កីឡាការិនី ត្រឹង ផាលីន សំណូមពរឲ្យយុវជនយកពេលទំនេរហាត់គុនល្បុក្កតោ
- ថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:១៩ នាទី ព្រឹក

ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ រូបពីសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា
កីឡាការិនី ត្រឹង ផាលីន មកពីសាលាគុនល្បុក្កតោក្រសួងការពារជាតិ សង្កេតឃើញថា កីឡាករ-កីឡាការិនីល្បុក្កតោ មានចំនួនច្រើនជាងមុន ហើយកម្រិតបច្ចេកទេសក្បាច់គុន ក៏ល្អជាងមុន ផងដែរ។ កីឡាការិនីរូបនេះ សំណូមពរឲ្យយុវជន យកពេលទំនេរហាត់គុនល្បុក្កតោ ព្រោះជាការរួមចំណែកថែរក្សាក្បាច់គុនដូនតាខ្មែរ។

យុវជន-យុវនារី គួរតែយកពេលទំនេរ មកហាត់កីឡា ជាជាងយកពេលទៅធ្វើអ្វីដែលមិនមានប្រយោជន៍ដល់សង្គម។ នេះជាការលើកឡើងរបស់យុវតី ត្រឹង ផាលីន ។
កីឡាការិនីមកពីសាលាគុនល្បុក្កតោក្រសួងការពារជាតិ បានពន្យល់ថា ក្បាច់គុនល្បុក្កតោ បានអភិវឌ្ឍទៅជាកីឡាមួយប្រភេទ ដែលអាចហាត់ដើម្បីសុខភាព និងការការពារថែរក្សាក្បាច់គុនដូនតា ផងដែរ។

ការប្រកួតគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤
«ខ្ញុំ ហាត់គុនល្បុក្កតោព្រោះខ្ញុំស្រឡាញ់ និងចង់ជួយថែរក្សាក្បាច់គុនដូនតាខ្មែរ ដែលបានបន្សល់ទុក សម្រាប់អ្នកជំនាន់ក្រោយហាត់បន្ដទៀត។ អ្នកហាត់គុនល្បុក្កតោ កាន់តែច្រើនទៅៗ ហើយអ្នកខ្លាំងក៏កាន់តែច្រើនទៅផងដែរ។ ខ្ញុំមានអារម្មណ៍ថាភ័យ។ ខ្ញុំ លើកទឹកចិត្តឲ្យក្មេងជំនាន់ក្រោយ ចូលរួមហាត់គុនល្បុក្កតោ និងជួយថែរក្សាក្បាច់គុនខ្មែរ ដែលដូនតាបានបន្សល់ទុក។ ក្បាច់គុននេះ គឺជាកីឡា។ ដូច្នេះ ពេលទំនេរ ក្នុងមួយថ្ងៃទោះ១ម៉ោង ២ម៉ោង ក៏យើងអាចហាត់បានដែរ ហើយជួយឲ្យរាងកាយយើង រឹងមាំផង។»។ កីឡាការិនីរូបនេះ បាននិយាយដូច្នេះ។
កាលពីថ្ងៃទី៩ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនការ៉ាតេ សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ព្រឹត្តិការណ៍នេះ មានអត្ដពលិកចូលរួមសរុប ១៦០នាក់ ក្នុងនោះកីឡាការិនីមាន ៥៥នាក់។ អត្ដពលិកទាំងនោះមកពី ២៨សាលាគុនល្បុក្កតោ ក្នុងរាជធានី ខេត្ត ចំនួន១០៕
© រក្សាសិទ្ធិដោយ thmeythmey.com