រដ្ឋមន្ត្រីការបរទេស តូហ្គោ នឹងមកទស្សនកិច្ចកម្ពុជា៣ថ្ងៃ
- ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១១:៣៩ នាទី ព្រឹក

លោក Robert Dussey រដ្ឋមន្ត្រីក្រសួងការបរទេស សមហរណកម្មតំបន់ និងប្រជាជនតូហ្គោនៅបរទេស នៃសាធារណរដ្ឋតូហ្គោ។ រូបពី ក្រសួងព័ត៌មាន
ភ្នំពេញ៖ លោក Robert Dussey រដ្ឋមន្ត្រីក្រសួងការបរទេស សមហរណកម្មតំបន់ និងប្រជាជនតូហ្គោនៅបរទេស នៃសាធារណរដ្ឋតូហ្គោ នឹងមកទស្សនកិច្ចនៅកម្ពុជា ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់២០មីនា។ មន្ត្រីតូហ្គោរូបនេះ នឹងជួបសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីកម្ពុជាផ្សេងផងដែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតាមការអញ្ជើញរបស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស។ រដ្ឋមន្ត្រីទាំងពីរ នឹងជួបពិភាក្សាគ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ផ្ដល់ផលប្រយោជន៍សម្រាប់គ្នា ពិសេសសម្រាប់ពលរដ្ឋទាំងពីរ។
អំឡុងពេលទស្សនកិច្ចនៅរាជធានីភ្នំពេញ រដ្ឋមន្ត្រីក្រសួងការបរទេសតូហ្គោ ក៏មានជំនួបដាច់ដោយឡែក សម្ដែងការគួរសមជាមួយសម្ដេច ហ៊ុន ម៉ាណែត រួមទាំងមន្ត្រីជាក់ខ្ពស់កម្ពុជាផ្សេងទៀតដែរ។
សូមជម្រាបថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងស្របពេលប្រទេសទាំងពីរ ប្រារព្វខួបលើកទី១៥ នៃការបង្កើតទំនាក់ទំនងការទូត។ ហេតុនេះ ទើបភាគីកម្ពុជាចាត់ទុកជាឱកាសល្អសម្រាប់ប្រទេសទាំងពីរ ក្នុងការស្វែងយល់ពីវិស័យនានា ដែលមានសក្តានុពល សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: