លោក ឌូទើតេ បង្ហាញខ្លួនតាមប្រព័ន្ធវីដេអូលើកដំបូងនៅតុលាការ ICC
- ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៥:១៩ នាទី ល្ងាច

រូបភាព AFP
អតីតប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្គោ ឌូទើតេ នៅថ្ងៃទី១៤ ខែមីនា បានបង្ហាញខ្លួនតាមប្រព័ន្ធវីដេអូជាលើកដំបូងនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ក្រោយការចាប់ខ្លួននៅហ្វីលីពីន។

ក្នុងសំលៀកបំពាក់ពណ៌ខៀវ និងសំឡេងខ្សោយ ដែលហាក់បង្ហាញពីភាពអស់កម្លាំងក្រោយធ្វើដំណើរផ្លូវឆ្ងាយពីហ្វីលីពីន ទៅទីក្រុងឡាអេ ហូឡង់ អតីតប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្គោ ឌូទើតេ បានបញ្ជាក់ពីឈ្មោះ និងថ្ងៃកំណើតរបស់ខ្លួន។
ជាមេដឹកនាំអាស៊ីដំបូងគេបង្ហាញខ្លួននៅតុលាការអន្តរជាតិទីក្រុងឡាអេ លោក ឌូទើតេ ត្រូវបានចៅក្រមប្រាប់ពីបទចោទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងសិទ្ធិការពាររបស់លោក។ លោកឌូទើតេ រងបទចោទនេះ ស្របពេលក្រុមសិទ្ធិមនុស្ស បានអះអាងថា សង្រ្គាមប្រឆាំងគ្រឿងញៀនមានអ្នកស្លាប់រហូតដល់ ៣ម៉ឺននាក់ ហើយភាគច្រើនជាជនក្រីក្រ។
ពាក់ព័ន្ធនឹងការចាប់ខ្លួននេះ លោក Salvador Medialdea មេធាវីរបស់លោក ឌូទើតេ បានអះអាងថា ការចាប់ខ្លួនកូនក្តីរបស់ខ្លួនទៅហូឡង់ ជាករណីចាប់ជំរិត ស្របពេលមានសុខភាពមិនល្អ។
សូមបញ្ជាក់ថា លោក ឌូទើតេ ជាប្រធានាធិបតីហ្វីលីពីពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ ហើយជាមេដឹកនាំអាស៊ីដំបូងគេ ដែលត្រូវបាននាំខ្លួនទៅកាត់ទោសនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលជាសមត្ថកិច្ចចុងក្រោយ ដើម្បីកាត់ទោសលើបទចោទពាក់ព័ន្ធឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ, ឧក្រិដ្ឋកម្មសង្រ្គាម និងប្រល័យពូជសាសន៍៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: