លោកត្រាំ នឹងជជែកជាមួយលោក ពូទីន ពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន
  • ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ២:៥៩ នាទី រសៀល
លោកត្រាំ នឹងជជែកជាមួយលោក ពូទីន ពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន
លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ។ រូបភាព X_The White House

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី១៦ ខែមីនា នឹងជជែកជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន លើប្រធានបទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ បើតាមលោក ត្រាំ កិច្ចសន្ទនានោះ នឹងបង្ហាញឱ្យឃើញ ថាតើអាម៉េរិក អាចបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ឬយ៉ាងណា។
TTN-Free-Banner-In-Article-PC


មួយរយៈចុងក្រោយ រដ្ឋបាលអាម៉េរិករបស់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានខិតខំយ៉ាងខ្លាំង ក្នុងការស្វែងរកបទឈប់បាញ់សម្រាប់សង្រ្គាមនៅអ៊ុយក្រែន ដែលបានអូសបន្លាយជាង ៣ឆ្នាំ។ នៅថ្ងៃទី១៨ ខែមីនា លោក ត្រាំ នឹងជជែកជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពីការបញ្ចប់សង្រ្គាម។ 

«យើងនឹងឃើញ ថាតើយើងអាចមានព័ត៌មានពិសេសក្នុងការប្រកាសឬយ៉ាងណា នៅត្រឹមថ្ងៃទី១៨ ខែមីនា»។ លោក ត្រាំ បានបញ្ជាក់បែបនេះ ទៅកាន់អ្នកសារព័ត៌មានពីលើយន្តហោះ Air Force One ដែលធ្វើដំណើរចេញពីរដ្ឋ Florida ទៅក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១៦ ខែមីនា។ បើតាមលោក ត្រាំ ការងារជាច្រើន ត្រូវបានបញ្ចប់នៅពេលចុងសប្តាហ៍ ហើយអាម៉េរិកចង់ឃើញ ថាតើសង្រ្គាមអាចត្រូវបានបញ្ចប់ឬទេ។ 

លោក ត្រាំ បានព្យាយាមជំរុញឱ្យលោក ពូទីន ទទួលយកបទឈប់បាញ់រយៈពេល ៣០ថ្ងៃ ដោយបទឈប់បាញ់នោះ ត្រូវអនុវត្តលើដែនអាកាស ដែនទឹក និងការដោះដូរអ្នកទោស។ មិនតែប៉ុណ្ណោះ មេដឹកនាំរូបនេះ បានស្នើឱ្យលោក ពូទីន ទុកជីវិតដល់កងទ័ពអ៊ុយក្រែន ដែលកំពុងប្រយុទ្ធនៅតំបន់ Kursk ដែលស្ថិតនៅភាគខាងលិចរុស្ស៊ី។ យ៉ាងណាមិញ លោក ពូទីន បានដាក់លក្ខខណ្ឌឱ្យកងទ័ពអ៊ុយក្រែន ទម្លាក់អាវុធចុះចាញ់ បើចង់មានជីវិតរស់។ 

ក្នុងកិច្ចពិភាក្សាថ្ងៃទី១៨ ខែមីនា លោក ត្រាំ អាចនឹងលើកពីប្រធានបទការគ្រប់គ្រងដែនដីក្នុងសង្រ្គាម រួមទាំងរោងចក្រថាមពលផងដែរ។ ទន្ទឹមនេះ លោកប្រធានាធិបតីអាម៉េរិក បានព្រមានថា លុះត្រាតែមានបទឈប់បាញ់ បើមិនដូចនោះទេ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែអាចធ្លាក់ចូលទៅក្នុងសង្រ្គាមលោកលើកទីបី៕

អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ