល់កាតព្វកិច្ចអន្តរជាតិ។ លើសពីនេះ អាម៉េរិក បានប្រាប់ឱ្យប្រជាជនខ្លួនប្រុងប្រយ័ត្ន និងចៀសវាងកន្លែងមានមនុស្សជួបជុំច្រើននៅថៃ ដ្បិតអាចមានការវាយប្រហារណាមួយកើតមាន។
នៅក្នុងឆ្នាំ២០១៥ ថៃបានចាប់បញ្ជូនដោយបង្ខំជនជាតិវីហ្គ័រចំនួន ១០៩នាក់ ទៅចិនវិញ។ ក្រោយការចាប់បញ្ជូននេះ ទីក្រុងបាងកក មានករណីផ្ទុះគ្រាប់បែកនៅកន្លែងគោរពបូជា Erawan Shrine។ ឧបទ្ទវហេតុកាលនេះ មានមនុស្សស្លាប់យ៉ាងហោចណាស់ ២០នាក់ និងរបួស១២៥នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: