វត្តមានអន្ដរជាតិទស្សនាការប្រកួតអន្ដរក្លិបច្រើន បង្ហាញពីភាពវិជ្ជមាននៃការផ្សព្វផ្សាយប្រដាល់សកល
- ថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:៥៩ នាទី យប់

ការប្រកួតប្រដាល់អន្ដរក្លិប រូបពី NOCC
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា សហការជាមួយ Interclub បានរៀបចំការប្រកួតប្រដាល់អន្ដរក្លិប នៅថ្ងៃទី១៥ មីនា នៅ Factory Phnom Penh សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ព្រឹត្តិការណ៍នេះ មានអ្នកទស្សនា ជាអន្ដរជាតិច្រើន ទោះជាការប្រកួតនេះ ត្រូវបានរៀបចំឲ្យមានការលក់សំបុត្រចូលរួមទស្សនា ក៏ដោយ។ លោក ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា មានសុទិដ្ឋិនិយមថា ការគាំទ្រច្រើនពីអ្នកទស្សនា ដែលជាជនបរទេស បានផ្ដល់ផលវិជ្ជមានដល់ការផ្សព្វផ្សាយ និងការរៀបចំកីឡានេះ ទាំងថ្នាក់ជាតិ និងកម្រិតអន្ដរជាតិ។

ព្រឹត្តិការណ៍ប្រកួតប្រដាល់អន្ដរក្លិប កាលពីថ្ងៃទី១៥ មីនា ត្រូវបានរៀបចំឲ្យមានការលក់សំបុត្រចូលរួមទស្សនាផ្ទាល់។ តម្លៃសំបុត្រនោះ ក្នុងមួយនាក់ ១០ដុល្លារ និងតម្លៃ១៥ដុល្លារ។ ភាគច្រើននៃអ្នកទស្សនា គឺជាជនបរទេស។ វត្តមានជនបរទេសទាំងនោះ បានផ្ដល់ផលវិជ្ជមានដល់វិស័យកីឡាប្រដាល់សកលនៅកម្ពុជា។

ការប្រកួតអន្ដរក្លិប រូបពី NOCC
លោក ប៊ុយ សុភ័ណ្ឌ មានសុទិដ្ឋិនិយមថា ការគាំទ្រច្រើនពីអន្ដរជាតិ គឺជាការបំផុស និងផ្សព្វផ្សាយកីឡាប្រដាល់សកល ហើយក៏ជំរុញឲ្យមានការរៀបចំការប្រកួតជាលក្ខណៈជាតិ និងអន្ដរជាតិ ឱ្យទទួលបានជោគជ័យថែមទៀត។
ប្រធានសហព័ន្ធរូបនេះ បាននិយាយថា៖«នេះ គឺជារឿងល្អសម្រាប់សហព័ន្ធ និងសម្រាប់ការផ្សព្វផ្សាយប្រភេទកីឡាប្រដាល់សកលស្ម័គ្រចិត្ត និងប្រភេទកីឡាប្រដាល់សកលអាជីព។យើង សង្កេតឃើញថាមានការគាំទ្រច្រើន ជាពិសេសសម្បូរទៅដោយអ្នកគាំទ្រជាជនជាតិបរទេស ដែលមើលទៅជាការបំផុសនូវចលនា នៃកីឡារបស់យើង។ នេះ គឺជារឿងល្អ ដែលសហព័ន្ធអាណត្តិថ្មីនេះ ក្នុងចាប់ផ្ដើមសហការជាមួយបណ្ដាក្លិប ក៏ដូចជាម្ចាស់កម្មវិធីតែម្ដង ដើម្បីបំផុសឲ្យមានការប្រកួតកាន់តែច្រើន សម្រាប់កីឡាករ-កីឡាការិនី ដើម្បីឈានទៅការប្រកួតកម្រិតថ្នាក់ជាតិ ក៏ដូចជាកម្រិតអន្ដរជាតិ ផងដែរ។»។

អ្នកចូលរួមទស្សនាការប្រកួតអន្ដរក្លិប
ការប្រកួតនេះ មាន ការប្រកួតជាលក្ខណៈប្រដាល់សកលស្ម័គ្រចិត្ត ចំនួន៣គូ និង បែបអាជីព១គូ។ ចំពោះប្រកួតលក្ខណៈអាជីព កីឡាករ Anvar Nasredinov កីឡាករប្រដាល់សកលកម្ពុជា ដែលជា ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម លើកទី៣២ បានយកឈ្នះកីឡាករមកពីប្រទេសនីហ្សេរីយ៉ា ដោយពិន្ទុ។
អត្ថបទទាក់ទង
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: