អត្ដពលិកចូលប្រកួតហែលទឹកកើនទ្វេដង ខណៈសហព័ន្ធកីឡានេះ សម្លឹងរកធនធានថ្នាលសម្រាប់ឆ្នាំ២០២៩
- ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៤:០៤ នាទី រសៀល

ការប្រកួតហែលទឹក និងហែលទឹកជើងទាជ្រើសជើងឯកយុវជន រូបពីសហព័ន្ធខ្មែរកីឡាហែលទឹក
សហព័ន្ធខ្មែរកីឡាហែលទឹក បានរៀបចំការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៧ កាលពីថ្ងៃទី១៥ មីនា នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បញ្ជាក់ថា ចំនួនអត្ដពលិកចូលរួមប្រកួតកើនឡើងទ្វេដង ខណៈ ក្រសួងអបរំ និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន ជំរុញឲ្យសហព័ន្ធ សម្លឹងរកធនធានថ្នាល ត្រៀមខ្លួនសម្រាប់ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី។

អត្ដពលិកមានចំនួន១៩០នាក់ មកពី៣៥ សមាគម ក្លិប និងសាលាអន្ដរជាតិឯកជន បានចូលរួមប្រកួតហែលទឹក និងហែលទឹកពាក់ជើងទា ជើងឯកយុវជនលើកទី៧ កាលពីថ្ងៃទី១៥ ខែមីនា។ ចំនួនអត្តពលិកចូលរួមនេះ កើនឡើងទ្វេដង ធៀបនឹងឆ្នាំកន្លងៗមកដែលមានត្រឹម ៩០-១០០នាក់ ខណៈចំនួនក្លិប និងសមាគម មានប្រមាណ ១០ប៉ុណ្ណោះ។ នេះបើតាម លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក។
លោក ហែម គិរី ពន្យល់ថា គឺការបើកទូលាយឲ្យកុមាខ្មែរ និងបរទេសអាចចូលរួមប្រកួត គឺជាមូលហេតុចម្បងមួយដែលនាំឱ្យមានកំណើនអត្ដពលិកចូលរួមនៅឆ្នាំនេះ។
លោក ហែម គិរី កត់សម្គាល់ថា ការចូលរួមពីកុមារ ដែលមានវ័យចាប់ពី ៧ឆ្នាំឡើងនេះ មានសារសំខាន់សម្រាប់កុមារទាំងនោះ ព្រមទាំងសហព័ន្ធផងដែរ។ លោក គិរី ពន្យល់ថា កុមារនឹងមានមូលដ្ឋានគ្រឹះនៃការហែលទឹក យល់ដឹងពីរបៀបរបបនៃការប្រកួត ព្រមទាំងបទពិសោធន៍ប្រកួតជាក់ស្ដែង។ ចំណុច ទាំងអស់នេះ នឹងជំរុញឲ្យកុមារ ឈានទៅរកកម្រិតខ្ពស់ នាពេលអនាគត ជាពិសេសនៅពេលពួកគេខ្លាចជាកីឡាករ-កីឡាការិនីជម្រើសជាតិ។

ការប្រកួតហែលទឹក និងហែលទឹកជើងទាជ្រើសជើងឯកយុវជន រូបពីសហព័ន្ធខ្មែរកីឡាហែលទឹក
អគ្គលេខាធិការរូបនេះ បាននិយាយថា៖ «អ្វីដែលជាការកត់សម្គាល់ខ្លាំងសម្រាប់ខ្ញុំនោះ គឺការងារបច្ចេកទេស។ កុមារា-កុមារី ដែលមានអាយុចាប់ពី ៧ឆ្នាំឡើងមកនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ឲ្យពួកគាត់ ចាប់ផ្ដើមយល់ពីរបៀបរបបនៃការប្រកួត ហើយក៏មានបទពិសោធនៃការប្រកួត ហើយក៏ជំរុញឲ្យពួកគាត់ឈានទៅរកកម្រិតខ្ពស់បន្ដទៀត។ អ្វីដែលយើងនេះ កម្រិតនៃអាយុនេះ គឺនៅមានតិចនៅឡើយ។ យើង នឹងធ្វើឲ្យមានកម្រិតអាយុកាន់តែច្រើន និងវិញ្ញាសាឲ្យកាន់តែច្រើន។»។
ការចូលរួមពីកុមារ និងធនធានថ្នាលទាំងនោះ នឹងផ្ដល់ផលវិជ្ជមានដល់សហព័ន្ធ ដែលកំពុងសម្លឹងមើលធនធានថ្នាល ដើម្បីត្រៀមសម្រាប់ការធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍យុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩។ «ចក្ខុវិស័យរបស់យើង គឺយើងចង់រុញការប្រកួតនេះ ឲ្យទៅជាការប្រកួតមួយដ៏សំខាន់ដើម្បីពិនិត្យលើសមាសមភាពកីឡាករ-កីឡាការិនី ដែលជាគោលដៅសម្រាប់ឆ្នាំ២០២៩ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី។ ហើយវិញ្ញាសាកីឡាហែលទឹក ដាច់ខាត គឺត្រូវតែមាន។ យើងមិនអាចឱបដៃរហូតដល់ពេលប្រកួត ទើបយើងរៀបចំទេ។ នេះ គឺជាចំណុចចាប់ផ្ដើមរបស់យើង សម្រាប់ឆ្នាំ២០២៩។»។ លោក ហែម គិរី បន្ថែមដូច្នេះ៕

ការប្រកួតហែលទឹក និងហែលទឹកជើងទាជ្រើសជើងឯកយុវជន រូបពីសហព័ន្ធខ្មែរកីឡាហែលទឹក
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: