ប្រឡងរើសមន្រ្តី៖ លោក ហ៊ុន ម៉ានី ជឿលើឆន្ទៈ និងទំនួលខុសត្រូវរបស់មន្រ្តីក្រសួងមុខងារ ដែលធានាសុក្រឹតភាព
- ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៣:៣៦ នាទី រសៀល

លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។ រូបភាព៖ក្រសួងមុខងារសាធារណៈ។
ភ្នំពេញ៖ «ការងាររបស់យើងមិនល្អឥតខ្ចោះទេ តែខ្ញុំជឿជាក់ទៅលើឆន្ទៈ ភាពទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ក្នុងការអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ការទទួលខុសត្រូវ ហើយធានាសុក្រឹតភាពនៃការប្រឡងប្រជែង»។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក្នុងវិបស្សនាបូកសរុប និងកែលម្អប្រព័ន្ធប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារនៅតាមក្រសួង ស្ថាប័ន កាលពីថ្ងៃទី១៥ មីនា។

រយៈពេលជាង១ឆ្នាំមកនេះ ក្រសួងមុខងារសាធារណៈ សេនាធិការរបស់រដ្ឋាភិបាល បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការឱ្យចូលបម្រើការងារនៅតាមក្រសួង ស្ថាប័ននានាជាហូរហែ ដែលជាការដាក់ចេញនូវវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។ ជាលទ្ធផល ក្រសួងមុខងារសាធារណៈ បានជ្រើសរើសមន្រ្តីដែលមានគុណភាព ឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។
លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល មានប្រសាសន៍ថា៖«ពិតណាស់ រយៈពេល ១៥ខែកន្លងមក ប្រសិនបើគ្មានការមូលមតិគ្នា និងកៀកកិតនឹងគ្នានោះទេ និងការអនុវត្តការងារដោយមានភាពទទួលខុសត្រូវខ្ពស់ ប្រកបដោយវិជ្ជាជីវៈទេ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ក៏ការកែទម្រង់មិនអាចទៅមុខរួចដែរ»។

រូបភាព៖ក្រសួងមុខងារសាធារណៈ។
សម្រាប់លោកឧបនាយករដ្ឋមន្រ្តី និយាមនីតិប្រតិបត្តិ ដែលបានអនុវត្តរយៈពេល ១៥ខែមកនេះ មិនល្អឥតខ្ចោះនោះទេ ប៉ុន្តែលោកជឿជាក់ទៅលើឆន្ទៈ ភាពទទួលខុសត្រូវរបស់មន្រ្តី ដែលជាថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ក្នុងការប្រតិបត្តិ អនុវត្តដោយទទួលខុសត្រូវ និងការផ្តល់ភាពសុក្រឹតនៃការប្រឡង។
«មកដល់ពេលនេះ យើងអនុវត្តបានដោយជោគជ័យ រយៈពេល ១៥ខែ ដោយសារចិត្តមួយថ្លើមមួយ នឹងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងគ្រប់ភាគីនៃមុខងារសាធារណៈរបស់យើង»។ លោក ហ៊ុន ម៉ានី ថ្លែងបន្ថែមដូច្នេះ ដោយបន្តជំរុញដល់មន្រ្តីក្តាប់ឱ្យជាប់ពីគោលជំហរ និងបេសកកម្មរួមដ៏ធំ គឺការចូលរួមប្រែក្លាយចក្ខុវិស័យរបស់សម្ដេចនាយករដ្ឋមន្រ្តីឱ្យក្លាយជាសមិទ្ធកម្មជាក់លាក់។

រូបភាព៖ក្រសួងមុខងារសាធារណៈ។
ជាថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី ចាត់ទុកការប្រឡងប្រជែងមន្ត្រីរាជការស៊ីវិល ជារឿងសារៈសំខាន់។ បើតាមលោក ហ៊ុន ម៉ានី ការប្រឡងប្រជែងនីមួយៗ ជាឱកាសឱ្យមន្ត្រីរបស់ក្រសួងមុខងារសាធារណៈ ចូលរួមក្នុងការអនុវត្តវិធានការគន្លឹះទី១ របស់រាជរដ្ឋាភិបាល។
បើទោះបីកិច្ចការងារក្រសួងមុខងារសាធារណៈមានច្រើន ក្រសួងបានបែងចែកធនធាន សម្រាប់គាំទ្រដល់កិច្ចការងារវិភាគមុខងារ និងកិច្ចការងារផ្សេងៗមួយចំនួនបន្ថែមទៀតផងដែរ។ សូមបញ្ជាក់ថា ដើម្បីអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ បានដឹកនាំការអនុវត្តវិធានការគន្លឹះចំនួន៣ គឺការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារក្នុងរដ្ឋបាលសាធារណៈ, ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ និងការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: