សម្ដេច ហ៊ុន ម៉ាណែត ជំរុញឱ្យបង្កើនក្រុមហ៊ុន សហគ្រាសដែលផលិតវត្ថុធាតុដើមគ្រឿងបង្គុំក្នុងស្រុក
- ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:១៩ នាទី យប់

រូបភាពពី STPM (1)
ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់សមាគមឧកញ៉ាកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យវិស័យឯកបង្កើតក្រុមហ៊ុន រោងចក្រសហគ្រាសឱ្យបានច្រើន ពិសេសរោងចក្រ សហគ្រាសផលិតវត្ថុធាតុដើម គ្រឿងបង្គុំ ដើម្បីគាំទ្រដល់ច្រវ៉ាក់ផលិតកម្មក្នុងស្រុក។

«ខ្ញុំសូមលើកទឹកចិត្តឱ្យវិស័យឯកជនរបស់យើង ទាក់ទាញដៃគូមកវិនិយោគក្នុងការផលិតខ្សែច្រវ៉ាក់នៃផលិតកម្ម។ ឧទាហរណ៍ យើងផលិតខោអាវនាំចេញ កន្លងទៅយើងយកក្រណាត់ជ្រលក់ពីក្រៅ យើងយកអីមកទាំងអស់ពីក្រៅ ឥឡូវយើងលើកទឹកចិត្តឱ្យមានការវិនិយោគផលិតក្រណាត់ ឬមួយក៏មានធ្វើអីក្នុងស្រុកយើង»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលជំរុញឱ្យអ្នកវិនិយោគបង្កើនផលិតកម្មវត្ថុធាតុដើម ធាតុបង្គុំក្នុងស្រុក ដើម្បីទប់ស្កាត់បញ្ហាសេដ្ឋកិច្ចសកលដោយពន្ធនាំចេញពីបរទេសនាពេលអនាគត។
សម្ដេចបញ្ជាក់ថា រដ្ឋាភិបាលត្រៀមរៀបចំគោលនយោបាយលើកទឹកចិត្តពិសេសសម្រាប់វិស័យឯកជន វិនិយោគិន ដែលចង់វិនិយោគបង្កើតរោងចក្រសហគ្រាសផលិតធាតុបង្គុំ វត្ថុធាតុដើមផ្សេងៗ ដើម្បីជំរុញច្រវ៉ាក់ផលិតកម្មក្នុងស្រុក ជាជាងការនាំចូលពីក្រៅ១០០ភាគរយ សម្រាប់ផ្គត់ផ្គង់ការនាំចេញ។
«យើងអាចកាត់បន្ថយការនាំចូលពីក្រៅ ផលិតក្នុងស្រុក២០-៣០ភាគរយ នេះហើយគឺជាការបង្កើន និងការរៀបចំនៃខ្សែច្រវ៉ាក់ផលិតកម្មរបស់យើង ការគិតគូ ដើម្បីត្រៀមខ្លួន កែសម្រួលនូវខ្សែច្រវ៉ាក់ផលិតកម្មរបស់យើង ធានានូវការប្រែប្រួលនូវស្ថានភាពពាណិជ្ជកម្មលើពិភពលោក»។ នេះជាលើកឡើងរបស់សម្ដេច ហ៊ុន ម៉ាណែត៕
© រក្សាសិទ្ធិដោយ thmeythmey.com