របួសធ្ងន់៣ ស្រាល២ នៅក្នុងហេតុការណ៍ខ្យល់កន្រ្តាក់នៅសៀមរាបល្ងាចនេះ
- ថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:២៥ នាទី ល្ងាច

ដើមឈើដួលសង្កត់ថ្មប្រាសាទបន្ទាយស្រី។ រូបភាព៖ អាជ្ញាធរជាតិអប្សរា
សៀមរាប៖ ខ្យល់កន្រ្តាក់បានកើតឡើងភ្លាមៗនៅរសៀលម៉ោង ៥ ថ្ងៃទី១៦ មីនានេះ ដែលបណ្ដាលឱ្យមនុស្ស ៣នាក់របួសធ្ងន់ និងរបួសស្រាល២នាក់ ព្រមទាំងដើមឈើតូចធំជាច្រើននៅតាមប្រាសាទបានដួលរលំ។

អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា មានមនុស្ស៣នាក់រងរបួសធ្ងន់ ដែលបច្ចុប្បន្នបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និង២នាក់ទៀតរបួសស្រាល។ លោក វណ្ណៈ បញ្ជាក់ថា អ្នករងរបួសធ្ងន់២នាក់ ត្រូវបានដើមឈើដួលសង្កត់ស្ថិតនៅលើកំណាត់ផ្លូវកៅស៊ូចូលប្រាសាទបាគង ក្នុងស្រុកប្រាសាទបាគង និងមួយនាក់ទៀត នៅស្រុកពួក។
តាមមន្រ្តីរដ្ឋបាលខេត្តសៀមរាបដដែល ខ្យល់កន្រ្តាក់ខាងលើនេះបានប៉ះពាល់មួយផ្នែកធំនៅក្នុងខេត្តសៀមរាប រួមមានក្រុងសៀមរាប ស្រុកពួក ស្រុកបន្ទាយស្រី និងក្រុងរុនតាឯកជាដើម។ បច្ចុប្បន្ន អាជ្ញាធរមិនទាន់កំណត់ពីទំហំនៃផលប៉ះពាល់បាននៅឡើយ។
ចំណែកអាជ្ញាធរជាតិអប្សរា ភ្លាមៗក៏បានជូនដំណឹងពីគ្រោះមហន្តរាយធម្មជាតិនេះផងដែរ។ តាមរយៈរូបភាពច្រើនសន្លឹកដែលបង្ហោះផ្សាយនៅលើទំព័រហ្វេសបុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា គេឃើញមានដើមឈើតូចធំ បានដួលកាត់ផ្លូវ ខ្លះសង្កត់ថ្មប្រាសាទជាដើម ដូចជានៅប្រាសាទអង្គរវត្ត បាយ័ន កសិន្ធុអង្គរវត្ត និងប្រាសាទបន្ទាយស្រី ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: