ប្រព័ន្ធ«ទឹករាំ និងភ្លើងពណ៌»ប្រវែង១០០ម៉ែត្រនៅព្រែកកំពត បង្កើនទស្សនីយភាពដល់ទេសចរ
- ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:២៩ នាទី យប់

រូបភាព រដ្ឋបាលខេត្តកំពត
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត បានសម្រេចផលិតផលទេសចរណ៍ថ្មីមួយទៀត គឺរៀបចំប្រព័ន្ធ«ទឹករាំ និងភ្លើងពណ៌»នាពេលរាត្រី។ ប្រព័ន្ធ«ទឹករាំ និងភ្លើងពណ៌» នេះមានទីតាំងស្ថិតនៅព្រែកកំពត ក្បែររូបសំណាក់សេះសមុទ្ទ។ រដ្ឋបាលខេត្តកំពត រំពឹងថា ទស្សីយភាពនេះ គឺជាផ្នែកមួយសម្រាប់ទាក់ទាញទេសចរពេលរាត្រី បង្កើនការស្នាក់នៅក្នុងខេត្តច្រើនជាងមុន។

ក្រៅពីសេះសមុទ្ទ នាឡិកាយក្ស ក្នុងនោះប្រព័ន្ធ«ទឹករាំនិងភ្លើងពណ៌» បានធ្វើឱ្យសាធារណជនចាប់អារម្មណ៍ អំពីសមិទ្ធផលថ្មី នៃខេត្តកំពត។ ប្រព័ន្ធ«ទឹករាំនិងភ្លើងពណ៌» មានរូបភាពចតុកោណ រំលេចផ្ការំដួលចំនួន៣ទង នៅកណ្តាល។ វាមានបណ្តោយប្រវែង១០០ម៉ែត្រ ចំណែកទទឹងជាង២០ម៉ែត្រ ដែលបើកបង្ហាញដល់សាធារជនទស្សនា ចាប់ពីម៉ោង៨យប់តទៅ ដោយដាក់បង្ហាញជាផ្លូវការមុនពិធីបុណ្យចូលឆ្នាំខ្មែរ។

រូបភាព រដ្ឋបាលខេត្តកំពត
លោក ឃុត ឧសភា នាយករដ្ឋបាលខេត្តកំពត បានរៀបរាប់ថា ប្រព័ន្ធ«ទឹករាំនិងភ្លើងពណ៌»នេះ ប្រើពេលដំឡើងជិត១ខែ ក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត។ ប្រព័ន្ធ«ទឹករាំ និងភ្លើងពណ៌»នេះ សាងសង និងគ្របគ្រងបច្ចេកទេសដោយអ្នកជំនាញពីប្រទេសចិន។ នៅមិនឆ្ងាយពីរូបសំណាក់សេះសមុទ្ទ ប្រព័ន្ធ«ទឹករាំ និងភ្លើងពណ៌» បានច្នៃឡើងដោយមានភ្លើងចម្រុះពណ៌ អមដោយភ្លេងកំដរអារម្មណ៍ទេសចរ ពេលមកកម្សាន្តនៅសួនច្បារព្រែកកំពត។

រូបភាព រដ្ឋបាលខេត្តកំពត
«កាលកន្លងអភិបាលខេត្តបានគិតគូរពីកញ្ចប់សេវាកម្មទេសចរណ៍ យើងអាចទាក់ទាញទេសចរបានតែពេលថ្ងៃ។ ប៉ុន្តែដោយសារមានការគាំទ្រពីរដ្ឋាភិបាល ទើបមធ្យោបាយការតភ្ជាប់ធ្វើដំណើរពីភ្នំពេញ ទៅកំពតមានភាពងាយស្រួលជាងមុន។ អ៊ីចឹង អ្នកខ្លះអញ្ជើញមកវិលល្ងាច ដែលមិនអាចស្ទាក់ឱ្យលោក ស្នាក់នៅពេលយប់បាន។ ដូច្នេះ ប្រសិនបើពួកគាត់ចង់ឃើញទស្សនីយភាពនេះ ទេសចរនឹងស្នាក់នៅជាក់ជាមិនខាន។» នាយករដ្ឋបាលខេត្តកំពត បានបញ្ជាក់បែបនេះ។
ខេត្តទិសនិរតីមួយនេះ បានជ្រើសយកការអភិវឌ្ឍវិស័យទេសចរណ៍មុនគេ ដើម្បីពង្រឹងសេដ្ឋកិច្ចខេត្ត និងផលប្រយោជន៍ពលរដ្ឋ ។ ប៉ុន្មានឆ្នាំមកនេះ គេបានឃើញសមិទ្ធផលទេសចណ៍លេចធ្លោមួយចំនួន ដូចជា រូបសំណាកសេះសមុទ្ទ, នាឡិកាយក្ស កំពុងដើរ តួនាទីឈរហៅភ្ញៀវទេសចរឱ្យមកកម្សាន្តខេត្តកំពតកាន់តែច្រើនផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: