អ្នកជំនាញកំពុងជួសជុលស្ពានហាលខាងកើត ប្រាសាទបេងមាលា ឱ្យរឹងមាំឡើងវិញ
  • ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច
អ្នកជំនាញកំពុងជួសជុលស្ពានហាលខាងកើត ប្រាសាទបេងមាលា ឱ្យរឹងមាំឡើងវិញ
ស្ពានហាលខាងកើតប្រាសាទបេងមាលាកំពុងដំណើរការជួសជុលឡើងវិញ។ រូបភាព៖ អាជ្ញាធរជាតិអប្សរា

សៀមរាប៖ ១០ខែមកហើយ ដែលក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានខិតខំជួសជុលស្ពានហាល​ខាងកើតប្រាសាទបេងមាលា ដែលកំពុងប្រែពីភាពបាក់បែកទ្រុឌទ្រោម មកជារឹងមាំឡើងវិញ ដើម្បីលើកសោភ័ណភាពប្រាសាទនេះ។
TTN-Free-Banner-In-Article-PC

វិស្វករអ្នកស្រី បឿត សុប៉ាក ឱ្យដឹងថា ១០ខែមកនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានជួសជុលតួស្ពានហាល សសរ ធ្នឹម បង្កាន់ដៃនាគ ក្បាលនាគទាំងសងខាង​នៅផ្នែកខាងជើងនៃ​ស្ពានហាលខាងកើតនៃប្រាសាទបេងមាលា ដោយសម្រេចជាស្ថាពរ ជាពិសេសជួសជុល​កម្រាលស្ពាន​​ដែលស្រុតមួយផ្នែកធំទៀត។ បច្ចុប្បន្នក្រុមការងារនៅតែបន្តជួសជុល​ដំឡើងក្បាលនាគ​ផ្នែកខាងត្បូង និងជួសជុលថ្មបាយក្រៀមរបស់តួស្ពាន សសរ ធ្នឹម ជើងទម្រនាគ បង្កាន់ដៃនាគ និងកម្រាលនៅផ្នែកនេះផងដែរ។

តាមការបញ្ជាក់ពីអ្នកស្រី បឿត សុប៉ាក ការងារនេះធ្វើឡើងដោយគោរពទៅតាមអនុសាសន៍របស់ ក្រុមអ្នកជំនាញការអាស៊ីស៊ី-អង្គរ ដោយក្នុងនោះការងារជួសជុល គឺបាន​ប្រើថ្មបាយក្រៀមជំនួសដី​ ដែលចាស់បុរាណ​បានបុកបង្ហាប់ក្នុងពេលសាងសង់នៅតាមផ្នែកសងខាងនៃស្លាបស្ពាន ដែលទីតាំងនេះមានស្ថានភាពស្រុតដោយសារទឹកហូរច្រោះ។ អ្នកជំនាញរំពឹងថា ការប្រើថ្មបាយក្រៀម​នៅទីតាំងនេះនឹងជួយឱ្យរឹងមាំបានយូរអង្វែង ទប់ស្កាត់ការខូចខាតនាពេលអនាគតជាបន្តទៀត។

បើតាមអាជ្ញាធរជាតិអប្សរាដែលចុះផ្សាយនៅថ្ងៃទី១៥ ខែមីនា គម្រោងជួសជុលស្ពានហាលខាងកើត ប្រាសាទបេងមាលានេះ បានបែងចែកក្រុមការងារជា៤ផ្នែក រួមមានទី១ រៀបចំកម្រាល និងតម្លើងនាគ ទី២ ជួសជុលថ្មបាយក្រៀមនៃតួស្ពាន ទី៣ជួសជុលថ្មកម្រាល និងទី៤ ជួសជុលប៉ះនិងតថ្ម។ 

គម្រោងជួសជុលស្ពានហាលខាងកើតនៃប្រាសាទបេងមាលានេះ ក៏បានផ្តល់ឱកាសការងារដល់​ក្រុមអ្នកជំនាញ​ជួសជុលប្រាសាទបុរាណ និងប្រជាជនមួយ​ចំនួនរស់​នៅជុំវិញប្រាសាទនេះ ឱ្យទទួលបានប្រាក់កម្រៃជួយផ្គត់ផ្គង់គ្រួសារ ព្រមទាំងបានបណ្តុះ​ទឹកចិត្តពលរដ្ឋ​ឱ្យស្រឡាញ់ និងចូលរួមថែរក្សាកេរដំណែលដូនតាខ្មែរផងដែរ។
គួរបញ្ជាក់ថា ស្ពានហាលខាងកើតប្រាសាទបេងមាលា បានចាប់ផ្ដើមដំណើរការជួសជុលតាំងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ក្រោមមូលនិធិកិច្ចសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង និងគ្រោងបញ្ចប់​នៅខែសីហា ឆ្នាំ២០២៥៕

 

អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី (Isa Rohany) មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុីសា រ៉ហានី