អាមេរិកប្រកាស​ដាក់ទណ្ឌកម្មមន្រ្តីថៃ ពាក់ព័ន្ធនឹង​ការចាប់បញ្ជូន​ជនជាតិអ៊ុយហ្គួរទៅ​ប្រទេស​ចិន
  • ថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៣៩ នាទី ល្ងាច
អាមេរិកប្រកាស​ដាក់ទណ្ឌកម្មមន្រ្តីថៃ ពាក់ព័ន្ធនឹង​ការចាប់បញ្ជូន​ជនជាតិអ៊ុយហ្គួរទៅ​ប្រទេស​ចិន
ប្រមុខការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ AP - Saul Loeb

ដោយ៖ឈាង បុប្ផា/ RFI ខេមរភាសា
ក្រសួងការបរទេស​អាមេរិក​បាន​សម្រេច​ដាក់ទណ្ឌកម្ម​លើ​មន្រ្តីរដ្ឋាភិបាល​ថៃ​ដែលមាន​ជាប់ពាក់ព័ន្ធ​នឹង​ការបណ្តេញ ចាប់បញ្ជូន​ជនជាតិ​អ៊ុយហ្គួរ​ទៅ​ឲ្យ​អាជ្ញាធរ​ប៉េកាំង។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន កាលពីថ្ងៃ​សុក្រទី ១៤ មីនា រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​ម៉ាកូ រូប៊ីយ៉ូ​បាន​ព្រមាន​ប្រទេស​ដទៃទៀត​កុំ​ឲ្យ​យកគំរូតាមប្រទេស​ថៃ បើសិន​មិន​ចង់​ជាប់ទណ្ឌកម្ម​របស់អាមេរិក។ ថៃ តាមរយៈ​ក្រសួងការបទេស​បាន​បញ្ជាក់​នៅថ្ងៃសៅរ៍ ទី ១៥ មីនា​ថា រដ្ឋាភិបាល​ថៃ​ទទួល​បាន​ការធានា​ពី​ប៉េកាំង ទាក់ទង​នឹង​ការរក្សា​សន្តិសុខ​ឲ្យ​ជនជាតិ​អ៊ុយហ្គួរ ដែល​ថៃបាន​បញ្ជូន​ទៅ​ប្រទេស​ចិន កាលពី​ចុងខែ​កុម្ភៈកន្លងទៅ។
TTN-Free-Banner-In-Article-PC

រដ្ឋាភិបាល​ថៃ​កំពុង​រងការរិះគន់ និងការដាក់សម្ពាធ ពី​សហភាពអឺរ៉ុប និង​សហរដ្ឋអាមេរិក ដោយសារ​តែ​សំណុំរឿង​ចាប់បញ្ជូន​ជនជាតិអ៊ុយហ្គួរ​ដ៏ចម្រូងចម្រាស​ទៅ​ឲ្យ​ប្រទេស​ចិន។

នៅ​ថ្ងៃសុក្រទី ១៤ មីនា តាំង​ពី​កិច្ចប្រជុំ​ហ្សេ ៧ នៅប្រទេស​កាណាដា រដ្ឋមន្រ្តីក្រសួងការបរទេស​អាមេរិក លោក​ម៉ាកូ រូប៊ីយ៉ូ​បាន​ប្រកាស​ថា អាមេរិក​បាន​សម្រេច​ហាម មិន​ឲ្យមន្រ្តីរដ្ឋាភិបាលថៃអាច​ធ្វើដំណើរ​ទៅសហរដ្ឋអាមេរិក បន្ទាប់ពី​ពួកគេ​មានជាប់ពាក់ព័ន្ធ​នឹង​ការចាប់បញ្ជូនជនជាតិ​អ៊ុយហ្គួរ​ទៅប្រទេស​ចិន។

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបទេសអាមេរិក បម្រាមខាងលើ​នឹង​អនុវត្ត​ទៅលើមន្រ្តីរដ្ឋាភិបាល​ថៃបច្ចុប្បន្ន និង​មន្រ្តីចាស់ៗ ក្នុង​រដ្ឋាភិបាលមុន។ គួរបញ្ជាក់ថា ក្រៅពី​ចាប់បញ្ជូន​ជនជាតិ​អ៊ុយហ្គួរ​ជាង​៤០នាក់ កាលពី​ចុងខែ​កុម្ភៈទៅ​ឲ្យ​ប្រទេស​ចិន រដ្ឋាភិបាល​ថៃ ធ្លាប់​បាន​ចាប់បញ្ជូន​ជនជាតិអ៊ុយហ្គួរ​ក្នុងទ្រង់ទ្រាយធំ ក្នុង​ចំនួន ១០៩នាក់ កាលពី ឆ្នាំ ២០១៥ រហូត​បណ្តាល​សហគមន៍អន្តរជាតិរិះគន់ និង​ថ្កោលទោស​ប្រទេស​ថៃយ៉ាងចាស់ដៃ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួងការបរទេសអាមេរិក ក្រៅពី​ដាក់ទណ្ឌកម្ម​លើ​មន្រ្តីរដ្ឋាភិបាល​ថៃ ប្រមុខការបរទេស លោក ម៉ាកូ រូប៊ីយ៉ូ​នៅបាន​ព្រមាន​ប្រទេស​ផ្សេងទៀត​កុំ​ឲ្យ​ចាប់បញ្ជូន​ជនជាតិ​អ៊ុយហ្គួរ​ទៅ​ឲ្យ​ប្រទេស​ចិន។ បើតាម​រដ្ឋមន្រ្តីការបរទេស​អាមេរិក គេ​ដោយផ្អែក​លើ​ភស្តុតាងកាន់តែច្បាស់​ដែលថា រដ្ឋអំណាច​ប៉េកាំង​បាន​ប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ទៅលើ​ជនជាតិ​អ៊ុយហ្គួរ​នៅក្នុងខេត្ត​ស៊ីនជាំង ជាច្រើន​ឆ្នាំមកហើយ រដ្ឋមន្រ្តីការបរទេស​អាមេរិកព្រមានបន្ថែមថា អំណើះតទៅ រាល់​ប្រទេស​ដែល​ចាប់បញ្ជូនជនជាតិអ៊ុយហ្គួរ​ទៅ​ប្រទេស​ចិន នឹង​ជាប់រងការការទណ្ឌកម្ម​ពីអាមេរិក។

បើតាម​ភាគី​អាមេរិក ប្រជាជន​អ៊ុយហ្គួរ ជាង​១លាននាក់ ដែល​កាន់សាសនា​អ៊ីស្លាម ត្រូវ​អាជ្ញាធរ​ចិន​ចាប់ដាក់ក្នុង​មណ្ឌលឃុំឃាំង​ជាច្រើនកន្លែង នៅក្នុង​លេស​បោសសម្អាត ទប់ស្កាត់​ក្រុមភេរវនិយម​នៅតំបន់ស៊ីនជាំង។

ទាត់ចោល​ការចោទប្រកាន់​របស់​លោកខាងលិច ដែល​ថា ជនជាតិ​អ៊ុយហ្គួរ​រងគ្រោះ​ដោយសារ​ការធ្វើការដោយបង្ខំ និង​លះបង់ចោល​សាសនា​អ៊ីស្លាម ប៉េកាំង​អះអាងថា ប្រជាជន​អ៊ុយហ្គួរទាំងនោះ​កំពុង​ទទួលវគ្គបណ្តុះបណ្តាល ដើម្បីកសាង​ជីវិតថ្មី ចាកឆ្ងាយ​ពី​ក្រុមអ៊ីស្លាមជ្រុលនិយម។

នៅមុនអាមេរិក ទៅទៀត នៅក្នុង​កិច្ចប្រជុំ កាលពីថ្ងៃ​ព្រហស្បតិ៍​ទី ១៣ មីនា សភាអឺរ៉ុប​បាន​ថ្កោលទោស និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថៃ ឈប់​ចាប់បញ្ជូន​ជនជាតិ​អ៊ុយហ្គួរ​ទៅឲ្យប្រទេស​ចិនតទៅទៀត ពីព្រោះថា ពួកគេ​ទាំងនោះ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់ដល់​អាយុជីវិត។

នៅក្នុង​សេចក្តីសម្រេច​ដែលបោះឆ្នោតគាំទ្រ​ដោយ​សមាជិកសភាអឺរ៉ុប​ភាគច្រើន ប្រមាណ ៤៨២សំឡេង និង​សំឡេងប្រឆាំងចំនួន​៥៧ សភាអឺរ៉ុប​បាន​ទាមទារ​ឲ្យ​គណៈកម្មការអឺរ៉ុប​ត្រូវ​តែ​ចងភ្ជាប់​លក្ខខណ្ឌ​មួយចំនួន ដូចជា​ការគោរពសិទ្ធិមនុស្ស ការធ្វើកំណែទម្រង់​ច្បាប់ជេរប្រមាថព្រះមហាក្សត្រ និង​ការបិទបញ្ចប់​ការធ្វើបត្យាប័ន​ជនជាតិអ៊ុយហ្គួរ​ទៅប្រទេស​ចិន នៅក្នុង​ការចរចា​ពាណិជ្ជកម្ម​ជាមួយ​រដ្ឋាភិបាលក្រុង​បាងកក។

សមាជិកសភាអឺរ៉ុប​នៅបាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ​បើកភ្លើងខៀវ អនុញ្ញាត​ឲ្យ​ឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន របស់អង្គការ​សហប្រជាជាតិ ចូល​ទៅជួប​ប្រជាជន​អ៊ុយហ្គួរ ដែលបាន​រត់ភៀសខ្លួន​ពីខេត្ត​ស៊ីនជាំង ប៉ុន្តែ ត្រូវ​អាជ្ញាធរ​ថៃ​ចាប់ដាក់​ក្នុង​មណ្ឌលឃុំខ្លួនជាច្រើនឆ្នាំ​មកនេះ។

ប្រតិកម្ម​នឹង​ការដាក់ទណ្ឌកម្ម​របស់អាមេរិក ក្រសួងការបរទេស​ថៃ​បាន​បកស្រាយថា ចាប់តាំង​ពី​ចាប់បញ្ជូន​ជនជាតិអ៊ុយហ្គួរ ទៅ​ប្រទេស​ចិន​នៅចុងខែ​កុម្ភៈ ភាគីថៃ​តែង​តាមដាន​សុខុមាលភាព​របស់ពួកគេជាប់ជានិច្ច និង​ថា អាជ្ញាធរ​ចិន​បាន​និយាយ​ធានា​យ៉ាងច្បាស់​ពី​សន្តិសុខ សុវត្ថិភាព​របស់​ជនជាតិអ៊ុយហ្គួរ ដែលត្រលប់​ចូលប្រទេស​វិញ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com

Other