វៀតណាមកាត់ទោសម្ចាស់អគារដែលឆេះស្លាប់មនុស្ស៥៦នាក់ ឲ្យជាប់ពន្ធនាគារ១២ឆ្នាំ
- ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:៤០ នាទី ល្ងាច

តុលាការក្រុងហាណូយ AFP - NHAC NGUYEN
ដោយ៖ហេង ឧត្តម
គ្រោះអគ្គិភ័យដ៏ធំក្នុងខែកញ្ញា ឆ្នាំ២០២៣ បានសម្លាប់មនុស្ស ៥៦ នាក់ ជាសោកនាដកម្មភ្លើងឆេះដ៏ធ្ងន់ធ្ងរជាងគេបំផុត នៅវៀតណាម នា២ទសវត្សរ៍ចុងក្រោយ។ ទីបំផុតទៅ តុលាការក្រុងហាណូយបានផ្តន្ទាទោសម្ចាស់អគារដែលត្រូវភ្លើងឆេះនោះឲ្យជាប់ពន្ធនាគារចំនួន ១២ ឆ្នាំ។ តុលាការវៀតណាមក៏បានកាត់ទោសដាក់ពន្ធនាគារចំពោះមន្ត្រីមូលដ្ឋាន ៧ នាក់ ដែលបានឃុបឃិតជាមួយម្ចាស់អគារ។

ម្ចាស់អគារ ដែលរងគ្រោះអគ្គិភ័យឆេះស្លាប់មនុស្ស៥៦នាក់ និង៤៤នាក់រងរបួស កាលពីឆ្នាំ២០២៣ បានត្រូវតុលាការវៀតណាម សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ១២ ឆ្នាំ។ សេចក្តីសម្រេចរបស់តុលាការក្រុងហាណូយបញ្ជាក់ថា ម្ចាស់អគារលំនៅដ្ឋាន ឈ្មោះ Nghiêm Quang Minh វ័យ ៤៥ ឆ្នាំ គួរតែត្រូវទទួលទោសពៃរ៍ ឲ្យធ្ងន់ធ្ងរបំផុត។ ដ្បិតថា ទង្វើរបស់បុគ្គលនេះ បង្កគ្រោះថ្នាក់ខ្លាំង ដែលបណ្តាលឲ្យបាត់បង់អាយុជីវិតមនុស្សអស់ជាច្រើននាក់ និង ខូចខាតទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់។ ក្នុងចំណោមអ្នកស្លាប់និងអ្នករងរបួស ក៏មានកូនក្មេងតូចៗ ហើយគ្រួសារខ្លះស្លាប់មួយពូជតែម្តង។ នេះបើតាមសាលាក្រមរបស់តុលាការក្រុងហាណូយ នៅថ្ងៃសុក្រ ទី១៤ មីនា។
ចំណែកពិន័យរដ្ឋប្បវេណី តុលាការវៀតណាមក៏បានបង្គាប់ឲ្យម្ចាស់អគាររូបនេះ ប្រគល់សំណងជំងឺចិត្ត ចំនួន ២៣,៧ ពាន់លានដុង ស្មើនឹងប្រហែល ៩០ ម៉ឺនដុល្លារ ទៅឲ្យក្រុមគ្រួសារជនរងគ្រោះ និងអ្នករស់រានមានជីវិតពីអគ្គិភ័យ។
ក្រុមគ្រួសារជនរងគ្រោះមួយចំនួន បានប្រាប់អ្នកកាសែតក្នុងស្រុក និងទីភ្នាក់ងារព័ត៌មានបារាំងAFP ថា សាលក្រមនេះ ដាក់ទោសស្រាលណាស់ និងថា ពួកគេមិនពេញចិត្តទេ។
ដោយឡែក តុលាការក្រុងណាហូយ ក៏បានដាក់ទោសព្រហ្មទណ្ឌចំពោះមន្ត្រីរដ្ឋការវៀតណាម ចំនួន ៧ នាក់ ឲ្យជាប់ក្នុងពន្ធនាគារ ចន្លោះពី ៣០ខែ ទៅ ៧ឆ្នាំ ពីបទបំពានលើតួនាទីទំនួលខុសត្រូវ និងបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរ។
គួរជ្រាបថា ម្ចាស់អគារផ្ទះជួលនោះ បានកែប្រែគំរូប្លង់អគារ ដោយលួចសាងសង់អគារ ៣ ជាន់ថែមលើសចំនួនក្នុងប្លង់ដើមដែលបានអនុញ្ញាតរួចហើយ ដើម្បីបានចំណេញ សង់បន្ទប់ជួល ១២ បន្ទប់បន្ថែមទៀត។ អគារលំនៅដ្ឋាននោះទៀតសោត បានរំលោភបំពានច្បាប់ស្តីពីសុវត្ថិភាពលំនៅដ្ឋាន។ ក្រៅពីគ្មានប្រព័ន្ធប្រកាសអាសន្នអគ្គិភ័យ បន្ទប់ខ្លះគ្មានបង្អួច មានតែប្រឡោះខ្យល់ចេញចូលតូចមួយ។ អគារទាំងមូល មានជណ្តើរឡើងចុះតែមួយគត់ និងគ្មានជណ្តើរផ្សេងនៅខាងក្រៅ ឬច្រកផ្លូវចេញផ្សេងសម្រាប់ពេលមានគ្រោះអាសន្ននោះឡើយ។ ការស៊ើបអង្កេតរបស់សមត្ថកិច្ចវៀតណាម ក៏បញ្ជាក់ថា អាជ្ញាធរមូលដ្ឋានបានដឹងរឿងខុសច្បាប់ទាំងនេះ តែបានលាក់បាំង និងមិនព្រមរាយការណ៍ទៅថ្នាក់លើដើម្បីចាត់វិធានការ។
ក្រោយសោកនាដកម្មអគ្គិភ័យក្នុងឆ្នាំ២០២៣នោះ រដ្ឋាភិបាលវៀតណាមបានចេញបទបញ្ជាឲ្យអាជ្ញាធរចុះត្រួតពិនិត្យគុណភាពអគារលំនៅដ្ឋានទូទាំងប្រទេស ដោយតម្រូវឲ្យបំពាក់ប្រព័ន្ធសុវត្ថិភាពបង្ការភ្លើងឆេះ ហើយអាជ្ញាធរវៀតណាមក៏បានចេញច្បាប់កំណត់វិធានការសុវត្ថិភាពចំពោះសំណង់អគារដែលត្រូវសាងសង់ថ្មីដែរ។
វៀតណាម មានប្រជាជនប្រមាណ ១០០ លាននាក់ តែពលរដ្ឋ១ភាគ៣ ត្រូវប្រមូលផ្តុំរស់នៅក្នុងទីក្រុងនិងទីប្រជុំជនដ៏ចង្អៀតណែន។ ក្នុងឆ្នាំ២០២២ ក៏មានភ្លើងឆេះកន្លែងរង្គសាលច្រៀងខារ៉ាអូខេ ស្លាប់មនុស្ស ជាង ៣០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com