រដ្ឋមន្ត្រីអប់រំ និងឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា សម្ពោធសាលាអន្តរជាតិកម្ពុជាអូស្ត្រាលី និងកម្មវិធីសិក្សាមធ្យមសិក្សាអូស្ត្រាលី
  • ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៤:៣៤ នាទី រសៀល
រដ្ឋមន្ត្រីអប់រំ និងឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា សម្ពោធសាលាអន្តរជាតិកម្ពុជាអូស្ត្រាលី និងកម្មវិធីសិក្សាមធ្យមសិក្សាអូស្ត្រាលី

ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោក ដេរីក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីសម្ពោធជាផ្លូវការសាលាអន្តរជាតិកម្ពុជាអូស្ត្រាលី (AusCam Academy) និងកម្មវិធីសិក្សាមធ្យមសិក្សាស្ត្រាលី ដែលជាសាលាអន្តរជាតិដែលផ្តល់កម្មវិធីអប់រំស្តង់ដារអូស្ត្រាលី  (SACEi) ដែលមានទីតាំងស្ថិតនៅ តំបន់ជ្រោយចង្វា រាជធានីភ្នំពេញ។
លោក ឡេនស៍ ជែកសុន នាយកសាលាអន្តរជាតិកម្ពុជាអូស្ត្រាលី បានបង្ហាញពីទស្សនៈវិស័យដែលផ្តោតលលើគុណភាព និងការកសាងបុគ្គលសំរាប់អនាគត។ លោក Ashley Irving ប្រធានសភាពាណិជ្ជកម្មអូស្ត្រាលី (Australian Chamber of Commerce) និងជាចាងហ្វាងសាលា ACE ថ្លែងថានេះជាការបោះជំហានទៅមុខដ៏វិជ្ជមានសំរាប់ជំរើសសិក្សានៅកម្ពុជា។

លោក ហង់ជួន ណារ៉ុន បានថ្លែងចូលរួមអបអរសាទរដល់សាលាអន្តរជាតិកម្ពុជាអូស្ត្រាលី ដែលសម្ពោធជាផ្លូវការនាពេលនេះ ជាពិសេសចំពោះការនាំយកកម្មវិធីសិក្សាមធ្យមសិក្សាអូស្ត្រាលីមកកាន់កម្ពុជា ដែលទាំងអស់នេះបានឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារវាងកម្ពុជា និង អូស្ត្រាលី ក្នុងការបង្កើនគុណភាពអប់រំ ជាពិសេសផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងប្រទេសកម្ពុជា ទទួលបានកម្មវិធីសិក្សា និងសញ្ញាបត្រដែលត្រូវបានទទួលស្គាល់កម្រិតអន្តរជាតិ។

កម្មវិធីសិក្សាពិសេសនេះផ្តោតលើការបណ្ដុះបណ្ដាលបំណិនទន់ ឬហៅថាបំណិនសតវត្សទី២១ ដែលជួយឱ្យសិស្សានុសិស្សមានសមត្ថភាពនៅក្នុងការធ្វើការងារជាក្រុម ការទំនាក់ទំនង បំណិនសង្គម បំណិនផ្នែកបច្ចេកវិទ្យា ការត្រិះរិះពិចារណា គំនិតផ្ដួចផ្ដើមថ្មីៗ ជាពិសេសប្រើប្រាស់ចំណេះដឹងដែលបានរៀនពីថ្នាក់រៀនផ្សារភ្ជាប់ដោះស្រាយបញ្ហាដែលជួបប្រទះរាល់ថ្ងៃនៅក្នុងសង្គមខាងក្រៅដែលមានភាពប្រែប្រួលឥតឈប់ឈរ។ 

តាងនាមក្រសួងអប់រំលោក ហង់ជួន ណារ៉ុន ក៏កោតសរសើរ និងថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធជាតិនិងអន្តរជាតិទាំងអស់ ដែលបានខិតខំប្រឹងប្រែង សម្រេចនូវសមិទ្ធផលនេះ និងបានលើកឡើងពីសារៈសំខាន់នៃការវិនិយោគលើវិស័យអប់រំ ដែលជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ព្រមទាំងបានជំរុញលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ ឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ក្នុងគោលដៅអភិវឌ្ឍធនធានមនុស្សផងដែរ។  

លោក ដេរីក យីប បានថ្លែងអបអរសាទរដល់ស្ថាប័ន SACE Board និងសាលា AusCam ហើយថាកិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីអនាគតនៃវិស័យអប់រំ ហើយលោកជឿជាក់ថា នឹងផ្តល់ជូនសិស្សានុសិស្សប្រទេសកម្ពុជានូវមធ្យោបាយដែលនាំឲ្យគាត់ជោគជ័យ ក្នុងការទទួលសញ្ញាបត្រ ដែលត្រូវបានទទួលស្គាល់ទូទាំងសកលលោកផងដែរ។

លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងដែរថា «ការអប់រំមិនមែនគ្រាន់តែអំពីការទទួលបានចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែវាជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច និងការបង្កើតភាពជាដៃគូអន្តរជាតិ ផងដែរ»។

លោក Lance Jackson ចាងហ្វាងសាលាបានឲ្យដឹងថា «ការបង្កើតសាលារៀននេះ ក្នុងបំណងផ្តល់ដល់សិស្សានុសិស្សនៅកម្ពុជាទទួលបានការអប់រំលំដាប់ពិភពលោកក្នុងតំលៃដែលសមរម្យ។ កម្មវិធីសិក្សានៃរដ្ឋអូស្ត្រាលីភាគខាងត្បូងនេះនឹងអនុញ្ញាតិឱ្យសិស្សបន្តរការសិក្សានៅប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា ណូវែលសេឡង់ជាដើមដោយទទួលបានការប្រឹក្សយោបល់និងការរៀបចំបែបបទដោយស្ថាប័ន IDP Education និង សាលា ACE។ 


សូមបញ្ជាក់ដែរថា សាលាអន្តរជាតិកម្ពុជាអូស្ត្រាលី (AusCam Academy) ផ្តល់កម្មវិធីអប់រំសម្រាប់សិស្សអាយុពី៣ ដល់១៨ឆ្នាំ។  កម្មវិធីនេះផ្តល់ជូនតាមរយៈកម្មវិធីសិក្សា South Australia។

លោក Hassan Makeaway នាយកសេវាអប់រំអន្តរជាតិនៃរដ្ឋាភិបាលអូស្ត្រាលីខាងត្បូងបានថ្លែងក្នុងពិធីសម្ពោធថា «កម្មវិធី SACE មានលក្ខណៈពិសេសដោយមាននិយាមជួយឲ្យសិស្សមានសមត្ថស្របតាមតំរូវការនៃការវិវត្តន៍នៃការងារ សង្គម សេដ្ឋកិច្ច បច្ចេកវិទ្យា ប្រកបដោយបំនិននានាក្នុងការក្លាយជាពលរដ្ឋសកល។ ៧០% នៃពិន្ទុះទទួលបានពីការខិតខំជាប្រចាំពីកិច្ចការជាឯកត្តបុគ្គល ការងារជាក្រុម ការច្នៃប្រឌិត ការដោះស្រាយបញ្ហា ។ល។ ឯពិន្ទុ ៣០% ទៀតបានពីការប្រឡង មានន័យថាពិន្ទុះដែលទទួលបានមិនអាស្រ័យតែការធ្វើតេស្តតែម្តងនោះទេ។

ដើម្បីទទួលបានព័ត៌មានបន្ថែមពីកម្មវិធី SACE International សូមចូលទៅកាន់គេហទំព័រ www.sacei.edu.auwww.AusCam.academy


 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

ប៉េង សុងឡេង