លោក Amorim ចាប់ផ្តើមឃើញភាពរីកចម្រើនរបស់កូនក្រុម Man Utd
- ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១:៥៩ នាទី រសៀល

លោក Ruben Amorim អ្នកចាត់ការក្រុម Manchester United ចាប់ផ្តើមឃើញភាពរីកចម្រើនកូនក្រុម ក្រោយពួកគេជួយក្រុមឈ្នះ Leicester City ៣-០ ក្នុងជំនួបក្របខណ្ឌ Premier League ថ្ងៃទី១៦ មីនា។

ក្លិបរហស្សនាមបិសាចក្រហម បានធ្វើដំណើរទៅកាន់ការប្រកួតក្នុងកីឡដ្ឋាន King Power ហើយដណ្តើមបាន ៣ពិន្ទុ បន្ទាប់ពីក្រុមឆ្លងកាត់ការប្រកួតចំនួន ២៨លើក នៅលីគកំពូលអង់គ្លេសរកឃើញជ័យជម្នះតិចតួចបំផុត។
គ្រាប់បាល់រកបានពី Rasmus Hojlund, Alejandro Garnacho និង Bruno Fernandes បានផ្តល់ភាពរីករាយទៅកាន់ក្រុមអ្នកគាំទ្រ Man Utd ដែលទើបនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងម្ចាស់ក្លិប ចំពោះបញ្ហាធ្លាក់ទម្រង់លេង និងបញ្ហាផ្ទៃក្នុងក្លិប ដែលកាត់បុគ្គលិក និងវិបត្តិហិរញ្ញវត្ថុ។
ក្រោយពីចប់ការប្រកួត អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ បាននិយាយដូច្នេះថា៖«ខ្ញុំគិតថាការបង្ហាញទម្រង់លេងរបស់ពួកគេ គឺកំពុងតែរីកចម្រើន ហើយនៅពេលអ្នកកំពុងមានទម្រង់លេងល្អ នោះនិងមានលទ្ធផលមកដល់។ ជួនកាលលទ្ធផលក៏មិនតែងតែកើតចេញពីទម្រង់លេងដ៏ល្អខ្លាំងពេកនោះទេ តែរឿងសំខាន់នោះគឺអ្នកមានអារម្មណ៍រីករាយចំពោះទម្រង់លេងនោះ។ ខ្ញុំចាប់ផ្តើមមើលឃើញពីភាពរីកចម្រើនក្នុងក្រុម ជាពិសេសនៅថ្ងៃនេះ ក្រុមអាចរកឃើញផ្លូវដណ្តើមជ័យជម្នះ។ នេះជាសញ្ញាល្អ។»។
គ្រាប់បាល់កើតចេញពី Hojlund រួមគ្នាជាមួយនឹងខ្សែប្រយុទ្ធស្លាប Alejandro Garnacho គឺជាគ្រាប់បាល់ទទួលបានការសរសើរពីសំណាក់អ្នកចាត់ការវ័យ ៤០ឆ្នាំ។ ខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាក Hojlund រកបានគ្រាប់ដំបូង ចាប់តាំងពីការប្រកួត ២២លើករាល់គ្រប់ពានរង្វាន់ទាំងអស់ រូបគេរកបានគ្រាប់បាល់ទាល់តែសោះ។ ចំណែក Garnacho ក៏រកបានគ្រាប់បាល់ជាលើកទី២ នៅការប្រកួតចំនួន ២៤លើក។
Man Utd កើនមួយដំណាក់ឡើងទៅកាន់លេខ ១៣ នៅលើតារាងក្របខណ្ឌ Premier League ដោយរកបាន ៣៧ពិន្ទុ ពីការប្រកួតចំនួន ២៩លើក។ ការប្រកួតបន្ទាប់របស់ Man Utd នឹងត្រូវចាប់ផ្តើមឡើងវិញ នៅថ្ងៃទី២ ខែមេសា ដោយត្រូវតទល់ក្រុម Nottingham Forest ជំនួបក្របខណ្ឌ Premier League៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: