កុមារមានពិការភាពមាត់ឆែប ក្រអូមមាត់ឆែប មានស្នាមញញឹមស្រស់ស្អាតឡើងវិញ
- ថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ព្រឹក

សៀមរាប៖ កុមារមាត់ឆែប ក្រអូមមាត់ឆែប មកពីបណ្ដាខេត្ត-ក្រុងនានា ត្រូវបានអាណាព្យាបាលនាំមកទទួលសេវាវះកាត់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្របពេលដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ពីអង្គការស្នាមញញឹមកម្ពុជា ចុះផ្តល់សេវាវះកាត់រយៈពេល៣ថ្ងៃ។ កុមារទាំងនោះភាគច្រើន មានពិការភាពមាត់ឆែប និងក្រអូមមាត់ឆែបពីកំណើត។

តំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃអង្គការស្នាមញញឹមកម្ពុជា លោក នូ សារុំ បានឱ្យដឹងថា នេះជាលើកទី១៣ហើយ ដែលអង្គការស្នាមញញឹមកម្ពុជា បានសហការជាមួយមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ផ្តល់សេវាវះកាត់ដល់កុមារមាត់ឆែប និងក្រអូមមាត់ឆែប។ កិច្ចសហការចាប់ពីឆ្នាំ ២០០៦មក មានកុមារប្រហែល៦០០នាក់ហើយ បានជោគជ័យលើការវះកាត់នេះ។
បើតាមលោក នូ សារុំ កម្មវិធីវះកាត់ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃ១៣ ដល់ថ្ងៃទី១៥ ខែមីនា មានក្រុមគ្រូពេទ្យចម្រុះជំនាញ និងជាតិសាសន៍ចូលរួម ដូចជាគ្រូពេទ្យមកពីចិន ហុងកុង កាណាដា អូស្រ្តាលី និងកម្ពុជា។ លោក សារុំ បញ្ជាក់ថា ក្រុមគ្រូពេទ្យរំពឹងថា កម្មវិធីលើកទី១៣នេះ វះកាត់អ្នកជំងឺ៥០នាក់។

លោក ហុង ឡៃហេង វ័យ៣១ឆ្នាំ មកពីខេត្តពោធិ៍សាត់ បាននាំកូនប្រុសទី៣ អាយុ៩ខែ ដែលមានជំងឺមាត់ឆែបពីកំណើត មកវះកាត់នៅខេត្តសៀមរាប។ បុរសរូបនេះប្រាប់ថា លោកបានជួលកន្លែងគេស្នាក់នៅក្នុងក្រុងរយៈពេល៣ថ្ងៃហើយ ដើម្បីរង់ចាំការវះកាត់ដល់កូនប្រុសខ្លួន។ ជាអ្នកនេសាទ និងមានជីវភាពខ្វះខាតផង លោក ឡៃហេង អរគុណដល់អ្នកពាក់ព័ន្ធដែលផ្តល់ការព្យាបាលដោយឥតគិតថ្លៃ និងសង្ឃឹមថា កូនប្រុសរបស់លោកដែលមានសុខភាពល្អពីកំណើត អាចមានស្នាមញញឹមស្រស់ស្អាតដូចក្មេងដទៃទៀត។
ស្កាត់ពីខេត្តត្បូងឃ្មុំ ដើម្បីនាំកូនប្រុសទី២ អាយុ៤ខែ មកទទួលការវះកាត់មាត់ឆែប។ អ្នកស្រី ទង ដានី វ័យ៣១ឆ្នាំ ប្រាប់ថា អ្នកស្រីបានដឹងថាកូនមានជំងឺមាត់ឆែបនេះតាំងពីគេនៅក្នុងពោះមកម្ល៉េះ។ ដោយសារភាពជឿជាក់ និងក្រុមគ្រួសារធ្លាប់មានបទពិសោធន៍មកទទួលការវះនេះ (ក្មួយប្រុស) អ្នកស្រីជឿថា ក្រុមគ្រូពេទ្យជំនាញ នឹងកែស្នាមញញឹមរបស់កូនខ្លួនឱ្យស្រស់ស្អាតឡើងវិញ។
ពីខេត្តស្វាយរៀង អ្នកស្រី ហែម នាង នាំកូនអាយុ១០ខែមកវះកាត់ ដេរជាលើកទី២។ កូនប្រុសដំបូងរបស់ស្រ្តីវ័យ១៩ឆ្នាំរូបនេះ ធ្លាប់វះលើកទី១នៅពេលគេអាយុ៥ខែ។ អ្នកស្រីសង្ឃឹមថា ការវះកាត់ចុងក្រោយ នៅផ្នែកក្រអូមមាត់នេះ នឹងទទួលបានជោគជ័យ ហើយកូនប្រុសអ្នកស្រីអាចមានរាងកាយដូចក្មេងដទៃទៀតដែរ។

លោកស្រី ទុយ ជិ អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប
លោកស្រី ទុយ ជិ អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានកោតសរសើរចំពោះ ក្រុមគ្រូពេទ្យដែលបានរួមចំណែកផ្តល់ស្នាមញញឹមថ្មីសម្រាប់កុមារកម្ពុជា។ លោកស្រីបន្តថាក្នុងបេសកកម្មមនុស្សធម៌ច្រើនឆ្នាំមកនេះ អង្គការបានជួយវះកាត់កុមារដោយជោគជ័យប្រមាណ ៦ពាន់ករណីហើយ។
ក្នុងនាមកាកបាទក្រហម លោកស្រី ទុយ ជិ បានប្រកាសអំពាវនាវឱ្យសាធារណជន ក៏ដូចជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមបរិច្ចាគគ្រប់មធ្យោបាយដល់អង្គការស្នាមញញឹមកម្ពុជា ដើម្បីបន្តបេសកកម្មមួយនេះតទៅមុខទៀត ពិសេសដើម្បីផ្តល់ស្នាមញញឹមដ៏ស្រស់ស្អាតដល់កុមារគ្រកម្ពុជា។
គួបញ្ជាក់ថា កម្មវិធីវះកាត់ដោយឥតគិតថ្លៃនេះរៀបចំឡើងដោយអង្គការស្នាមញញឹមកម្ពុជា សហការជាមួយអង្គការស្នាមញញឹមចិន មូលនិធិអន្តរជាតិ BEAM ហុងកុង មូលនិធិជំងឺមាត់ឆែប ក្រអូមឆែបហុងកុង និងមន្ទីរសុខាភិបាលខេត្តសៀមរាប៕

ពិធីបើកកម្មវិធីវះកាត់កុមារមាត់ឆែប និងក្រអូមមាត់ឆែប
© រក្សាសិទ្ធិដោយ thmeythmey.com