ព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌ ប្រមូលបានថវិកា១០០លានរៀល ប្រគល់ជូនមូលនិធិគន្ធបុប្ផា
- ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៤:៣៩ នាទី រសៀល

ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌
ក្រសួងព័ត៌មានបាន រៀបចំព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌ (Run for Charity) នាព្រឹកថ្ងៃទី១៥ មីនា ឆ្នាំ២០២៥ នៅក្នុងបរិវេណនៃបុរីប៉េង ហួត បឹងស្នោ។ ព្រឹត្តិការណ៍នេះ មានអ្នកចូលរួម ១៦០០នាក់ ហើយប្រមូលបានថវិកា ១០០លានរៀល ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ លោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន អំពាវនាវឲ្យពលរដ្ឋកម្ពុជា ឆ្លៀតយកពេលទំនេរពីការងារ និងការសិក្សា មកចូលរួមលេងកីឡា។

អត្ដពលិកជាតិ និងអន្ដរជាតិ មកពី១៧ប្រទេស ដែលមានចំនួនជាង ១៦០០នាក់ បានចូលរួមរត់ដើម្បីសប្បុរសធម៌ នៅព្រឹកថ្ងៃទី១៥ មីនា នៅក្នុងបរិវេណនៃបុរីប៉េង ហួត បឹងស្នោ ដោយមានការចូលរួមពីលោក នេត ភក្ដ្រា។
រដ្ឋមន្ដ្រីក្រសួងព័ត៌មានរូបនេះ បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីរៃអង្គាសថវិកាជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងគាំទ្រដល់សុខមាលភាពសង្គម។ ព្រឹត្តិការណ៍ ដែលរៀបចំដោយក្រសួងព័ត៌មានជាលើកដំបូងនេះ ទទួលបានការគាំទ្រច្រើន ដោយអង្គាសបានថវិកា ១០០លានរៀល ជួយដល់មូលនិធិសប្បុរសធម៌នេះ។

យោងទៅលើការផ្សាយរបស់ក្រសួងព័ត៌មាន លោក នេត្រ ភក្ដ្រា បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងយុវជនទាំងអស់ ចំណាយពេលក្រៅម៉ោងបំពេញការងារ និងសិក្សា មកចូលរួមក្នុងសកម្មភាពកីឡា ដើម្បីសុខភាព និងបង្កើតទំនាក់ទំនងក្នុងសង្គម។
ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌នេះ មានវិញ្ញាសា ដូចជា ៤,៤គីឡូម៉ែត្រ និង៦,៦គីឡូម៉ែត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: